ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាល កសាងសមត្ថភាព ដល់សមាជិកគណៈកម្មការខេត្តមណ្ឌលគិរី អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥ ដែលរៀបចំធ្វើឡើងនៅមន្ទីរការងារ ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពជំនាញ ខេត្តមណ្ឌលគិរីប្រមាណ ៤០ នាក់។
លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីបើកវគ្គនេះថា រហូតមកដល់បច្ចុប្បន្ននេះ មានសកម្មភាពមួយចំនួននៃគោលនយោបាយនេះ កំពុងតែត្រូវបានអនុវត្តយ៉ាងសកម្មដោយក្រសួង ស្ថាប័ន និងអង្គភាពនានា ព្រោះសកម្មភាពទាំងឡាយនោះ ក៏ត្រូវបានកំណត់ផងដែរ នៅក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពប្រចាំឆ្នាំនីមួយៗនៃទិសដៅការងារ និងបេសកកម្មរបស់សាមីអង្គភាពរួចហើយ។
លោកថា មន្ទីរ និងអង្គភាពជំនាញនីមួយៗ នៅថ្នាក់រាជធានី-ខេត្ត មានកាតព្វកិច្ចចូលរួមអនុវត្តគោលនយោបាយនេះ ដើម្បីជួយជំរុញឱ្យរដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងស្ថាប័ននានានៅថ្នាក់ជាតិ ឱ្យឈានទៅសម្រេចផែនការសកម្មភាពរួមប្រចាំឆ្នាំនីមួយៗ ចូលរួមក្នុងការបង្កើនឱកាសការងារសមរម្យ ផលិតភាពការងារខ្ពស់ លើកកម្ពស់ការអភិវឌ្ឍជំនាញនិងធនធានមនុស្ស និង ពង្រឹងអភិបាលកិច្ចទីផ្សារការងារ នៅទូទាំងប្រទេស។
លោកហ៊ូ វុឌ្ឍី បញ្ជាក់ថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះហើយ ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ នៅខេត្តមណ្ឌលគិរី នឹងកាន់តែមានប្រសិទ្ធភាព ១ កម្រិតទៀត ក្នុងការជួយលើកស្ទួយការគ្រប់គ្រងវិស័យការងារ និងមុខរបរនៅកម្ពុជា ឱ្យបានស្របទៅតាមការប្រែប្រួល និងការផ្លាស់ប្តូរនានានៅក្នុងរចនាសម្ព័ន្ធគ្រប់វិស័យនៃសង្គមជាតិ ដែលត្រូវតែវិវត្តខ្លួនឱ្យត្រូវទៅតាមជំហាននីមួយៗ នៃការរីកលូតលាស់ខាងផ្នែកបច្ចេកវិទ្យា និងការប្រែប្រួលខាងចិត្តសាស្ត្រសង្គម។
លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ និងផ្តល់ការយល់ដឹងបន្ថែមទៀតសម្រាប់គណៈកម្មការខេត្តមណ្ឌលគិរី ដើម្បីឈានទៅដល់ការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តនៅថ្នាក់ខេត្ត និងការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ ឲ្យទទួលបានជោគជ័យ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារកម្ពុជាឆ្នាំ ២០១៥-២០២៥ ត្រូវបានបង្កើតឡើងស្របតាមបរិបទនិងស្ថានភាពជាក់លាក់នៃកម្ពុជា ដោយបានពិនិត្យ និងអនុលោមទៅតាមបទប្បញ្ញត្តិនៃអនុសញ្ញានៃអង្គការ អន្តរជាតិខាងការងារ(ILO)ឆ្នាំ ១៩៦៤ ស្តីពីគោលនយោបាយមុខរបរ។
គោលនយោបាយមុខរបរ ដែលមានចក្ខុវិស័យលើកកម្ពស់ជីវភាពរស់នៅថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូបភាពសុខដុមរមនាសង្គមតាមរយៈការបង្កើតការងារសមរម្យ និងមានផលិតផលខ្ពស់ ជូនពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសមធម៌។
គោលនយោបាយនេះ ត្រូវបានរៀបចំស៊ីចង្វាក់គ្នាទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលមានចក្ខុវិស័យជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ឈានទៅឧស្សាហកម្មទំនើប ដែលផ្អែកលើជំនាញ មានតម្លៃបន្ថែមខ្ពស់ លើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារខ្ពស់៕