ភ្នំពេញៈ មន្ត្រីអ្នកនាំពាក្យនៃក្រសួងយុត្តិធម៌បានច្រានចោលចំពោះការលើកឡើងរបស់សង្គមស៊ីវិលដែលថា រដ្ឋាភិបាលធ្វើទុក្ខបុកម្នេញដល់អ្នកការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល តាមរយៈការប្រើប្រាស់យន្តការតុលាការ និងការគំរាមកំហែងបំបាក់ស្មារតីតាមរយៈការចោទប្រកាន់ ចាប់ខ្លួន និងការដាក់ទោសទណ្ឌទាំងបំពាន។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ថា កន្លងមកការអនុវត្តច្បាប់មិនមែនជាការធ្វើទុក្ខបុកម្នេញនោះទេ ប៉ុន្តែលោកតែងសង្កេតឃើញថា ក្រុមអង្គការសង្គមស៊ីវិល ឬសកម្មជនមួយចំនួនតូចដែលប្រឈមនឹងផ្លូវច្បាប់នាពេលកន្លងមកនោះដោយសារតែពួកគេបានប្រព្រឹត្តនូវអំពើ ឬសកម្មភាពដែលល្មើសទៅនឹងច្បាប់ដោយខ្លួនឯង។
លោក ជិន ម៉ាលីន បានលើកឡើងដូចនេះ បន្ទាប់ពីក្រុមសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហជីពដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប្រមាណជាង១០០ ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវដល់ស្ថាប័នតុលាការ និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជា រាជរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់ពួកគេ។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលលើសេចក្ដីសម្រេចផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា បានលើកឡើងថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងលើការកាត់សេចក្ដីយ៉ាងអយុត្តិធម៌មកលើអ្នកការពារសិទ្ធិមនុស្ស ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការកាត់សេចក្តីរបស់តុលាការទាំង៣ថ្នាក់ មកលើបុគ្គលិក និងអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក ។
អង្គការសង្គមស៊ីវិលថា សកម្មភាពរបស់បុគ្គលិក និងអតីតបុគ្គលិកសមាគមអាដហុកទាំងនេះ គឺជាការបំពេញការងារស្របទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលមានចែងជាធរមាន ជាពិសេសគោលការណ៍សិទ្ធិមនុស្ស និងគោលនយោបាយនានាលើការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។
តាមរយៈសេចក្តីថ្លែងការណ៍នេះ អង្គការសង្គមស៊ីវិលទាំងនោះ បានអំពាវនាវដល់ស្ថាប័នតុលាការ និងស្ថាប័នពាក់ព័ន្ធធ្វើការកែលម្អ និងពង្រឹងការអនុវត្តប្រព័ន្ធច្បាប់នៅកម្ពុជាឱ្យមានយុត្តិធម៌ពេញលេញ និងស្របតាមគោលការណ៍នីតិរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឋានៈកម្ពុជាជាសមាជិកនៃអង្គការសហប្រជាជាតិផងដែរ។
ជាមួយគ្នានេះដែរ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ ក៏ស្នើឱ្យរដ្ឋសភាដែលតំណាងឱ្យប្រជាពលរដ្ឋខ្មែរ ពិនិត្យច្បាប់ឡើងវិញ និងត្រូវធ្វើវិសោធនកម្ម ចៀសវាងសកម្មភាពនិងការគាំទ្រមនុស្សធម៌ចំពោះជនរងគ្រោះដោយការរំលោភសិទ្ធិមនុស្សដោយសុច្ឆន្ទៈ បែរទៅជាមានទោសព្រហ្មទណ្ឌទៅវិញ ដែលអាចប៉ះពាល់ដល់កិច្ចការសង្គ្រោះប្រជាពលរដ្ឋស្លូតត្រង់ជាច្រើន និងដើម្បីធានាដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «សូមរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់អ្នកការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិលតាមរយៈការប្រើប្រាស់យន្តការតុលាការ ការគំរាមកំហែងបំបាក់ស្មារតីតាមរយៈការចោទប្រកាន់ ចាប់ខ្លួនដាក់ទោសទណ្ឌទាំងបំពានចំពោះសកម្មជនអ្នកការពារសិទ្ធិមនុស្ស ផ្ទុយទៅវិញរាជរដ្ឋាភិបាលត្រូវខិតខំបង្កើតយន្តការធ្វើយ៉ាងណា ដើម្បីធានាឱ្យមានប្រសិទ្ធភាពខ្ពស់ដល់អ្នកការពារសិទ្ធិមនុស្ស»។
ជាការឆ្លើយតប លោក ជិន ម៉ាលីន បានបញ្ជាក់ថា៖«យើងសង្កេតឃើញថា ក្រុមគាត់ ឬក៏សកម្មជនរបស់គាត់មួយចំនួនតូចនោះ បានប្រព្រឹត្តនូវអំពើ ឬធ្វើសកម្មភាពដែលជាអំពើល្មើសទៅនឹងច្បាប់ដែលនាំឱ្យមានការប្រឈមចំពោះមុខច្បាប់ ហើយមានតែមួយក្រុមតូចនោះទេដែលយកលេសប្រើប្រាស់រូបភាពសង្គមស៊ីវិល និងការអនុវត្តសិទ្ធិ ឬការងារសង្គមយកមកបិទបាំង ប៉ុន្តែច្បាប់គឺនៅតែជាច្បាប់ មិនអាចយកមកបិទបាំងបានទេ»។
អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា នៅពេលដែលមានសកម្មភាពល្មើសច្បាប់ណាមួយគឺត្រូវតែប្រឈមមុខនឹងផ្លូវច្បាប់ ហើយអ្នកដែលប្រឈមមុខនឹងច្បាប់ត្រូវតែធ្វើការការពារខ្លួនតាមផ្លូវច្បាប់ ដោយបង្ហាញនូវភ័ស្តុតាង ឬទឡ្ហីករណ៍ឱ្យបានរឹងមាំ ដើម្បីធ្វើការដោះបន្ទុក មិនមែនធ្វើការតវ៉ាទាមទារឱ្យគេដោះលែង ទម្លាក់ចោលបទចោទនៅពេលដែលខ្លួនប្រព្រឹត្តខុសនោះទេ។
លោក ជិន ម៉ាលីន បានប្រាប់ថា៖ «អ៊ីចឹងវាអត់មានអីត្រូវពិបាកទេ បើគាត់មិនចង់ប្រឈមមុខផ្លូវច្បាប់ សូមធ្វើសកម្មភាពទាំងឡាយណាដែលស្របទៅនឹងច្បាប់ជាតិក៏ដូចជារដ្ឋធម្មនុញ្ញជាជាងធ្វើសកម្មភាពបំពានច្បាប់ ហើយយកលេសរូបភាពសង្គមស៊ីវិល ការងារសង្គម ការងារសិទ្ធិមនុស្ស មកបិទបាំង អាហ្នឹងមិនអាចទៅរួចបានទេ»។
បើតាមសេចក្តីថ្លែងការណ៍ដដែលនេះបានបញ្ជាក់ដែរថា ការសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃ ១៨ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ និងសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ ដែលសម្រេចផ្តន្ទាទោសទៅលើបុគ្គលិក សមាគមអាដហុកចំនួន៣រូប។
បុគ្គលិក៣រូបនេះ មាន លោក នី សុខា, លោកស្រី លឹម មុនី, លោក យី សុខសាន្ត និងអតីតបុគ្គលិកសមាគម ចំនួន ២ រូបផ្សេងទៀតគឺលោក ណៃ វ៉ង់ដា និងលោក នី ចរិយា ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗចំនួន៥ឆ្នាំ ដោយអនុវត្តក្នុងពន្ធនាគារចំនួន ១៤ ខែ ១ ថ្ងៃ។
ចំណែកទោសដែលនៅសល់ត្រូវព្យួរធម្មតាពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីតាមបទប្បញ្ញត្តិមាត្រា ២៩ និងមាត្រា ៥៤៨ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសេចក្តីសម្រេចដែលបិទផ្លូវតវ៉ា។យើងខ្ញុំជាអង្គការសង្គមស៊ីវិលមានការបារម្ភថាសេចក្តីសម្រេចនេះអាចប៉ះដល់សកម្មភាពរបស់អង្គការសង្គមស៊ីវិល ដូចជា គោលការណ៍ជួយឧបត្ថម្ភដល់ជនរងគ្រោះខ្លះដែលអាចក្លាយទៅជាមានទោសព្រហ្មទណ្ឌពីបទសូកប៉ាន់សាក្សីដូចការសម្រេចរបស់តុលាការបែបនេះទៅវិញ។
អង្គការសង្គមស៊ីវិលសង្កតឃើញថា ការសម្រេចសេចក្តីនេះមានចំណុចវិជ្ជមាន និងអវិជ្ជមានមួយចំនួន ដូចជាការសម្រេចមិនផ្តន្ទាទោសបន្ថែម និងការច្រានចោលបណ្តឹងសារទុក្ខរបស់អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភ្នំពេញ ប៉ុន្តែមានការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចសេចក្ដីនេះ។
សូមបញ្ជាក់ថា ក្រុមសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហជីពដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប្រមាណជាង ១០០ ស្ថាប័ន មានដូចជា សហភាពការងារកម្ពុជា, សម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា, សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ,អង្គការសង់ត្រាល់ (CENTRAL)និងស្ថាប័នមួយចំនួនទៀត៕