ភ្នំពេញៈ គណៈកម្មាធិកា​សិទ្ធិមនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.) ចាប់ផ្តើម​សាកល្បង​ដាក់​ប្រអប់​បណ្តឹង​សម្រាប់​ជន​ជាប់ឃុំ​ដាក់​ពាក្យ​បណ្តឹងតវ៉ា នៅ​ចំនួន ៣ ទីតាំង គឺ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី ១​ម១) មណ្ឌល​អប់រំ​កែប្រែ​ទី ២ (​ម​២) និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ដើម្បី​ការពារ​សិទ្ធិសេរីភាព​របស់​ជន​ជាប់ឃុំ។​

​កាលពី​ថ្ងៃទី ២៤ ខែវិច្ឆិកា លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន គ​.​ស​.​ម​.​ក​.បាន​ដឹកនាំ​សមាជិក និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​គ​.​ស​.​ម​.​ក​. ចុះ​ដាក់​ប្រអប់​បណ្តឹង​នៅ ៣ ទីតាំង​នេះ។​

​សេចក្តីប្រកាស​ព័ត៌មាន គ​.​ស​.​ម​.​ក​. បញ្ជាក់​នា​ថ្ងៃទី ២៤ ខែវិច្ឆិកា ថា​៖ «​ឯកឧត្តម កែវ រ៉េមី មាន​គំនិត​ផ្ដួចផ្ដើម​ក្នុងការ​រៀបចំ​ប្រអប់​បណ្តឹង ដើម្បី​ដាក់​តាម​បណ្តា​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ ក្នុង​គោលបំណង​បន្ត​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​រវាង​គ​.​ស​.​ម​.​ក​. និង​ពន្ធនាគារ ក្នុងការ​លើក​កម្ពស់ ការគោរព និង​ការការពារ​សិទ្ធិសេរីភាព​របស់​ជន​ជាប់ឃុំ»។

​តាមរយៈ​ប្រអប់​បណ្តឹង​នេះ ជន​ជាប់ឃុំ​អាចដាក់​ពាក្យ​បណ្តឹងតវ៉ា​របស់​ខ្លួន​ដោយ​សម្ងាត់​ពាក់ព័ន្ធ​នឹង​ភាពមិន​ប្រក្រតី​ក្នុង​ពន្ធនាគារ និង​ការអនុវត្ត​នូវ​សិទ្ធិសេរីភាព​របស់​ខ្លួន​ជូន គ​.​ស​.​ម​.​ក​. ដើម្បី​ពិនិត្យ អង្កេត និង​ដោះស្រាយ។​

​ការដាក់​ប្រអប់​បណ្តឹង​នៅ​ចំនួន ៣ ទីតាំង​នេះ គឺជា​ចំណុច​ចាប់ផ្ដើម និង​ជា​គម្រោង​សាកល្បង​មុនពេល​ឈាន​ដល់​ការ​សម្រេច​ដាក់​ប្រអប់​បណ្តឹង​របស់ គ​.​ស​.​ម​.​ក​ នៅ​គ្រប់​បណ្តា​ពន្ធនាគារ​ទូទាំង​រាជធានី ខេត្ត។

​គ​.​ស​.​ម​.​ក​. បាន​កោតសរសើរ​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក៏ដូចជា​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ទូទាំង​រាជធានី ខេត្ត ដែល​តែងតែ​ធ្វើការ​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​លើក​កម្ពស់​ការ​គោរព និង​ការការពារ​សិទ្ធិសេរីភាព​របស់​ជន​ជាប់ឃុំ ក៏ដូចជា​ការពង្រឹង​នូវ​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ពន្ធនាគារ៕​