ពោធិ៍សាត់ៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ណែនាំ​ឱ្យ​អភិបាលខេត្ត​ពោធិ៍សាត់​ថ្មី​លោក ខូយ រីដា ខិតខំ​កសាង​សមិទ្ធផល​ថ្មីៗ និង​ពង្រឹង​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ខណៈ​អភិបាលខេត្ត​ថ្មី​រូបនេះ​បាន​ប្តេជ្ញា ខិតខំ​ទប់ស្កាត់​បទល្មើស​លួច ប្លន់ ល្បែងស៊ីសង និង​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង កាលពី​ថ្ងៃទី​ ២១ ​វិច្ឆិកា ឆ្នាំ ​២០២២ លោក ស ខេង បាន​លើកឡើង​ថា ដោយ​ផ្អែកលើ​លក្ខណសម្បត្តិ សមត្ថភាព និង​បទពិសោធន៍​បំពេញ​ការងារ​កន្លងមក រាជរដ្ឋាភិបាល​បាន​លើក​សំណើ ទូលថ្វាយ​ព្រះមហាក្សត្រ ស្នើសុំ​តែងតាំង​លោក ខូយ រីដា អភិបាលរង​ខេត្តបាត់ដំបង​ឱ្យមក​កាន់តំណែង​ជា​អភិបាល​ខេត្តពោធិ៍សាត់ ជំនួស​លោក ជាវ តាយ ដែលមាន​បញ្ហា​សុខភាព​។ ជាមួយ​គ្នានេះ​លោក ស ខេង ក៏បាន​ស្នើសុំ​តែងតាំង​លោក ជាវ តាយ ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ដោយ​ផ្អែកលើ​គុណសម្បត្តិ លក្ខណសម្បត្តិ​ក្នុង​ការបម្រើ​ការងារ​ជូន​ជាតិ​។

នាឱកាស​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក ខូយ រីដា ដែលមាន​បទពិសោធន៍​ការងារ​ធ្លាប់​កាន់​មុខតំណែង​ជា​នាយក​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ ជា​អភិបាលរង​ខេត្តពោធិ៍សាត់ និង​បាត់ដំបង មុន​ទទួល​មុខតំណែង​ជា​អភិបាលខេត្ត​ពោធិ៍សាត់​។

តាមរយៈ​បទពិសោធន៍​ការងារ​នេះ​លោក ស ខេង សង្ឃឹម​ថា អភិបាលខេត្ត​ថ្មី​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ដល់​ថ្នាក់ក្រោម​ជាតិ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

លោក​ថា​៖ «​សង្ឃឹមថា ឯកឧត្តម​អភិបាលខេត្ត​ថ្មី​នឹង​ខិតខំ​កសាង​សមិទ្ធផល​ថ្មីៗ និង​ពង្រឹង​ការងារ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត បន្ត​ពី​ឯកឧត្តម ជាវ តាយ និង​សូម​ស្នើសុំ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​រួមទាំង​ប្រជាពលរដ្ឋ​សហការ​គាំទ្រ​ឯកឧត្តម ខូយ រីដា​»​។

លោក​ ខូយ រីដា មាន​ប្រសាសន៍​ថា ការទទួល​បាន​មុខតំណែង​ជា​អភិបាលខេត្ត​នេះ គឺជា​កិត្តិយស​ដ៏ធំធេង ក្នុង​អាជីព​ជា​អ្នក​រាជការ និង​ជា​វិញ្ញាសា​ថ្មី​មួយ​សម្រាប់​រូបលោក ក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ច​រួមចំណែក​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​មាតុភូមិ ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​។

លោក​បញ្ជាក់ថា ដើម្បី​ជា​សក្ខីភាព​ឆ្លើយតប​នឹង​ការ​ផ្តល់នូវ​ការគាំទ្រ និង​ជំនឿ​ជឿជាក់​ប្រកប​ដោយ​ទំនុកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល លោក​ប្ដេជ្ញា​ខិតខំ​អនុវត្ត​ការងារ​ឱ្យបាន​ម៉ឺងម៉ាត់​ទៅតាម​គោលការណ៍​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន និង គោរព​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ ដើម្បី​ធានា​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ​ផលប្រយោជន៍​ជាតិ​។

បន្ថែម​ពីនេះ លោក​បាន​ប្តេជ្ញា​ថា​៖ «​យើង​នឹង​ខិតខំ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​តាម​កិច្ចខិតខំ​ប្រឹងប្រែង​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​ ពិសេស​សកម្មភាព​លួច​ឆក់​ប្លន់​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​អំពើ​ជួញដូរ​មនុស្ស​ និង​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​ភូមិសាស្ត្រ​ខេត្ត កង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​រក្សា​ស្ថិរភាព​នយោបាយ និង​ភាព​សុខដុម​នីយកម្ម​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​»​។

ក្នុង​ពិធី​ឡើង​កាន់តំណែង​នោះ លោក​ ខូយ រីដា ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាច្រើន​រួមមាន យកចិត្ត​ទុកដាក់​រៀបចំ​កសាង​ និង​អភិវឌ្ឍ​លើ​វិស័យ​នានា​ក្នុង​ខេត្ត​ ពិសេស​ការរៀបចំ​កែលម្អ​សោភណភាព​ទីក្រុង​ និង​ទីប្រជុំជន​ក្នុង​ការចូលរួម​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត ធ្វើឱ្យ​មាន​បរិស្ថាន​ល្អ​ធ្វើឱ្យ​មាន​សក្ដានុពល​សេដ្ឋកិច្ចសង្គម ដើម្បី​លើកកម្ពស់​គុណភាព​ជីវភាព​រស់នៅ​ជូន​ប្រជាជន​ទូទាំង​ខេត្ត​។

ខិតខំ​ពង្រឹង​ការអនុវត្ត​តួនាទី​ភារកិច្ច​នានា​ក្នុង​នាម​ជា​តំណាង​រាជរដ្ឋាភិបាល តំណាង​ក្រសួង​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ខិតខំ​ពង្រឹង​គណនេយ្យភាព​ និង​ទទួល​ខុសត្រូវ​ក្នុង​ការអនុវត្ត​រាល់​ដីកា សេចក្ដី​សម្រេច​នានា​របស់​ក្រុមប្រឹក្សា ស្រប​តាម​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​បាន​កំណត់​។

អភិបាល​ស្តីទី​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ បាន​ថ្លែងថា សម្រាប់​ខេត្ត​ពោធិ៍សាត់​ការការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​មាន​លក្ខណៈ​ល្អប្រសើរ ខណៈ​សកម្មភាព​បទល្មើស​ទាំងឡាយ​ត្រូវ​បាន​កាត់បន្ថយ​ជា​អតិបរមា​៕