​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កម្ពុជា​បាន​ចូលរួម​សង្កេតការណ៍​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​១៥ របស់​ម៉ាឡេស៊ី នា​ឆ្នាំ ​២០២២ ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ​វីដេអូ ក្នុង​គោលដៅ​ពង្រឹង​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ និង​ផ្តល់ឱកាស​ដល់ គ​.​ជ​.​ប កម្ពុជា​បាន​ដកស្រង់​បទពិសោធន៍​ចេញពី​ដំណើរ​ការងារ​នៃ​ការរៀបចំ​ការបោះឆ្នោតរ​បស់​ម៉ាឡេស៊ី​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​. កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​ ២១ ខែវិច្ឆិកា ឆ្នាំ​ ២០២២ បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) របស់​កម្ពុជា បានសម្រេច​ចូលរួម​សង្កេតការណ៍​ពី​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​១៥ របស់​ម៉ាឡេស៊ី នា​ឆ្នាំ​ ២០២២ នេះ តប​តាម​ការអញ្ជើញ​ពី​ភាគី គ​.​ជ​.​ប​. ប្រទេស​ម៉ាឡេស៊ី​។​

​កម្ពុជា​បាន​ចាត់តាំង​មន្ត្រី គ​.​ជ​.​ប​. ចំនួន ១៣ ​រូប ដែល​ដឹកនាំ​ដោយ​លោក ម៉ុក ដា​រ៉ា អគ្គលេខាធិការរង គ​.​ជ​.​ប​. ដើម្បី​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​របស់​ប្រទេស​ម៉ាឡេស៊ី​ តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ​ពី​ចម្ងាយ នៅ​ទីស្តីការ គ​.​ជ​.​ប​. កម្ពុជា​ផ្ទាល់ ចាប់ពី​វេលា​ម៉ោង ៧ ដល់​ម៉ោង ៩​ យប់ កាលពី​ថ្ងៃទី​ ១៩ ខែវិច្ឆិកា កន្លងទៅ​។​

ជាមួយគ្នានេះដែរ បន្ទាប់ពី​បញ្ចប់​ការសង្កេត​ការណ៍​បោះឆ្នោត​ពី​ចម្ងាយ​នេះ លោក​ ម៉ុក ដា​រ៉ា លើកឡើងថា ទោះបីជា​ការចូលរួម​សង្កេតការណ៍​បោះឆ្នោត​របស់​ប្រទេស​ម៉ាឡេស៊ី​នេះ ប្រព្រឹត្តទៅ​ពី​ចម្ងាយ​ដោយ​ប្រព័ន្ធ​វីដេអូ​ក្តី ក៏​ជាការ​ចូលរួមចំណែក​ដ៏​សំខាន់​ពី​សំណាក់​កម្ពុជា​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​និង​ជាការ​ដកស្រង់​បទពិសោធន៍​ការងារ​សម្រាប់ គ​.​ជ​.​ប​. កម្ពុជា​ដែរ​។​

លោក​ ម៉ុក ដា​រ៉ា គូសបញ្ជាក់ ដូច្នេះ​ថា​៖ «​ការចូល​រូ​ម​នេះ គឺជា​ការពង្រឹង​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ​ឲ្យ​កាន់តែ​ល្អ ជាពិសេស​គឺ​ផ្តល់ឱកាស​ដល់ គ​.​ជ​.​ប កម្ពុជា បាន​សង្កេតមើល និង​ស្វែងយល់​អំពី​ការអនុវត្ត​ល្អៗ​ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​ប្រទេស​ម៉ាឡេស៊ី​»​។​

គួរ​បញ្ជាក់ថា ក្នុង​ដំណើរការ​បោះឆ្នោត​តំណាងរាស្ត្រ​ម៉ាឡេស៊ី នីតិកាល​ទី​១៥ របស់​ម៉ាឡេស៊ី នា​ឆ្នាំ​ ២០២២ នេះ ក្រៅពី​វត្ត​មាននៃ​ការចូលរួម​សង្កេតការណ៍​ពី​សំណាក់ គ​.​ជ​.​ប​. កម្ពុជា ក៏មានដែរ​នូវ​វត្តមាន​អ្នកសង្កេតការណ៍​អន្តរជាតិ​នៃ​បណ្តា​ប្រទេស​មួយចំនួន និង​ពី​ស្ថាប័ន​អង្គការ​អន្តរជាតិ​ចំនួន​ប្រមាណ ៧៥០ ​នាក់ ផងដែរ​។​

លោក ​​យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ថ្លែងថា ការចូលរួម​សង្កេតការណ៍​បោះឆ្នោត​ពី​ចម្ងាយ​នេះ ជា​ទិដ្ឋភាព​ថ្មី​​ម្យ៉ាង នៅ​ក្នុងសម័យ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ដំណាក់កាល​រាតត្បាត​នៃ​ជំងឺឆ្លង​ជា​សកល​កូ​វីដ ​១៩ ដែល​អាច​ចូលរួម​និង​ស្រង់​បទពិសោធន៍​ពី​កិច្ចការ​របស់​អ្នកជំនាញ​នៃ​ប្រទេស​ដទៃ​ក្នុង​កិច្ច​ការរៀបចំ​ការបោះឆ្នោត ប៉ុន្តែ​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន​ក្នុងការ​អង្កេត​ដោយផ្ទាល់​លើ​ឥរិយាបថ​របស់​អ្នកបោះឆ្នោត​។​

លោក​​ យង់ ពៅ ចាប់អារម្មណ៍​ពី​ចំណុច​របត់​ថ្មី​ជុំវិញ​ការប្រើប្រាស់​បណ្តាញ​សង្គម​ជាមួយ​ដំណើរការ​បោះឆ្នោត ដែល​កម្ពុជា​អាច​ទាញយក​ពី​ម៉ាឡេស៊ី​ថា៖ «​ម៉ាឡេស៊ី​បានជ្រើសរើស​បណ្តាញ​សង្គម​ដែល​ពេញនិយម ក្នុងនោះ​មាន TikTok, Facebook, YouTube ជាដើម ដើម្បី​ផ្សព្វផ្សាយ​ពី​កិច្ចការ​បោះឆ្នោត​នេះ ជា​វិធីសាស្ត្រ​ល្អ​ថ្មី​ដើម្បី​បញ្ជ្រាប​ព័ត៌មាន​កាន់តែច្បាស់​ដល់​ដៃ​ប្រជាជន ដែលជា​មេរៀន​អាច​ឲ្យ គ​.​ជ​.​ប​. កម្ពុជា​ទាញយក​ជា​បទពិសោធន៍​ដែរ ព្រោះ​កម្ពុជា​ក៏មាន​សម្ទុះ​ប្រើប្រាស់​បណ្តាញ​សង្គម​នេះដែរ​»។​

លោក​​ យង់ ពៅ ថ្លែងថា បទ​ធិ​សោធន៍​របស់ ​គ​.​ជ​.​ប​. កម្ពុជា​ដែល​បានរៀបចំ​ដំណើរការ​បោះឆ្នោត​ក្នុងប្រទេស​របស់ខ្លួន​ដោយ​ខ្លួនឯង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ មានការ​រីកចម្រើន​ជាង​មុន​បន្តិច​ក្តី ប៉ុន្តែ​ក៏​នៅតែមាន​ចំណុច​ខ្វះខាត​ដែល​គួរ​ទាញយក​ពី​គំ​រូ​នៃ​បណ្តា​ប្រទេស​នានា​ទៀត​ដែរ​តាមរយៈ​ការចូលរួម​សង្កេតការណ៍​ដូចនេះ​។​

ដោយឡែក​សម្រាប់​លោក​ ថា​ច់ សេដ្ឋា ប្រធានស្តីទី​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន ថ្លែងដោយចង់​ឲ្យ គ​.​ជ​.​ប​. កម្ពុជា ទាញយក​បទពិសោធន៍​ល្អៗ ពី​គំរូ​ភាព​នៃ​ចំណុច​ឯករាជភាព​របស់ គ​.​ជ​.​ប​. ម៉ាឡេស៊ី និង​បណ្តា​ប្រទេស​នានា​ផ្សេងទៀត​ដែល​ខ្លួន​បាន​ចូលរួម​សង្កេតការណ៍ ដើម្បី​យកមក​អភិវឌ្ឍខ្លួន​។​

គួរ​ជម្រាបជូន​ផងដែរ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កម្ពុជា នាពេល​កន្លងមក ធ្លាប់បាន​ចូលរួម​សង្កេតការណ៍​ក្នុងការ​បោះឆ្នោត​នៅតាម​បណ្តា​ប្រទេស​ជាច្រើន ទាំង​ក្នុង​តំបន់​និង​ពិភពលោក ដើម្បី​ដកស្រង់​បទពិសោធន៍​ល្អៗ​ជុំវិញ​ការរៀបចំ​ការបោះឆ្នោត ក្នុងន័យ​ដើម្បី​ធ្វើការ​កែលម្អ​បច្ចេកទេស​និង​ទម្រង់​នៃ​ការរៀបចំ​របស់​កម្ពុជា ជាពិសេស​ការធ្វើ​ទំនើបកម្មរ​តាម​បច្ចេកវិទ្យា​កុំ​ព្យូ​ទ័​រ ក្នុងការ​ពង្រឹង​តម្លាភាព សុវត្ថិភាព និង​បង្កើន​ទំនុកចិត្ត​ដល់​ពលរដ្ឋ​កម្ពុជា​៕