The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​ ២​ នាក់​ ត្រូវបាន​បញ្ជូនទៅ​តុលាការ ​ក្នុង​បទល្មើស​ចាប់​សត្វ​ស្លាប​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​

បុរស​ ២​ នាក់​ ត្រូវបាន​បញ្ជូនទៅ​តុលាការ ​ក្នុង​បទល្មើស​ចាប់​សត្វ​ស្លាប​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​

Content image - Phnom Penh Post
សមត្ថកិច្ចឃាត់ខ្លួនបុរស ២ នាក់ ក្នុងបទល្មើសចាប់សត្វស្លាបព្រៃនៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី ២១ វិច្ឆិកា។ រូបថត ក្រសួងបរិស្ថាន

បុរស​ ២​ នាក់​ ត្រូវបាន​បញ្ជូនទៅ​តុលាការ ​ក្នុង​បទល្មើស​ចាប់​សត្វ​ស្លាប​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​

មណ្ឌលគិរីៈ បុរស ​២ ​នាក់ ​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​បទល្មើស​ចាប់​សត្វ​ស្លាប​ព្រៃ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​កែវ​សីមា​ ត្រូវបាន​មន្ត្រី​ការិយាល័យ​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ​កសាង​សំណុំរឿង ​និង​បញ្ជូនទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី។

​លោក​ ម៉ៅ ​រឿម មន្ត្រី​ឧទ្យានុរក្ស​នៃ​ដែនជម្រក​សត្វព្រៃ​កែវ​សីមា​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​ទី ២៣ ​វិច្ឆិកាថា​ ជនសង្ស័យ​ទាំង ២ ​ត្រូវបាន​ក្រុមការងារ​របស់​លោក ​ចាប់​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី ២១ ​ខែវិច្ឆិកា ​ខណៈ​កំពុង​ធ្វើដំណើរ​​តាម​ម៉ូតូ​ម្នាក់​ ១ ​គ្រឿង​ចេញពី​ក្នុងព្រៃ​នៃ​តំបន់​ការពារ ​ដែនជម្រក​សត្វព្រៃ​កែវសីមា ​ស្ថិតក្នុង​ភូមិសាស្ត្រ​ ភូមិ​អូរអាម​ ឃុំ​ស្រែខ្ទុម​ ស្រុក​កែវសីមា ​ខេត្តមណ្ឌលគិរី ​ដោយមាន​លាក់​សត្វ​ស្លាប​ព្រៃ​រស់​ជិត ​៤០ ​ក្បាល ​ក្នុង​អាវធំ​ និង​ទ្រុង​សំណាញ់​របស់​ពួកគេ។​

​លោក​បន្តថា ​ក្នុង​ការសាកសួរ​ជំហាន​បឋម ​ជនសង្ស័យ​បាន​និយាយថា ​សត្វ​ស្លាប​ព្រៃ​ទាំងនោះ ​គឺ​ពួកគេ​ចាប់​ពី​ក្នុង​ចម្ការ​របស់​អ្នកភូមិ ​ដែល​នៅជាប់​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា ​ហើយ​មាន​បំណង​ដឹក​យកទៅ​លក់​ឱ្យ​ឈ្មួញ​ជនជាតិ​វៀតណាម​ម្នាក់ ​ដែល​រស់​នៅជាប់​ព្រំប្រទល់​ខេត្តមណ្ឌលគិរី​។​

​លោក​បញ្ជាក់ថា​៖ «ជា​នីតិវីធី ​ក្រុមការងារ​យើង​ បាន​បញ្ជូន​ជនសង្ស័យ ​និង​វត្ថុតាង​សត្វ​ស្លាប​ព្រៃ ​ប្រភេទ​សត្វ​ល្វាចេក​ចំនួន​ ៣៩​ ក្បាល ​រួមទាំង​ម៉ូតូ​ ២ គ្រឿង ​ទៅកាន់​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​កែវសីមា ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ​ដើម្បី​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់»។​

​លោក​ ស៊ិន ​សុថា ​នាយរង​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​កែវសីមា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​ជនសង្ស័យ​ទាំង ២​ ត្រូវបាន​ក្រុមមន្ត្រី​ជំនាញ​កសាង​សំណុំរឿង ​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​មណ្ឌលគិរី ​ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​នីតិវិធី ​ដោយ​ចោទប្រកាន់​ពីបទ​ចាប់ ​និង​ដឹកជញ្ជូន​សត្វ​ស្លាប​ព្រៃ​ខុស​ច្បាប់​។

​ទោះយ៉ាង​ណា ​លោក​មិនបាន​ប្រាប់​អំពី​អត្តសញ្ញាណ​នៃ​ជនសង្ស័យ​ទាំង​២​នាក់​នោះទេ​។ លោក​ថា​៖ «ករណីនេះ​កំពុង​ស្ថិតក្នុង​នីតិវិធី​នៃ​ការស៊ើបអង្កេត​នៅឡើយ​។ បច្ចុប្បន្ន​ពួកគេ​កំពុង​ស្ថិតក្រោម​នីតិវិធី​សួរចម្លើយ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី»។

​បទល្មើស​សត្វព្រៃ ​នៅតែ​បន្ត​កើតមាន​ស្ទើរ​គ្រប់​ទីកន្លែង នៃ​តំបន់​ការពារ​ធម្មជាតិ ​និង​តំបន់​ដែនជម្រក​សត្វព្រៃ ​នៃ​ប្រទេស​កម្ពុជា ​គួរឱ្យ​ព្រួយបារម្ភ ​បើទោះជា​ក្រុមមន្ត្រី​ឧទ្យានុរក្ស ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ​រួមទាំង​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋានបានរួម​សហការគ្នា​ចុះ​ល្បាត​ព្រៃ ​ដើម្បី​ស្រាវជ្រាវ ​បង្ការ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​នេះ​យ៉ាង​សស្រោក​​សស្រាំ​យ៉ាងណា​ក៏ដោយ​។

​កាល​ថ្ងៃទី​ ២១ ​វិច្ឆិកា ​ឆ្នាំ ​២០២២ ​ក្រុមមន្ត្រី​ឧទ្យានុរក្ស​នៃ​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំសំកុស ​ខេត្តបាត់ដំបង​ រួមទាំង​ប្រជា​សហគមន៍​មូលដ្ឋាន​ក្នុង​តំបន់​នោះ ​បាន​ជួយសង្គ្រោះ​សត្វ​កែះ​ញី​ ១ ​ក្បាល ​ដែលមាន​កូន​ក្នុង​ផ្ទៃ​រៀបនឹង​កើត ​ពី​អន្ទាក់​របស់​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​សត្វព្រៃ​។ ដោយសារ​ការប្រឹង​រើបម្រះ​ពី​អន្ទាក់​ខ្លាំងពេក ​បាន​ធ្វើឱ្យ​កូន​ក្នុង​ផ្ទៃ​របស់​វា​ងាប់​ក្នុង​ពោះ​។ ប៉ុន្តែ​សំណាង​ល្អ ​សត្វកែះ​ញី​ ១​ ក្បាល​នោះ ​ត្រូវបាន​សង្គ្រោះ​ជីវិត ​ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ ​Wildlife Alliance។ បច្ចុប្បន្ន ​សត្វ​កែះ​ញី​ ១​ ក្បាល​នោះ​ កំពុង​ស្ថិតក្រោម​ការព្យាបាល​និង​មើលថែ​ដោយ​ក្រុមមន្ត្រី​ជំនាញ​នៃ​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ។

​សត្វ​កែះ ​គឺជា​ប្រភេទ​សត្វ​កម្រ​លើ​ពិភពលោក ​និង​ត្រូវបាន​កត់សម្គាល់ថា ​មាន​វត្តមាន​ក្នុង​តំបន់​ការពារធម្មជាតិ​នៅ​កម្ពុជា​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​។

​លោក​ថ្លែងថា​៖ «បច្ចុប្បន្ន​នេះ ​សត្វ​កែះ​កំពុង​ប្រឈមមុខ​នឹង​ការបាត់បង់​ពូជ ​ដោយសារតែ​ការបរបាញ់​ ការដាក់​អន្ទាក់ ​និង​ការបាត់បង់​ទីជម្រក»។​

​បើ​តាម​លោក​ នេត្រ ភក្ត្រា ​អ្វីដែល​ធ្វើឱ្យ​សត្វ​កែះ​រងគ្រោះ​ខ្លាំង ​និង​ឈាន​ទៅរក​ការបាត់បង់​ពូជ​នោះ​ គឺ​ដោយ​សារ​តែ​ជំនឿ​អរូបីថា ​សំណាក​របស់​វា ​អាចជួយ​បំប៉ន​សុខភាព​ ឬ​ព្យាបាល​ជំងឺ​។ ជំនឿ​នេះ​បានធ្វើឱ្យ​មាន​ការប្រមាញ់ ​យក​សាច់ ​ស្នែង​ ឆ្អឹង​ និង​ឈាម​របស់​សត្វព្រៃ​ប្រភេទ​នេះ ​ ដើម្បី​ការជួញដូរ​ខុសច្បាប់​។ ជាមួយ​គ្នានេះ​លោក​បាន​អំពាវនាវ​ដល់​សាធារណជន ​បញ្ឈប់​ការហូប​សាច់សត្វ​ព្រៃ ​និង​បញ្ឈប់​ការដាក់​អន្ទាក់ ​បញ្ឈប់​ការបរបាញ់ ​និង​លក់ដូរ​សាច់​សត្វ​ព្រៃ៕

អត្ថបទគួរចាប់អារម្មណ៍