
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ កាលពីថ្ងៃម្សិលមិញ។ រូបថត SPM
សៀមរាបៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលមានមហាអំណាចទាំង ២ ចិន និងអាមេរិកផងនោះ ជជែកគ្នាដោយបើកចំហ និងស្មោះត្រង់ ដើម្បីឆ្ពោះទៅរកការបំបាត់ភាពតានតឹង និងការបង្ការជម្លោះនាពេលអនាគត ខណៈមានការកើនឡើងនៃភាពស្មុគស្មាញនៃសន្តិសុខក្នុងតំបន់ ក៏ដូចជាពិភពលោក។
លោកជំរុញរដ្ឋមន្ត្រីទាំងនេះ ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិដែលផ្អែកលើការជឿទុកចិត្ត និងប្រជាជនជាស្នូល ខណៈអាស៊ានបានកំណត់យកសន្តិសុខ និងសុខុមាលភាពរបស់ប្រជាជនជាមូលដ្ឋាន ក្នុងគោលនយោបាយសន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួន។
ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ នៅក្រុងសៀមរាប នាថ្ងៃទី ២៣ ខែវិច្ឆិកា លោក ហ៊ុន សែន ថ្លែងថា៖ «ដើម្បីសម្រេចបាននូវសន្តិសុខប្រកបដោយភាពសុខដុមនៅក្នុងតំបន់ យើងត្រូវលើកកម្ពស់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ។ ដោយសារមានការកើនឡើងនៃភាពស្មុគស្មាញ និងលក្ខណៈច្រើនទម្រង់របស់សន្តិសុខ និងការគំរាមកំហែងឆ្លងដែន យើងត្រូវតែសហការឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និងឧបសគ្គទាំងនេះ»។
លោកបន្តថា ជំងឺរាតត្បាតកូវីដ ១៩ គឺជាសញ្ញាដាស់តឿនឱ្យយកចិត្តទុកដាក់កាន់តែខ្លាំងដល់សន្តិសុខផ្នែកសុខភាព។ សន្តិសុខអាកាសធាតុ គឺជាបញ្ហាសំខាន់ ១ ទៀត ដែលចាំបាច់ត្រូវប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែង និងធនធានបន្ថែមទៀត។ កិច្ចសហប្រតិបត្តិការរវាងស៊ីវិល និងយោធាលើសន្តិសុខគ្រប់ជ្រុងជ្រោយ គឺកាន់តែមានសារៈសំខាន់។
ខណៈកិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin លោក ហ៊ុន សែន ក៏បានជំរុញដល់ប្រមុខការពារជាតិអាស៊ានបូកទាំងនោះ រួមគ្នាដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណី។
លោកថ្លែងថា៖ «ទំនាក់ទំនង និងកិច្ចពិភាក្សាគ្នាដោយបើកចំហស្មោះត្រង់ និងប្រកបដោយបរិយាប័ន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង ការបង្ការជម្លោះនាពេលអនាគត និងការកសាងសន្តិសុខប្រកបដោយភាពសុខដុម ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក»។

អ្នកចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកលើកទី ៩ ម្សិលមិញ។ រូប SPM
លោកនាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងថា ភាពមិនប្រាកដប្រជា ការផ្លាស់ប្តូរឆាប់រហ័ស ភាពស្មុគស្មាញ និងភាពមិនប្រក្រតីនៃសន្តិសុខសកល និងបរិស្ថានសេដ្ឋកិច្ចកំពុងមានការកើនឡើង។ ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការបន្តដោះស្រាយជំងឺរាតត្បាតកូវីដ ១៩ វិបត្តិស្បៀងអាហារ និងថាមពល ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងសង្គ្រាមបានបង្កើតឱ្យមាននូវស្ថានភាពដ៏អាក្រក់ ១ ។
លោកលើកឡើងថា បញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុក៏កាន់តែបង្ហាញច្បាស់ទាំងទំហំ និងភាពញឹកញាប់។ ពិភពលោកកំពុងស្ថិតក្នុងរបត់ដ៏សំខាន់ ១ ស្របពេលវិបត្តិដ៏ស្មុគស្មាញជាច្រើន បាននិងកំពុងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់ប្រជាជាតិទាំងឡាយនៅជុំវិញពិភពលោក។ ការធ្លាក់ចុះនៃយន្តការពហុភាគីនិយមក៏ធ្វើឱ្យទាំងអស់គ្នាទទួលរងនូវផលវិបាក។
លោក ហ៊ុន សែន ចាត់ទុកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនេះមានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និងការកសាងសមត្ថភាពដើម្បីសន្តិភាព និងវិបុលភាព។
លោកក៏បានលើកពីជំហររបស់កម្ពុជាដែលគាំទ្រយ៉ាងមុតមាំជានិច្ចចំពោះយន្តការពហុភាគីនិយម ប្រកបដោយបរិយាប័ន្ន និងបើកចំហក៏ដូចជាចំពោះការពង្រឹងយន្តការដឹកនាំដោយអាស៊ាន ឬសណ្តាប់ធ្នាប់តំបន់ ដែលដឹកនាំដោយអាស៊ាន និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ។
កាលពីថ្ងៃទី ២២ ខែវិច្ឆិកា លោក Austin និងលោក Wei បានជួបទល់មុខគ្នាក្នុងឱកាសនៃកិច្ចប្រជុំអាស៊ានបូកនេះនៅខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ភាគីទាំង ២ ក៏បានពិភាក្សាអំពីទំនាក់ទំនងការពារជាតិរវាងសហរដ្ឋអាមេរិក និងចិន ព្រមទាំងបញ្ហាសន្តិសុខនៅក្នុងតំបន់ និងពិភពលោក ខណៈនោះលោក Austin បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ និងរក្សាទំនាក់ទំនងបើកចំហ។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គ សម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការបង្ហាញក្តីកង្វល់របស់កម្ពុជាចំពោះការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចទាំង ២ គឺចិន និងសហរដ្ឋអាមេរិក នៅក្នុងតំបន់។
លោកថ្លែងថា ការបង្កើតអនុកតិកាសញ្ញាសន្តិសុខនានា ដូចជាកិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) និងកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (AUKUS) បានធ្វើឱ្យអាស៊ានទាំងមូលមានការព្រួយបារម្ភអំពីការងើបឡើងនៃការប្រកួតប្រជែងសព្វាវុធក្នុងតំបន់ និងការសាយភាយអាវុធនុយក្លេអ៊ែរ។ កម្ពុជាសាទរចំពោះជំនួបពិភាក្សា រវាងរដ្ឋមន្ត្រីការពារជាតិ មហាអំណាចទាំង ២ ដែលបានបង្ហាញអំពីការយកចិត្តទុកដាក់ដល់សន្តិសុខពិភពលោក សម្របសម្រួលការប្រឈមមុខដាក់គ្នា មកជាកិច្ចសហប្រតិបត្តិការ ដើម្បីប្រយោជន៍រួម និងតំបន់។
លោកថ្លែងថា៖ «កិច្ចពិភាក្សាទល់មុខរវាងរដ្ឋមន្ត្រីការពារជាតិទាំង ២ នឹងបង្កភាពងាយស្រួលបន្ថែមទៀតដល់ប្រទេសទាំង ២ ក្នុងការកសាងទំនុកចិត្ត។ ការចរចា និងពិភាក្សាប្រកបដោយស្ថាបនា និងចីរភាពនឹងលើកកម្ពស់ដល់វិបុលភាព និងស្ថិរភាពក្នុងតំបន់ ដែលមានសហរដ្ឋអាមេរិក និងចិនជាស្នូល»។
លោកបន្តថា៖ «ទាំងកម្ពុជា និងសមាជិកអាស៊ានដទៃទៀត ចង់ឃើញមហាអំណាចទាំង ២ ធ្វើការរួមគ្នា ដោយក្នុងកិច្ចអភិវឌ្ឍន៍ និងថែរក្សាសន្តិសុខតំបន់ជាជាងការបញ្ចេញសាច់ដុំយោធាដាក់គ្នាទៅវិញទៅមក»៕
វីដេអូ៖