ចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡានិងអំពូលភ្លើង) ចំនួន ៧៣ ប្រអប់ ត្រូវបានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ផ្តល់ដល់កាកបាទក្រហមកម្ពុជា ជាអំណោយសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ។
ការផ្តល់នេះ បានធ្វើឡើងនៅថ្ងៃទី ២២ ខែវិច្ឆិកា ដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ប្រគល់ជូនកាកបាទក្រហមកម្ពុជា តាមរយៈលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
នាឱកាសនៃការទទួលអំណោយទាំងនេះ លោកស្រី ពុំ ចន្ទីនី ក៏បានថ្លែងអំណរព្រះគុណដល់សម្តេចព្រះមហាក្សត្រី និងបានប្រគល់ជូនលោក គុយ សុផល នូវសារលិខិតរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រីផងដែរ។
លោកស្រី ប៊ុន រ៉ានី បានលើកឡើងតាមរយៈសារលិខិតនេះថា៖ «ខ្ញុំម្ចាស់ មានសេចក្ដីសោមនស្សរីករាយក្រៃលែង ប្រកបដោយបរិយាកាសកក់ក្តៅបំផុត ដែលបានទទួលព្រះរាជទាន ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនូវចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា និង អំពូលភ្លើង) ចំនួន ៧៣ ប្រអប់»។
លោកស្រី ប៊ុន រ៉ានី បានបន្តថា លោកស្រី និងសហការី នឹងប្រើប្រាស់ព្រះរាជទានដ៏ឧត្តុង្គឧត្តមនេះ ទៅតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ក្នុងបុព្វហេតុសកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជា។
យោងតាមរបាយការណ៍របស់កាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ ២០២១ និង ៥ ខែដើមឆ្នាំ ២០២២ កន្លងទៅនេះ អង្គការមនុស្សធម៌ដ៏ធំមួយនេះ បានចូលរួមជួយជាចំណែកមួយជាមួយនឹងរាជរដ្ឋាភិបាលដែលក្នុងនោះមានការទប់ស្កាត់ជំងឺកូវីដ ១៩ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងការសាងសង់លំនៅឋានជូនអតីតយុទ្ធជនទៀតផង។
កាកបាទក្រហមកម្ពុជាក៏បានផ្តល់អំណោយដល់គ្រួសាររងគ្រោះដោយធម្មជាតិ និងមនុស្សចាស់ឥតទីពឹង កុមារកំព្រា អ្នកពិការ ស្ត្រីមេម៉ាយ ជនជាតិភាគតិច នៅជនបទដាច់ស្រយាលបានជិត ១៤ ម៉ឺនគ្រួសារ បានចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍និងបានអប់រំផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន សំណល់ជាតិផ្ទុះពីសង្គ្រាម។ នេះបើយោងតាមរបាយការណ៍ដដែល៕