ក្រចេះៈ សម្បុកសត្វត្រដក់តូចចំនួន ៤៨ ដែលមានវត្តមានដោយបក្សីពេញវ័យចំនួនសរុប ៦៨ ក្បាល ព្រមទាំងវត្តមានកូនតូចៗជាច្រើនទៀត កំពុងរស់នៅតាមទីជម្រកព្រៃលិចទឹកនៃទន្លេមេគង្គ ក្លាយជាកំណត់ត្រាខ្ពស់នៃសម្បុកសត្វត្រដក់តូចនៅក្នុងតំបន់ទីជម្រកមេគង្គ ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។
ការកើនឡើងនៃវត្តមាន និងចំនួនសត្វព្រៃមួយចំនួន ជាកត្តាបង្ហាញអំពីសុវត្ថិភាពកាន់តែប្រសើរឡើងនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលនេះជាលទ្ធផលមួយស្តែងចេញពីកិច្ចខិតខំគ្រប់គ្រង និងការពាររបស់ក្រសួងបរិស្ថាន អង្គការដៃគូ និងភាគីពាក់ព័ន្ធទាំងអស់សំដៅផ្តល់ជម្រកប្រកបដោយសុវត្ថិភាព សម្បូរដោយចំណី និងទឹកគ្រប់គ្រាន់សម្រាប់ការរស់រានរបស់សត្វគ្រប់ប្រភេទ។ នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា បានសាទរចំពោះលទ្ធផលនៃការតាមដានសត្វត្រដក់តូចនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះនេះ ដែលចំនួនសម្បុកសត្វនេះបានកើនឡើងពី ២៤ សម្បុក ក្នុងឆ្នាំ ២០២១ មកដល់ចំនួន ៤៨ សម្បុក ក្នុងឆ្នាំ ២០២២។
លោកថា៖ «លទ្ធផលនាពេលនេះជាផ្នែកមួយដែលបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការ WWF ក្នុងកិច្ចសហការគ្រប់គ្រង និងអភិរក្សដែនជម្រកសត្វព្រៃសំបូរ។ លទ្ធផលដែលបង្ហាញពីការកើនឡើងសម្បុកសត្វត្រដក់តូចនេះជាក្តីសង្ឃឹមមួយសម្រាប់អ្នកអភិរក្សជីវចម្រុះ និងសត្វព្រៃ ដែលរំពឹងថា ចំនួនសត្វត្រដក់តូចនឹងកើនឡើងនៅក្នុងប្រទេសកម្ពុជា»។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងបរិស្ថា និងអង្គការ WWF នាយប់ថ្ងៃទី ២១ ខែវិច្ឆិកា បានលើកឡើងថា លទ្ធផលដែលទទួលបាននាពេលនេះ គឺជាកំណត់ត្រានៃចំនួនសម្បុកសត្វត្រដក់ដែលមានអត្រាមួយខ្ពស់សម្រាប់រយៈពេល ៤ ឆ្នាំចុងក្រោយ នៅក្នុងតំបន់ទីជម្រកមេគង្គនេះ។
សេចក្តីប្រកាសនេះបញ្ជាក់ថា៖ «លើសពីនេះទៀត ចំនួនសម្បុកដែលត្រូវបានកត់ត្រានាពេលនេះបានកើនឡើងរហូតដល់ជិត ១៣០% បើប្រៀបធៀបទៅនឹងចំនួនត្រឹមតែ ២៤ សម្បុក ប៉ុណ្ណោះ ដែលត្រូវបានអ្នកជំនាញកត់ត្រាទុកក្នុងអំឡុងពេលដូចគ្នាកាលពីក្នុងឆ្នាំ ២០២១»។
មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានរូបនេះ ក៏បានអំពាវនាវឱ្យបញ្ឈប់ការដាក់អន្ទាក់ និងការបំពុលនានាដែលបង្កផលវិបាកខ្លាំងក្លាចំពោះការរស់នៅរបស់សត្វព្រៃផងដែរ ដោយលោកទទូចដល់អ្នកដែលនិយមបរិភោគសាច់សត្វព្រៃទាំងអស់ឱ្យបញ្ឈប់ការបរិភោគ បញ្ឈប់ការទិញសាច់សត្វព្រៃដើម្បីរួមគ្នាអភិរក្សសត្វព្រៃទាំងអស់គ្នា។
លោក នេត្រ ភក្ត្រា បានថ្លែងថា៖«ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នៃដែនជម្រកសត្វព្រៃសំបូរ បន្តចូលរួមការពារតំបន់ធម្មជាតិ និងអភិរក្សសត្វព្រៃ និងសត្វស្លាបគ្រប់ប្រភេទ ព្រោះធនធានសត្វព្រៃទាំងនេះមានសារៈសំខាន់ចំពោះការរក្សានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ហើយការកើនឡើងនៃចំនួនសត្វត្រដក់តូច និងសត្វដទៃទៀត ជាការលើកកម្ពស់សក្តានុពលវិស័យអេកូទេសចរណ៍សម្រាប់តំបន់»។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការ WWF ក្រោមការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលប្រទេសបែលហ្ស៊ិក និងអង្គការ WWF បែលហ្ស៊ិក បាននិងកំពុងអនុវត្តកម្មវិធីការពារសម្បុកសត្វស្លាប ដោយឱ្យមានការចូលរួមផ្ទាល់ពីសហគមន៍មូលដ្ឋាននៃតំបន់ទីជម្រក ក្នុងការងារតាមដាន និងការងារល្បាតជាប្រចាំដែលដឹកនាំដោយមន្ត្រីឧទ្យានុរក្ស ដើម្បីការពារពង និងសម្បុករបស់សត្វត្រដក់ទាំងនេះ រហូតដល់ពួកវាញាស់ និងហើរចេញរកស៊ី។
កម្មវិធីការពារសម្បុកសត្វស្លាបនេះផ្តោតលើប្រភេទសត្វស្លាបមានមាឌធំ រួមមាន សត្វត្រដក់តូច សត្វត្រយងចង្កំកស សត្វត្រយងយក្ស និងសត្វត្មាតទាំង៣ប្រភេទ។ សត្វត្រដក់តូចត្រូវបានចាត់ថ្នាក់ជាប្រភេទបក្សីងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់ IUCN ហើយចំនួនរបស់វាត្រូវបានគេប៉ាន់ប្រមាណថា មានយ៉ាងហោចណាស់ចំនួន ៣ ០០០ ក្បាល កំពុងរស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែសត្វនេះកំពុងទទួលរងការគំរាមកំហែងដោយការបរបាញ់ ការបាត់បង់ជម្រកពងកូនដោយសារកត្តារេចរឹល និងការបំប្លែងធម្មជាតិតំបន់ដីសើម។
សូមរំឭកដែរថា សត្វព្រៃកម្រចំនួន ២០ ប្រភេទ ត្រូវបានបង្ហាញខ្លួនក្នុងតំបន់ដែនជម្រកសត្វព្រៃនៃខេត្តកោះកុងដែលទិន្នន័យថ្មីនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាលទ្ធផលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាល ប្រជាជាន និងដៃគូអភិវឌ្ឍន៍ ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។
សត្វព្រៃកម្រ ដែលបង្ហាញវត្តមាន ក្នុងជម្រកសត្វព្រៃ នោះរួមមាន សត្វពង្រូល ភេរោមច្រមុះ ឆ្កែព្រៃ ស្វាត្រោស ជ្រូកពោន ប្រើសស្បូវ ព្រមទាំងសត្វព្រៃ និងថនិកសត្វ រួមទាំងបក្សីជាច្រើនទៀត៕