ភ្នំពេញៈ ក្រសួងបរិស្ថាន​បានបង្ហាញ​មោទកភាព​ចំពោះ​ក្រុមការងារ​ស្រាវជ្រាវ​របស់​ក្រសួង ដែល​បាន​ខិតខំ​ប្រឹង​ប្រែងសិក្សា​ស្រាវជ្រាវ ប្រមូល​ចងក្រង​ទិន្នន័យ​ប្រភេទ​សត្វព្រៃ ដែលមាន​វត្តមាន នៅក្នុង​តំបន់​អភិរក្ស​ក្នុងប្រទេស​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការអភិរក្ស និង​សម្រាប់​ការយល់ដឹង​របស់​សាធារណជន​។​

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានថ្លែង​កាលពី​ថ្ងៃទី​ ២១ ខែវិច្ឆិកាថា សត្វព្រៃ​កម្រៗ​ចំនួន ២០ ប្រភេទ​ បង្ហាញ​វត្តមាន​នៅក្នុង​តំបន់​អភិរក្ស​ក្នុង​ខេត្តកោះកុង ដែល​ប្រភេទ​សត្វព្រៃ​កម្រៗ​ទាំងនោះ​រួមមាន​ទាំង​សត្វ​ពង្រូល ភេ​រោម​ច្រមុះ ឆ្កែព្រៃ ស្វា​ត្រោស ជ្រូកពោន ប្រើស​ស្បូវ សត្វព្រៃ ​ថនិកសត្វ និងបក្សី​ជាច្រើន​ទៀត​។​

ក្រសួងបរិស្ថាន បានឱ្យដឹងថា ទិន្នន័យ​ថ្មី​នៃ​វត្តមាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុងប្រទេសកម្ពុជា បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ប្រជា​សហគមន៍ ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ដៃគូ​ដែល​ធ្វើការ​ងារ​លើ​ផ្នែក​អភិរក្ស​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ​នៅ​កម្ពុជា​។​

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា៖ «​ក្រសួង​មាន​មោទកភាព​ចំពោះ​ក្រុមការងារ​ស្រាវជ្រាវ​ដែល​បាន​ខិតខំ​ប្រឹង​ប្រែងសិក្សា​ស្រាវជ្រាវ ប្រមូល​ចងក្រង​ទិន្នន័យ​ប្រភេទ​សត្វព្រៃ ដែលមាន​វត្តមាន នៅក្នុង​តំបន់​អភិរក្ស​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការអភិរក្ស និង​សម្រាប់​ការយល់​»​។​

អ្នកនាំពាក្យ​រូបនេះថ្លែងថា ទិន្នន័យ​នៃ​វត្តមាន​សត្វព្រៃ​ទាំងនេះ ត្រូវបាន​ក្រុមការងារ​នៃ​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​» សហការ​ជាមួយ​នាយកដ្ឋាន​អភិរក្ស​តំបន់ឆ្នេរ​និង​សមុទ្រ នៃ​អគ្គនាយកដ្ឋាន​តំបន់ ការពារ​ធម្មជាតិ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​សិក្សា​ស្រាវជ្រាវ ដោយបាន​ចុះ​ដោះ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ខេត្តកោះកុង​ចំនួន ៣៤ ទីតាំង​ ដោយ​ប្រើ​រយៈពេល៣ខែ ចាប់ពី​ថ្ងៃទី​ ៨ ខែសីហា ដល់​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ឆ្នាំ ​២០២២​។

លោក​ថា ក្រុមការងារ​បាន​ចុះ​ប្រមូល​ទិន្នន័យ​ពីថ្ងៃ​ទី ១៤ ដល់​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ហើយ​ជា​លទ្ធផល រកឃើញ​វត្តមាន​ប្រភេទ​សត្វព្រៃ​មាន​ដោយ​កម្រ និង​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រភេទ​ជិត​ផុត​ពូជ​ខ្លាំង ប្រភេទ​ជិត​គំរាមកំហែង ប្រភេទ​ជិត​ផុត​ពូជ ប្រភេទ​ងាយ​រងគ្រោះ ប្រភេទ​មានការ​ព្រួយបារម្ភ​តិច​តួច ក្នុង​បញ្ជី​ក្រហម IUCN ចំនួន ២០ ប្រភេទ និង​ប្រភេទ​ថនិកសត្វ និង​សត្វ​ស្លាប​ផ្សេងៗ​ជាច្រើន​ទៀត​។​

ប្រភេទ​សត្វ​កម្រៗ​ទាំងនោះ​រួមមាន ពង្រូល​ ភេ​រោម​ច្រមុះ​ ឆ្កែព្រៃ​ ស្វា​ត្រោស​ ​ស្វា​ក្តាម​ ​ខ្លាត្រី​ ជ្រូកពោន ឬ​ព្រុល​​ប្រើស​ស្បូវ​ ឆ្មា​ដាវ​ កំប្រុក​ពណ៌​ ប្រ​ម៉ា​ ឈ្លូស​ ​ក្តាន់​ញ៉ែង​តូច​ ​សំពោចក្រអូប​ ជ្រូកព្រៃ​ ត្រកួត​ កេងកង​តូច​ មាន់ទោ​ប្រាក់​ ក្រសារ​តូច សម្បក​ទំពាំង​ មាន់ព្រៃ​ និង​ប្រភេទ​ថនិកសត្វ បក្សី មួយចំនួនទៀត​។

ប្រភេទ​សត្វ​មួយចំនួន​ដែល​បាន​រកឃើញ​នៅពេលនេះ ក៏បាន​បង្ហាញ​វត្តមាន​នៅតាម​តំបន់ការពារធម្មជាតិ​ផ្សេងៗ​ទៀត​នៅ ក្នុងការ​សិក្សា​ស្រាវជ្រាវ​កន្លងមក​ផងដែរ​។​

លោក នេត្រ ភក្ត្រា ថ្លែង ​អរគុណ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ជំនាញ មន្ទីរ​បរិស្ថាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​មូលដ្ឋាន​នៃ​ខេត្តកោះកុង​គាំទ្រ ដោយ​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​នៃ​ក្រសួង​បរិ​ស្ថាន​សម្រួល​ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​។

លោក​បាន​ថ្លែងថា៖ «​រូបភាព​សត្វព្រៃ​ដែល​ថត​បាន​និង​ទិន្នន័យ​នានា​នឹងត្រូវ​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន ធ្វើការ​វិភាគ​ពីរ​បាយ​សត្វព្រៃ ស្ថានភាព​ទីជម្រក កត្តា​គំរាមកំហែង ដែលជា​កម្មវត្ថុ​ធ្វើ​បច្ចុប្បន្នភាព​តំបន់​គ្រប់គ្រង និង​ផែនការ​គ្រប់គ្រង ដែនជម្រកសត្វព្រៃ នៅក្នុង​ខេត្តកោះកុង​»៕