ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​សហរដ្ឋ​អាមេរិក​ពិនិត្យ​អំពី​ការធ្វើ​វិសោធនកម្ម​នូវ​អនុស្សរណៈ​ (MoU) ស្តីពី​ការបញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ទោស​នៅ​អាមេរិក​ ដែល​បញ្ជូន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ ដើម្បី​ដោះស្រាយ​បញ្ហា​មនុស្សធម៌​។

លោក ហ៊ុន សែន ថ្លែងថា នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​ថ្មីៗ​នេះ លោក​បានលើកឡើង​អំពី​ករណី​ដែល​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​ពន្ធនាគារ​នៅ​សហរដ្ឋអាមេរិក​ ហើយ​ត្រូវ​បញ្ជូនមក​កម្ពុជា​វិញ​ ហើយ​លោក​បាន​ស្នើ​អាមេរិក​អនុវត្ត MoU ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា​កាលពី​ឆ្នាំ​ ២០០២ រួចហើយ​ធ្វើការ​សម្ភាស​ពួកគេ​តាម​អនឡាញ ឬ​សម្ភាស​ផ្ទាល់​។

លោក​ថ្លែងថា​៖ «​អ្វីដែល​ខ្ញុំ​សុំ សុំ​កុំ​ឱ្យមាន​ជនជាតិ​បរទេស​។ កន្លងទៅ​បញ្ជូនមក​ស្រុក​ខ្មែរ​ ស្រាប់​តែ​មាន​ឡាវ​ [​ជនជាតិ​ឡាវ​] ២ ​នាក់​បាត់​។ យើង​មាន​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​ ២០ ​ឆ្នាំ​ហើយ​។ ឆ្នាំនេះ​ជា​ខួប​លើក​ទី​ ២០ ​នៃ​កិច្ចព្រមព្រៀង គេ​ហៅថា MoU ជាមួយ​គ្នា​នោះ​ក្នុង​ការយក​ពលរដ្ឋ​ខ្មែរ​ត្រឡប់មក​ប្រទេស​វិញ​។ អ្នកខ្លះ​ក៏​ធ្វើអត្តឃាត អ្នកខ្លះ​ក៏​ស្លាប់ អ្នកខ្លះ​ក៏​ព្រោះ​ឪពុកម្ដាយ​ជួនកាល​ខ្លះទៅ​កើត​នៅ​អាមេរិក​។ ដល់​ជាប់គុក​នៅ​អាមេរិក​ គេ​បញ្ជូន​មក​ស្រុក​ខ្មែរ​ឪពុកម្ដាយ​នៅ​អី​អាមេរិក​។ ប្រពន្ធ​កូន​នៅ​អាមេរិក​»​។

ក្នុង​ពិធី​បិទ​សន្និបាតជាតិ​ខួប​ ៣០ ​ឆ្នាំ​នៃ​សកម្មភាព​មីន​នៅ​កម្ពុជា នា​ថ្ងៃទី​ ២២ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២២ ​វិច្ឆិកា​លោក​ថ្លែង​បន្តថា​៖ «​អ៊ីចឹង​យើង​បាន​ស្នើថា គួរតែ​ពិនិត្យ​អំពី​បញ្ហា​ការធ្វើ​វិសោធនកម្ម​ ដើម្បី​ដោះស្រាយ​បញ្ហា​មនុស្សធម៌ ប៉ុន្តែ​អាមេរិក​បាន​ចាត់ទុក​យើង​ថា ជា​ប្រទេស​មិន​សហការ​ហើយក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​បញ្ហា​ទិដ្ឋាការ​នៃ​មន្ត្រី​ក្រសួង​ការបរទេស​របស់​យើង​»​។

លោក​បញ្ជាក់​ថា ពេលដែល​លោក​លើក​បញ្ហា​នេះ​ទៅកាន់​លោក Joe Biden នៅក្នុង​ជំនួប​នោះ លោក Biden ក៏បាន​ឆ្លើយតប​ថា លោក​ដូចជា​ក្ដាប់​រឿងនេះ​មិនទាន់​បាន​នោះទេ ហើយក៏​បាន​សួរ​ទៅកាន់​មន្ត្រី​របស់​លោក​ដែល​ក្តាប់បាន​រឿងនេះ​។ បន្ទាប់​មក​មាន​មន្ត្រី​របស់​លោក​ម្នាក់​បាន​សរសេរ​ពី​ករណី​នេះ​ឱ្យ​លោក Biden​។

កាលពី​ឆ្នាំ​ ២០១៧ សហរដ្ឋ​អាមេរិក​បាន​បញ្ឈប់​ការចេញ​ទិដ្ឋាការ​ប្រភេទ B1/B2 ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា ដែល​មាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូតដល់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ​ ដោយ​សហរដ្ឋ​អាមេរិក​លើក​ហេតុផល​ថា ដោយសារ​តែ​ប្រទេស​កម្ពុជា​បដិសេធ ឬ​ពន្យារពេល​ដោយ​មិនសម​ហេតុផល​ក្នុង​ការ​ទទួល​យក​ពលរដ្ឋ​របស់ខ្លួន ដែល​ត្រូវ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​។

ក្នុងជំនួប​ជាមួយ​លោក Daniel Kritenbrink ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​កាលពី​ខែ​កក្កដា​លោក ប្រាក់ សុខុន បាន​សម្តែង​នូវ​ការខកចិត្ត ដោយ​លោក​ថា «​កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុក​យ៉ាង​អយុត្តិធម៌​ថា ជា​ប្រទេស​ដែល​មិន​ផ្តល់​កិច្ចសហប្រតិបត្តិការ​» ​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍ ដែល​នាំ​ទៅដល់​ការដាក់​ការរឹតត្បិត​ទិដ្ឋាការ​ចំពោះ​មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​ការបរទេស​កម្ពុជា​។

ក្រៅពីនេះ លោក​ ហ៊ុន សែន ថ្លែង​កោតសរសើរ​ដល់​សហរដ្ឋ​អាមេរិក​ដែលជា​ប្រទេស​ឈានមុខ​គេ​ក្នុង​ការនាំ​វត្ថុបុរាណ​វិល​ត្រឡប់មក​កម្ពុជា​វិញ ហើយ​ថា អាមេរិក​សកម្ម​ណាស់​ក្នុង​កិច្ចការ​នេះ​ ទោះបី​ពលរដ្ឋ​អាមេរិក​កាន់កាប់​ទ្រព្យសម្បត្តិ​នោះ​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​អាមេរិក ទាំង​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ ទាំង​ក្រសួង​ការបរទេស​អាមេរិក​នៅ​វ៉ាស៊ីនតោន​សុទ្ធតែ​បាន​ខិតខំ​ធ្វើ​កិច្ចការងារ​នេះ​ ដើម្បី​នាំ​វត្ថុ​បុរាណ​ខ្មែរ​ត្រឡប់​មកវិញ​។ ប្រធានាធិបតី​ Joe Biden ថា ប្រហែល​ជា​នៅ​ទៀត​។ គាត់​នឹង​ប្រឹង​ធ្វើ​អាកិច្ចការងារ​ហ្នឹង​ទៀត​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា និង​សហរដ្ឋអាមេរិក​គួរ​ស្វែងយល់​អំពី​តម្រូវការ​គ្នា​ទៅវិញ​ទៅមក​ជុំវិញ​បញ្ហា​នៃ​ការបញ្ជូន​ជនជាតិ​ខ្មែរ​ដែល​ប្រព្រឹត្ត​ទោស​នៅ​សហរដ្ឋអាមេរិក​។ ជនជាតិខ្មែរ​មួយ​ចំនួន​ដែល​ត្រូវ​បាន​អាមេរិក​ចាត់ទុកថា អ្នក​មាន​ទោស​នៅ​អាមេរិក ហើយ​បញ្ជូន​មក​កម្ពុជា​វិញ​គឺ​ជួប​រឿង​មនុស្សធម៌​ច្រើន​ដែរ ដោយសារ​តែ​ជនជាតិខ្មែរ​មួយ​ចំនួន​បាន​កើត និង​បាន​រស់នៅ​ទីនោះ​ស្ទើរតែ​មួយជីវិត​របស់​ពួកគាត់​ទៅហើយ​។

លោក​ថ្លែងថា​៖ «​អ្នកខ្លះ​មាន​ប្ដី មាន​ប្រពន្ធ មាន​កូន​នៅ​ទីនោះ ហើយ​នៅពេល​ដែល​បញ្ជូន​ពួកគាត់​មក ដោយសារ​តែ​គេ​ចាត់ទុក​ថា គាត់​អ្នក​មាន​ទោស​នៅ​អាមេរិក​ហ្នឹង អ៊ីចឹង ធ្វើឱ្យ​គាត់​ត្រូវ​ព្រាត់ប្រាស​គ្រួសារ បែកខ្ញែក​ប្ដី ប្រពន្ធ កូន អ៊ីចឹង​។ អាហ្នឹង វា​ជា​រឿង​មនុស្សធម៌​មួយ​ដែល​គួរតែ​ត្រូវ​បាន​ពិចារណា​យកចិត្ត​ទុកដាក់​ដែរ​ថា តើ​ពួកគាត់​អាច​ទទួល​ទោស​តាមច្បាប់​សហរដ្ឋអាមេរិក​ ហើយ​គាត់​អាច​រួមរស់​ជាមួយ​នឹង​ក្រុមគ្រួសារ​គាត់​វិញ​ដែរ​ឬ​យ៉ាងណា វៀរលែងតែ​អ្នក​ដែល​ទៅ​ថ្មី ហើយ​ទៅ​ប្រព្រឹត្ត​ទោសកំហុស​នៅ​អាមេរិក បញ្ជូន​មក​គឺជា​រឿង​ត្រឹមត្រូវ​»​។

លោក ភា ថ្លែងថា ជីវិត​របស់​ពួកគាត់​នៅពេល​បញ្ជូន​ត្រឡប់​មកកាន់​កម្ពុជា​វិញ​គឺ​ហាក់​ដូចជា​ថ្មីសន្លាង​មួយ​ សម្រាប់​ពួកគាត់​ក្នុង​ការកសាង​ជីវិត​ថ្មី ហើយ​ភាគី​ទាំង​ ២ កម្ពុជា-​សហរដ្ឋអាមេរិក​គួរតែ​ស្វែងយល់​ពី​បញ្ហា​នេះ​៕