កំពង់ស្ពឺៈប្រជាសហគមន៍ភូមិសុរិយានៃឃុំតាសាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអះអាងថា បទល្មើសដាក់អន្ទាក់នៅតែបន្តកើតមានគួរឱ្យព្រួយបារម្ភនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជាពិសេសនៅក្នុងតំបន់ភ្នំធំ និងខ្នងវាល។
តំណាងប្រជាសហគមន៍ភូមិសុរិយា លោក វី រ៉ាន់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អន្ទាក់ជាង ២០០ គ្រឿង ត្រូវបានប្រជាសហគមន៍របស់លោក រួមសហការជាមួយក្រុមឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចុះស្រាវជ្រាវ និងដោះបានជារៀងរាល់ខែ។ ក្នុងនោះក៏មានសត្វព្រៃមួយចំនួនបានងាប់ដោយការជាប់អន្ទាក់ទៀតផង។
លោក វី រ៉ាន់ បានឱ្យដឹងថា៖ «ប្រជាសហគមន៍ក្នុងភូមិសុរិយាយើងខ្ញុំយល់ថា អន្ទាក់ គឺជាឃាតករសម្លាប់សត្វព្រៃដ៏ស្ងៀមស្ងាត់»។
បើតាមលោក វី រ៉ាន់ តំបន់ភ្នំធំ និងខ្នងវាល គឺជាជម្រកសត្វព្រៃនិងជាតំបន់ដែលមានរុក្ខជាតិគ្រប់ប្រភេទដ៏សម្បូរបែប។ ក្នុងនោះក៏មានសត្វកម្រជាច្រើនប្រភេទផងដែរ ដូចជា សត្វខ្ទីង ទន្សោង ខ្លាឃ្មុំ ខ្លាត្រី ដំរី ឈ្លូស ស្វាព្រាម និងសត្វក្ងោក ព្រមទាំងមានដើមឈើធំៗនិងជីវចម្រុះគ្រប់ប្រភេទ ហើយក៏ជាទីទាក់ទាញនៃក្រុមទេសចរធម្មជាតិ ព្រៃភ្នំផងដែរ។
ទោះជាយ៉ាងណាក្ដី លោកបានថ្លែងថា វត្តមាននៃអន្ទាក់បានធ្វើឱ្យសត្វព្រៃដ៏កម្រមួយចំនួនត្រូវងាប់ហើយខ្លះទៀតត្រូវពិការ បន្ទាប់ពីរួចពីអន្ទាក់ដោយមានរបួសធ្ងន់ធ្ងរ ព្រោះអន្ទាក់ខ្លះត្រូវបានគេសាងឡើងពីខ្សែហ្វ្រាំងកង់ ខ្សែនីឡុង និងខ្សែលួសដោយមានភ្ជាប់ឧបករណ៍ឆក់ដែលអាចសម្លាប់សត្វព្រៃគ្រប់ប្រភេទបានដោយងាយ។
លោក វី រ៉ាន់ ដែលមានតួនាទីជាអ្នកដឹកនាំផ្លូវភ្ញៀវទេសចរធម្មជាតិព្រៃភ្នំ ដើរកម្សាន្តបោះតង់នៅតំបន់ខ្នងវាល ភ្នំធំ និងតំបន់ផ្សេងៗទៀតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់និងជួរភ្នំក្រវាញកណ្ដាលផងនោះបានសម្ដែងក្ដីព្រួយកង្វល់ជាខ្លាំងជុំវិញបញ្ហាអន្ទាក់សត្វព្រៃនេះ។
លោកថ្លែងថា៖ «សត្វព្រៃក្នុងដែនជម្រកទាំងអស់នឹងត្រូវងាប់ផុតពូជ ប្រសិនបើអន្ទាក់នៅតែបន្តមានវត្តមានដ៏អាថ៌កំបាំងនៅក្នុងតំបន់ដែនជម្រកសត្វព្រៃរបស់យើង។ ហេតុនេះហើយទើបប្រជាសហគមន៍ភូមិសុរិយាយើងខ្ញុំត្រូវចូលរួមជាមួយក្រុមឧទ្យានុរក្ស ដើម្បីស្រាវជ្រាវនិងដោះអន្ទាក់សត្វព្រៃទាំងនោះ»។
ប្រជាសហគមន៍ភូមិសុរិយាម្នាក់ទៀត អ្នកស្រី ខុន ឆៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រៅពីបទល្មើសអន្ទាក់ នៅមានបទល្មើសព្រៃឈើផងដែរនៅក្នុងតំបន់ភ្នំធំ និងខ្នងវាល។ដោយសារព្រៃនៅក្នុងតំបន់នោះមានចម្ងាយឆ្ងាយពីសហគមន៍ ដូច្នេះការចុះល្បាតបង្ក្រាបបទល្មើសមិនត្រូវបានធ្វើឡើងជាញឹកញាប់ទេ។
ម្យ៉ាងទៀតសហគមន៍ក៏មិនមានថវិកាគ្រប់គ្រាន់សម្រាប់ការចុះល្បាតឱ្យបានទៀងទាត់ដែរ ពោលគឺក្នុងរយៈពេល ២ ខែ ក្រុមសហគមន៍បាននាំគ្នាចុះល្បាតព្រៃបានតែ៣លើកប៉ុណ្ណោះ ដោយក្នុង ១ លើកប្រើរយៈពេល២យប់៣ថ្ងៃ និងដោយមានការគាំទ្រជំនួយថវិកា និងស្បៀងអាហារពីក្រុមមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
អ្នកស្រី ខុន ឆៃ បាននិយាយថា៖ «កាលពីមុនមិនសូវមានបទល្មើសអន្ទាក់ច្រើនបែបហ្នឹងទេ ហើយបទល្មើសព្រៃឈើក៏មិនសូវមានដែរ តែឥឡូវនេះមានបទល្មើសទាំងនេះកើតមានច្រើនណាស់។ ពេលពួកយើងចុះល្បាតព្រៃជាមួយក្រុមឧទ្យានុរក្សម្ដងៗ រកឃើញនិងដោះអន្ទាក់បានរាប់រយ អន្ទាក់ខ្លះជាប់សត្វព្រៃឡើងងាប់ហើមស្អុយទៀតផង»។
បើតាមអ្នកស្រី ខុន ឆៃ សត្វព្រៃដែលងាប់ដោយជាប់អន្ទាក់ព្រានព្រៃនៅចំណុចជើងភ្នំធំ និងខ្នងវាលនាពេលកន្លងមកនោះមានដូចជា សត្វខ្ទីង ខ្លាឃ្មុំ និងជ្រូកព្រៃជាដើម។ ចំណែកប្រភេទដើមឈើដែលត្រូវបានក្រុមជនប្រព្រឹត្តបទល្មើសលួចកាប់នោះ ភាគច្រើនជាដើមរាជកុល គគីរ ផ្ចឹក និងសុក្រំ។
ជុំវិញករណីនេះលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថ្មីៗនេះថា ការបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសអន្ទាក់សត្វព្រៃ គឺមិនងាយស្រួលនោះទេហើយវាក៏មិនមែនជាតួនាទី និងកាតព្វកិច្ចផ្ដាច់មុខរបស់ក្រុមឧទ្យានុរក្សនៃក្រសួងបរិស្ថានដែរ។
លោកបានបន្តថា ការងារនេះវាទាមទារឱ្យមានការចូលរួមសហការរាយការណ៍ ឬផ្ដល់ដំណឹងអំពីបទល្មើសនិងទីតាំងនៃបទល្មើសឱ្យបានជាក់លាក់ និងទាន់ពេលវេលាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសពីអាជ្ញាធរ និងប្រជាសហគមន៍មូលដ្ឋានផ្ទាល់តែម្ដង។
លោកថ្លែងថា៖ «ការចូលរួមពីអាជ្ញាធរ និងប្រជាសហគមន៍មូលដ្ឋាន គឺមានភាពសំខាន់ណាស់ ក្នុងការទប់ស្កាត់បទល្មើសអន្ទាក់ដ៏មហន្តរាយនៃសត្វព្រៃរបស់យើង កុំឱ្យកើតមាន»។
បើតាមលោក ម៉ារ៉ា នៅចុងខែវិច្ឆិកានេះ លោកនឹងដឹកនាំកម្លាំងឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចុះសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងប្រជាសហគមន៍មួយចំនួនទៀតដើម្បីចេញល្បាតស្រាវជ្រាវ និងបង្ក្រាបបទល្មើសអន្ទាក់ និងធនធានធម្មជាតិ នៅក្នុងតំបន់ខ្នងវាល និងភ្នំធំ រួមទាំងតំបន់ផ្សេងទៀត ដែលស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងរយៈពេល ១ សប្ដាហ៍។
គិតជាមធ្យម មានអន្ទាក់ជាង ៤ ម៉ឺនអន្ទាក់ ក្នុង ១ ឆ្នាំៗ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិ ដែលចំនួននេះប្រហែល២០ភាគរយប៉ុណ្ណោះក្នុងចំណោមអន្ទាក់ដែលជនល្មើសបានដាក់ពង្រាយនៅក្នុងតំបន់ការពារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានដែលត្រូវបានផ្សព្វផ្សាយកាលពីដើមខែមីនា ក្នុងយុទ្ធនាការអន្ទាក់សូន្យ។
របាយការណ៍បានបង្ហាញថា នៅអំឡុងឆ្នាំ ២០២១ អន្ទាក់ចំនួនជាង ៦ ម៉ឺនអន្ទាក់ (៦១ ៦១១) ត្រូវមន្ត្រីឧទ្យានុរក្សនិងប្រជាសហគមន៍តំបន់ការពារធម្មជាតិដោះចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះទាំង ៧៦ កន្លែងនៅកម្ពុជា។
អន្ទាក់ទាំងនោះរួមមាន អន្ទាក់ឆក់ប្រើអគ្គិសនី អន្ទាក់អង្គប់ដែកវាយបំបាក់ស្មងជើងសត្វ និងប្រភេទអន្ទាក់ផ្សេងៗទៀត។ រីឯកាំភ្លើងកែច្នៃ ក៏ជាផ្នែកមួយគំរាមកំហែងដល់សត្វព្រៃ ដែលមន្ត្រីជំនាញតែងតែរឹបអូសបានពីក្រុមជនល្មើសជាច្រើនករណី៕