ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បង្ហាញពីមោទនភាពរបស់កម្ពុជា ដែលបានរៀបចំកិច្ចប្រជុំការពារជាតិអាស៊ាន-បូក (ADMM-Plus) ដែលបានចេញសេចក្ដីថ្លែងការណ៍រួមបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ប្រទេសសមាជិកទាំងអស់ ក្នុងនោះក៏មានមហា អំណាចចំនួន ២ គឺសហរដ្ឋអាមេរិកនិងចិនផងដែរ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៦ និង ADMM-Plus លើកទី៩ ដែលក្រសួងការពារជាតិកម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានរៀបចំឡើងនៅក្រុងសៀមរាបខេត្តសៀមរាប នាថ្ងៃទី ២២-២៣ ខែវិច្ឆិកា ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិបណ្តាប្រទេសអាស៊ាន ប្រទេសអាស៊ានបូក និងអគ្គលេខាធិការអាស៊ាន។
ក្នុងសេចក្តីថ្លែងការណ៍រួមកម្រាស់ ៦ ទំព័រ ចេញកាលពីថ្ងៃទី ២៣ វិច្ឆិការដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ដែលមានចិន និងសហរដ្ឋអាមេរិកផងដែរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខប្រកបដោយនិរន្តរភាពក្នុងតំបន់ ដោយពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ និងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងអាស៊ាន និងតំបន់ឱ្យបានទូលំទូលាយ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាក្រោមយន្តការដឹកនាំដោយអាស៊ាន ជាពិសេសក្របខ័ណ្ឌ ADMM-Plus ស្របតាមគោលការណ៍ដែលបានកំណត់នៅក្នុងទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «យើងសូមប្រកាសលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងប្រទេស តំបន់ តាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ អភិបាលកិច្ចល្អ គោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋាភិបាល រដ្ឋធម្មនុញ្ញ ការគោរព និងការលើកកម្ពស់នៃសេរីភាពជាមូលដ្ឋាន និងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស»។
ក្នុងសន្និសីទកាសែត បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំនេះ នាថ្ងៃទី ២៣ វិច្ឆិកា នោះដែរ លោកទៀ បាញ់ បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានផ្លាស់ប្តូរទស្សនៈគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយភាពសុខដុម។
រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏មានជំនួបក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការពារជាតិឥណ្ឌា និងរដ្ឋមន្ត្រីការពារជាតិប្រទេសអាស៊ានបូកនានាជាបន្តបន្ទាប់ ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហការរវាងអាស៊ាន និងប្រទេសទាំងនេះ។
បើតាមលោកទៀ បាញ់នៅក្នុងកិច្ចប្រជុំ ADMM-Plus រដ្ឋមន្ត្រីទាំងនេះ ក៏បានស្ដាប់របាយការណ៍អំពីការវិវឌ្ឍថ្មីៗ នៅតំបន់អាស៊ានព្រមទាំងបានផ្លាស់ប្តូរទស្សនៈគ្នាអំពីបរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិក៏ដូចជាជំរុញកិច្ចសន្ទនាយុទ្ធសាស្ត្រដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិនៅក្នុងតំបន់។ លោកបន្តថា សមិទ្ធផលមួយដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះសម្រេចបាន គឺការប្រកាសអំពីការឯកភាពរបស់អាស៊ានក្នុងការអនុញ្ញាតឱ្យប្រទេសកាណាដា បារាំង និងអង់គ្លេស អាចចាប់ផ្ដើមអនុវត្តកម្មវិធី សង្កេតការណ៍របស់ខ្លួន ក្នុងនាមក្រុមការងារជំនាញនៃប្រទេសអាស៊ានបូកនៅឆ្នាំ ២០២៣ ខាងមុខ។
លោកទៀ បាញ់ ថ្លែងថា៖ «អ្វីដែលជាមោទនភាពរបស់កម្ពុជាក្នុងកិច្ចប្រជុំលើកនេះគឺ ADMM-Plus អាចចេញសេចក្ដីថ្លែងការណ៍រួមដែលបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សមាជិកទាំងអស់ក្នុងការរក្សាសន្តិភាពស្ថិរភាពតំបន់តាមរយៈការគាំទ្រមជ្ឈភាព និងតួនាទីស្នូលរបស់អាស៊ាននៅក្នុងយន្តការតំបន់អាស៊ានយើងនេះ»។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គ សម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ភ្នំពេញប៉ុស្តិ៍ថា កម្ពុជាបានទទួលជោគជ័យជាផ្លែផ្កា សម្រាប់កិច្ចប្រជុំ ADMM និង ADMM-Plus ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន។
លោកបន្តថា ការចូលរួមពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ាន គឺជាការលើកកម្ពស់យន្តការ ស្ថាប័នតំបន់ក្នុងតួនាទីថែរក្សាសន្តិភាពនិងស្ថិរភាពតំបន់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ពីសមាជិកស្ថាប័នតំបន់ និងការពិភាក្សាប្រកបដោយបរិយាប័ន្ន បើកចំ និងស្មោះត្រង់។ ដ្បិតកម្ពុជាជាប្រទេសតូចតែកម្ពុជាមានមហច្ឆិតាធំក្នុងការកសាងតំបន់សន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជាសមាជិកទាំងអស់។
លោកម៉េងដាវិតថ្លែងថា៖ «កម្ពុជាបាននិងកំពុងខិតខំជំរុញការទូតសន្តិភាព (Peace Diplomacy) ដែលទាមទារឱ្យយោធាកម្ពុជាមានសមត្ថភាពនិងបទពិសោធន៍គ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។ ដូចនេះហើយ ការចូលរួម និងការពង្រឹងកិច្ចសហប្រតិបត្តិការ យោធាជាមួយ ប្រទេសជាដៃគូអាស៊ាន និងសមាជិកអាស៊ានដទៃទៀត គឺចាំបាច់ណាស់សម្រាប់កងទ័ពកម្ពុជា ក្នុងកិច្ចការពារថែរក្សាស្ថិរភាព និងសន្តិភាពតំបន់ និងសកល»។
នៅក្នុងសន្និសីទកាសែតនេះផងដែរលោកទៀ បាញ់ ក៏បានបង្ហាញពីបំណងចង់ស្តារទំនាក់ទំនងជាមួយអាមេរិក ឡើងវិញលើវិស័យការពារជាតិ។ លោកបានបរិយាយពីជំនួបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកថា ជាឱកាសមួយ ដែលធ្វើឱ្យមេដឹកនាំយោធានៃប្រទេសទាំង ២ កម្ពុជា-សហរដ្ឋអាមេរិក អាចជជែកគ្នាត្រង់ទៅត្រង់មក។
លោកថា កម្ពុជាចង់ឱ្យមានទំនាក់ទំនងល្អជាមួយអាមេរិក ឡើងវិញក្នុងវិស័យយោធា។ លោកទៀ បាញ់ថ្លែងថា៖ «ខ្ញុំវាយតម្លៃបានថា ជាការជួបនិយាយគ្នាផ្ទាល់រវាងក្រសួងការពារជាតិទាំង ២ ។ ច្បាស់ណាស់យើងបានបញ្ជាក់ត្រង់ៗពីបញ្ហាមួយចំនួនដែលមានថមថយជាខ្លាំងលើកិច្ចសហប្រតិបត្តិការផ្នែកយោធានេះ ប៉ុន្តែក្នុងពេលពិភាក្សានេះ យើងកំពុងរកវិធីស្ដារសភាពការណ៍...»។
ទោះយ៉ាងណាក្ដី ភាគីកម្ពុជាតំណាងដោយលោកទៀ បាញ់ ចង់ទាក់ទងជាមួយអាមេរិក លើកិច្ចសហប្រតិបត្តិការណាមួយ ដែលមិននិយាយពីបញ្ហារសើបពេក។ លោក ទៀ បាញ់ថ្លែងថា៖ «ចង់ជ្រើសរើសប្រធានបទណាមួយដែលវាអាចនឹងមិនមានភាពរសើបពេក ដូចជាការងារមនុស្សធម៌ក៏ដោយ ឬហ្វឹកហ្វឺនវិជ្ជាជីវៈអីជាដើម ឬបញ្ហាមួយចំនួនដែលឃ្លាតខាងនយោបាយ»។
លោកបន្ថែមថា ភាគីអាមេរិកក៏យល់ឃើញស្រដៀងនឹងកម្ពុជាដែរ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin នៅតែបញ្ជាក់ជំហរនិយាយពីមូលដ្ឋានទ័ពសមុទ្ររាមដដែល។ រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានឆ្លើយតប ចំពោះបញ្ហាសមុទ្ររាមជាថ្មីទៀតថា គ្មានមូលដ្ឋានទ័ពចិនឬគ្មានបំណងដាក់ទ័ពចិនអ្វីឡើយ។
ទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការផ្នែកយោធា រវាងកម្ពុជា និងអាមេរិក បានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៧ មក។ អ្នកឃ្លាំមើលបញ្ហានយោបាយធ្លាប់អះអាងថា ទំនាក់ទំនងនេះ ធ្លាក់ចុះដោយសារតែកម្ពុជាងាកកាន់តែខ្លាំងទៅចិន។ កាលពីខែមករា ឆ្នាំ ២០១៧ កម្ពុជាបានលុបចោលសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក។ នោះជាលំហាត់សមយុទ្ធយោធា ឆ្មាំអង្គរ ដែលត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំ រួមគ្នា ៧ ឆ្នាំជាប់ៗគ្នា។
ក្រសួងការពារជាតិកម្ពុជាបានអះអាងប្រាប់អ្នកសារព័ត៌មានថា ការផ្អាកសមយុទ្ធឆ្មាំអង្គរនេះ មិនស្ថិតក្រោមឥទ្ធិពលរបស់ចិនទេ បើទោះបីជាចិនទើបតែធ្វើសមយុទ្ធជាមួយកម្ពុជាកាលពីខែធ្នូ ឆ្នាំ ២០១៦ ក៏ដោយ។ជារៀងរាល់ឆ្នាំកម្ពុជាតែងទទួលបានជំនួយយោធាពីចិនរាប់តាំងពីថ្នាំសង្កូវ រហូតដល់យុទ្ធោបករណ៍នានា។
ទោះជាយ៉ាងណាក្ដីសហរដ្ឋអាមរិក នៅមានសេនានុព័ន្ធយោធាប្រចាំនៅកម្ពុជា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការយោធា។ ប៉ុន្តែមិនទាន់ឃើញមានសញ្ញានៃការធ្វើសមយុទ្ធរួមគ្នា ឬសហប្រតិបត្តិការដល់កម្រិតមុនឆ្នាំ ២០១៧ នៅឡើយ៕