ភ្នំពេញៈ រដ្ឋសភានៃប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV) បានឯកភាពគ្នាបង្កើតយន្តការកិច្ចប្រជុំកំពូលសភា CLV ក្នុងគោលបំណងពង្រឹងចំណងកិច្ចសហប្រតិបត្តិការបន្ថែមឱ្យកាន់តែស៊ីជម្រៅ សម្រាប់រដ្ឋសភានៃប្រទេសទាំង ៣ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ នៃប្រទេសក្របខ័ណ្ឌ CLV ក្រោយរួមសហការគ្នាជាង ៣០ ឆ្នាំ។
ការឯកភាពគ្នានេះត្រូវបានអ្នកតាមដានបញ្ហាសង្គមយល់ថា ជាការល្អក្នុងការពង្រឹងចំណងកិច្ចសហប្រតិបត្តិការ ដើម្បីបម្រើប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសភូមិផងរបងជាមួយគ្នាទាំង ៣ នេះ។ ការឯកភាពគ្នានេះត្រូវបានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានពីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ចេញផ្សាយនៅថ្ងៃទី ២០ ខែវិច្ឆិកា ដោយមានការចុះហត្ថលេខារវាងប្រធានសភា CLV ខណៈរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី ៤៣ ។
ប្រធានរដ្ឋសភានៃប្រទេសទាំង ៣ បានពិភាក្សាគ្នាដើម្បីពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងសភា CLV ក្នុងគោលដៅបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីជាប្រទេសជិតខាងល្អ ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែង។
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងដោយប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន ប្រធានរដ្ឋសភាវៀតណាមលោក VuongDinh Hue និងប្រធានរដ្ឋសភាឡាវ លោក SaysomphonePhomvihane ដោយបានព្រមព្រៀងគ្នាបង្កើតយន្តការ កិច្ចប្រជុំកំពូលសភា CLV ឡើងបន្ថែមលើយន្តការ ដែលមានស្រាប់កន្លងមកពោលគឺ កិច្ចប្រជុំគណៈកម្មាធិការ/គណៈកម្មការកិច្ចការបរទេស CLV ក្នុងគោលដៅចំនួន ៣ ។ តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ពីគោលបំណងនៃការបង្កើតយន្តការ កិច្ចប្រជុំកំពូលសភា CLV នេះ ដូច្នេះថា៖ «កិច្ចប្រជុំនេះមានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងចំណោមប្រទេស CLV»។
ជំរុញការផ្លាស់ប្តូរ និងការផ្សព្វផ្សាយព័ត៌មាន បទពិសោធន៍ និងការអនុវត្តឱ្យបានល្អលើមុខងារ និងភារកិច្ចរបស់សភាជាតិ CLV និងកៀរគរធនធានហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខ័ណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV(CLV-DTA)។
បើតាមសេចក្តីថ្លែងការណ៍រួមនោះសមភាគីទាំង ៣ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីកឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនឹងគ្នា និងបម្រើផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ CLV បានសម្រេចឱ្យរដ្ឋសភារបស់ឡាវនឹងធ្វើជាម្ចាស់ផ្ទះជាលើកទី ១ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំសភាកំពូល CLV នេះនៅឆ្នាំ ២០២៣ ខាងមុខ។
ពាក់ព័ន្ធបញ្ហានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា ការសហការគ្នាក្នុងចំណោមប្រទេសជិតខាងទាំង ៣ នេះជាការចងជាប្លុកក្នុងន័យសហការ ផ្លាស់ប្តូរផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្រោមកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនផលប្រយោជន៍សេដ្ឋកិច្ច នយោបាយ និងសន្តិសុខរួមសម្រាប់ភាគីទាំង ៣ ។
ទាក់ទងនឹងការព្រួយបារម្ភមួយចំនួនដែលថា កម្ពុជាហាក់មានទំនោងាករេទៅកាន់ប្លុកកុម្មុយនីស្ត លោក ផៃ ស៊ីផាន អះអាងថា មិនមែនជាការពិតឡើយ ដោយកាលៈទេសៈសកលលោកបច្ចុប្បន្ន បណ្តាប្រទេសនីមួយៗតែងរកច្រកកិច្ចសហការ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរៀងៗខ្លួន ជាជាងគិតទៅលើនិន្នាការលទ្ធិនយោបាយ។
មួយវិញទៀតលោកថា កម្ពុជាមានរដ្ឋាភិបាលស្វយភាពដឹកនាំប្រទេសមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលស្រាប់ ដែលប្រទេសកម្ពុជាមិនអាចបាត់បង់អធិបតេយ្យខ្លួនទោរទន់ទៅកាន់ប្រទេសណាមួយឡើយ។ លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា៖ «ការធ្វើកិច្ចសហប្រតិបត្តិការមិនអាចចោទទៅលើភាគីនៅជាមួយបាននោះទេ ជាក់ស្តែងសហរដ្ឋអាមេរិកធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន មិនអាចចាត់ទុកថា សហរដ្ឋអាមេរិកគាំទ្រលទ្ធិកុម្មុយនីស្តបានឡើយ»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសភាបន្ថែមសម្រាប់ប្រទេស CLV ជាការល្អ ព្រោះប្រទេសទាំង ៣ មានកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលល្អស្រាប់ ហើយក៏ជាប្រទេសភូមិផងរបងជាមួយដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន។ លោកលើកឡើងពីផលប្រយោជន៍ចេញពីទំនាក់ទំនងសភាត្រីភាគី CLV នេះថា៖ «វាមានភាពជាប់ពាក់ព័ន្ធគ្នាទាំងកត្តាភូមិសាស្ត្រ ប្រវត្តិសាស្ត្រ សង្គមជាដើម។ យន្តការសភានេះ មានប្រយោជន៍ក្នុងការចែករំលែកគ្នាបន្ថែមទៅលើការអនុវត្តច្បាប់នៃប្រទេសរៀងខ្លួន ចែករំលែកព័ត៌មានគ្នាឱ្យគ្រប់ជ្រុងជ្រោយ និងស្មើមុខស្មើមាត់តួយ៉ាងនីតិប្បញ្ញត្តិ ច្បាប់នានា និងព័ត៌មាននានាក្នុងចំណោមប្រទេសទាំង ៣»។
ពាក់ព័ន្ធនឹងការព្រួយបារម្ភនានាជុំវិញការបាត់បង់អធិបតេយ្យកម្ពុជា ដោយសារការរឹតចំណងសាមគ្គីភាពជាមួយប្រទេសជិតខាងទាំង ២ ដែលសុទ្ធសឹងជាប្រទេសប្រកាន់លទ្ធិកុម្មុយនីស្តនោះ លោក យង់ ពៅ បញ្ជាក់ថា ការរឹតចំណងទំនាក់ទំនងសភានេះ មិនអាចប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា ឬប្រទេសណាមួយឡើយ ផ្ទុយទៅវិញការណ៍នេះ នាំឱ្យមានការចែករំលែកព័ត៌មានគ្នាកាន់តែស៊ីជម្រៅទៅវិញទេ។ អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ បន្ថែមថា ដោយសារកត្តាសត្យានុម័តនៃលក្ខខណ្ឌភូមិសាស្ត្រ វាទាមទារឱ្យប្រទេសទាំង ៣ ដែលជាមិត្តភូមិផងរបងជាមួយគ្នា រួមសហប្រតិបត្តិការនឹងគ្នាឱ្យបានស៊ីជម្រៅក្នុងន័យបម្រើប្រយោជន៍សង្គម សេដ្ឋកិច្ចរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង ៣ ជាផលប្រយោជន៍ជាតិរៀងៗខ្លួន ទោះបីមាននិន្នាការនយោបាយខុសៗគ្នាក្តី។ ក្នុងសម័យសកលភាវូបនីយកម្ម គេលែងយកលទ្ធិមនោគមន៍វិជ្ជាជាត្រីមុខទៀតហើយ។
សូមរំឭកថា ចំណងកិច្ចសហប្រតិបត្តិការនៃរដ្ឋសភា CLV ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ម្ល៉េះ ស្របពេលរដ្ឋាភិបាលនៃប្រទេសទាំ ង៣ បង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ (DTA)៕