ព្រះសី​ហនុៈ រដ្ឋ​បាល​ខេត្ត​ព្រះសី​ហនុ បាន​បង្កើត​ក្រុម​ការងារ​គ្រប់​គ្រង​ត្រួត​ពិនិត្យ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅក្នុង​ក្រុង ក្រោយ​ពីពិនិត្យ​ឃើញ​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​នោះ ទទួល​រង​នូវការ​ខូច​ខាត​នៅ​តំបន់​មួយ​ចំនួន​។ ​

លោក បូរី វ​ង្ស​សានិត ប្រធាន​មន្ទីរ​សារណធាកា​រ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសី​ហនុ បាន​ឱ្យដឹង​ថា ក្រោយ​ពី​ការ​ប្រគល់-ទទួល​ផ្លូវ ៣៧​ ខ្សែក្នុង​ក្រុង​ព្រះសីហនុ ដែល​បាន​ប្រគល់​ឱ្យមន្ទីរ​សាធា​រណ​ការ និង​ដឹក​ជញ្ជូន​ជាអ្នក​គ្រប់គ្រង ឃើញ​ថា ​ផ្លូវ​មួយ​ចំនួន​ ត្រូវ​ធ្វើ​ការ​ជួស​ជុល​ឡើង​វិញ​។

លោក​បាន​ថ្លែង​ដូច​នេះ ក្នុង​កិច្ច​ប្រជុំ នាថ្ងៃ​ទី ២១ ខែវិច្ឆិកា ​ស្តី​ពី​ការត្រួត​ពិនិត្យ​សណ្តាប់​ធ្នាប់ អនា​ម័យ​បរិស្ថាន និង​កា​រចុះ​ពិនិត្យ​បទ​ល្មើស​ដែល​ធ្វើឱ្យខូច​ខាត​ទ្រូង​ផ្លូវ ខឿន​ផ្លូវ ការ៉ូឡា ក្រានីត​តាម​បណ្តោយ​ផ្លូវក្នុង​ក្រុង​ព្រះ​សីហនុ ដោយ​មាន​ការ​ចូល​រួម​ពីនាយក​រង​រដ្ឋ​បាល​សាលា​ខេត្ត នាយក នាយក​រង​ទីចា​ត់ការ​សាលា​ខេត្ត និង​ប្រធាន​មន្ទីរ​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​។

លោក ​បូរី វង្ស​សានិត មាន​ប្រសាសន៍​ថា ៖ «គិត​មក​ដល់​ខែ​កញ្ញា ឆ្នាំ​ ២០២២ ការ​ខូច​ខាត​ទ្រូង​ផ្លូវ ខឿន​ផ្លូវ ការ៉ូឡា ក្រានីត​តាម​បណ្តោយ​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហ​នុ មាន​រហូត​ដល់ ៦ ២០០​ ម៉ែត្រការ៉េ​ លើទី​តាំង​ចំនួន​ ៩៩៣ ទី​តាំង លើខ្សែ​ផ្លូវ​ចំនួន ២៦​ ខ្សែ ដោយ​ត្រូវ​ទាម​ទារ​ឱ្យក្រុម​ការងារ​ត្រូវ​ធ្វើការ ជួស​ជុលឡើង​វិញ ដើម្បី​បរិស្ថាន និង​សោភ​ណភាព​ក្រុង​ព្រះសី​ហនុ»។​

ជា​មួយ​គ្នានោះ​ដែរ លោក​ អ៊ី សុខ​ឡេង អភិបាល​រងខេត្ត​ព្រះសីហនុ ​បាន ឯកភាព​តាមការ​ណែនាំ​របស់​ក្រុម​​ការងារ បន្ទាប់​ពី​លោក​ទទួល​បាន​​របាយកា​រណ៍ និង​ការលើក​ឡើង​ពីមន្ត្រី​ជំនាញ​រួច​មក។

ជាមួយ​គ្នា​នេះ លោក​បាន​ធ្វើការ​ណែ​នាំ និង​ឯក​ភាព​ក្នុង​ការ​ចុះអ​ង្កេតអនុវ​ត្តជាក់​ស្តែង ដោយ​មានវត្ត​មាន​ម្ចា​ស់ទីតាំង​មួយ​ចំនួន​ចូល​រួម​ផង​ដែរ​ ទោះមា​នម្ចាស់ទី​តាំង​មួយ​ចំនួន​ ព្យាយាម​មិន​ទទួល​ខុស ត្រូវ​លើកា​រខូច​ខាត​នេះ​ក្តី​។

លោក អ៊ី សុខ​ឡេង បាន​ប្រាប់​ថា៖ «ប្រសិន​បើ​យើង​យោគ​យល់​លើហេតុ​ផល​របស់​ពួក​គាត់ ធ្វើ​ឱ្យ​ការ​ងារ​ជួស​ជុល​ការ៉ូឡា​របស់​យើង​មាន​ការ​យឺត​យ៉ាវ ដូច្នេះ​យើង​ត្រូវ​យក​គោល​ការណ៍​ជាក់​លាក់ នៅ​គ្រប់​ម្ចាស់​ទីតាំង​ដែល​បាន​ធ្វើឱ្យ​ខូច​ខាត​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​លើទីតាំង​របស់​ខ្លួន ហើយ​ម្ចាស់​ទីតាំង​នីមួយៗ​ត្រូវ​ធ្វើជា​ភ្នែក​ឱ្យ​រដ្ឋ​បាល​ខេត្ត-ក្រុង​ក្នុង​ការរាយ​ការណ៍​មក​ក្រុមការងារ ឬអាជ្ញាធរ​មូល​ដ្ឋាន​ផង​ដែរ»។

លោកបន្ត​ថា ទន្ទឹម​នោះ​ក្រុមកា​រងារ​ត្រូវ​ពន្លឿន​ការជួស​ជុល​ការ៉ូឡា នៅតាម​បណ្តោយ​ផ្លូវ​ក្នុង​ក្រុង​ព្រះសី​ហនុ ដើម្បី​លើក​កម្ពស់​សោភ័ណ​ភាព បរិស្ថាន​ទីក្រុង​របស់​យើង​កាន់​តែល្អ​ស្អាត​។​

បន្ថែម​ពី​នេះ​ លោក អ៊ី សុខឡេង ក៏បាន​ធ្វើការ​អំពាវ​នាវ​ដល់​ប្រជាព​លរដ្ឋ​ចូលរួម​សហការ​ថែរក្សា​សម្ប​ត្តិសាធា​រណៈ​របស់​រដ្ឋ​មាន​ដូច​ជា ទ្រូង​ផ្លូវ ខឿន​ផ្លូវ ការ៉ូឡា ក្រានីត​តាម​បណ្តោយ​ផ្លូវក្នុង​ក្រុង​ព្រះសី​ហនុ និង​តាម​ទីតាំង​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រកាស​​សម្ពោធដាក់​ឱ្យប្រើ​ប្រាស់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ ដែល​ក្នុង​នោះ​មាន​ផ្លូវ ៣៧ ខ្សែ និង​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ចំនួន​ ២ កន្លែង​ក្នុង​ខេត្ត​ព្រះ​សីហនុ ដែល​បាន​ចំណាយ​ថវិកា​របស់​ជាតិ​សម្រាប់​សាង​សង់​សរុ​បប្រមាណ​ ៣០០ ​លាន​ដុល្លារ​អា​មេរិក។​

ផ្លូវ និង​អាង​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់ ដែល​បាន​បើក​ការ​ដ្ឋាន កាល​ពី​ខែវិច្ឆិ​កា ឆ្នាំ​ ២០១៩ ត្រូវ​បាន​សាង​សង់​រួច​រាល់​ជាស្ថាពរ​ហើយ ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​កាល​ពី​ថ្ងៃទី ​២ ខែធ្នូ ឆ្នាំ​ ២០២១ កន្លង​ទៅ​៕