ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ដែលមានសមាសភាពដឹកនាំចំនួន ១៩ រូប ក្នុងនោះមានប្រធានចំនួន ១ រូប ដឹកនាំដោយលោកម៉ៅ ច័ន្ទតារា អនុប្រធានចំនួន ៤ រូប សមាជិក ចំនួន ៨ រូប និងក្រុមជំនួយការនៃក្រុមការងារ ចំនួន ៦ រូប។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ប្រុក ម៉ៃឧត្តម អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានអាននូវសេចក្តីសម្រេចនេះក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៤ វិច្ឆិកា។
បើយោងតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៤ វិច្ឆិកា បានបើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព លោកម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយមានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញផងដែរ។
លោកឧត្តមសេនីយ៍ឯក ប្រុក ម៉ៃឧត្តម ដែលជាអ្នកអានសេចក្តីសម្រេចបញ្ជាក់ថា ក្រុមការងារនេះ ត្រូវបំពេញតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ ដើម្បីដាក់ចេញនូវផែនការសកម្មភាព ក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជិតអស់សុពលភាព (មុនរយៈពេល ៩០ ថ្ងៃ)។
ទន្ទឹមនេះ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣ ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញ និងពន្លឿនការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬជិតអស់សុពលភាព (មុនរយៈពេល៩០ថ្ងៃ) ឬបាត់ និងខូច ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានទាន់ពេលវេលា។
លោកលើកឡើងថា នៅក្នុងនេះចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានខិតខំផ្សព្វផ្សាយ និងជំរុញដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យចូលរួមអនុវត្តបំពេញបែបបទនីតិវិធីដើម្បីធ្វើឡើងវិញសម្រាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬជិតអស់សុពលភាព ឬបាត់ និងខូច បានយ៉ាងទូលំទូលាយ។
នៅក្នុងឱកាសនោះ លោកម៉ៅ ច័ន្ទតារា បានធ្វើការណែនាំជាថ្មីម្តងទៀតដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ឱ្យខិតខំអនុវត្តតួនាទីភារកិច្ចដែលក្រសួងមហាផ្ទៃបានប្រគល់ជូន ក៏ដូចជាយកធាតុចូលសំខាន់ៗដែលកើតឡើងក្នុងកិច្ចប្រជុំនាពេលនេះ យកទៅបំពេញបន្ថែមលើចំណុចខ្វះខាត និងខិតខំជំរុញមន្ត្រីក្រោមឱវាទ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាឱ្យដំណើរការយុទ្ធនាការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋបានទាន់ពេលវេលាដែលបានដាក់ចេញ។
លោកបានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនេះឡើងគឺដើម្បីប្រកាសសមាសភាពក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា និងដើម្បីជួបពិភាក្សាពិគ្រោះយោបល់រៀបចំផែនការយុទ្ធសាស្ត្រ និងយុទ្ធនាការក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋ។
លោកបានបន្តថា តាមផែនការរបស់ក្រសួងមហាផ្ទៃ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានេះត្រូវធ្វើឱ្យបានចប់សព្វគ្រប់នៅត្រឹមថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។
ជាមួយគ្នានេះ លោកម៉ៅ ច័ន្ធតារា បានណែនាំថា ដើម្បីអនុវត្តឱ្យបានសម្រេចជោគជ័យលើផែនការនេះ ក្រុមការងារត្រូវចូលរួមមតិយោបល់ជាធាតុចូលឱ្យបានច្រើនបំផុតដើម្បីពិភាក្សាដាក់ចូលក្នុងផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តផែនការសកម្មភាពនេះឱ្យបានពេញលេញ និងសម្រេចបានតាមការរំពឹងទុក។
បើតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាព ឬសល់រយៈពេល ៩០ ថ្ងៃ ឱ្យអញ្ជើញទៅបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណថ្មី។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ក៏បានចេញសេចក្តីណែនាំមួយជូនដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស ឱ្យពង្រឹងការអនុវត្តតួនាទីភារកិច្ច ក្នុងការចុះបញ្ជីស្នាក់នៅ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋអាចយកទៅប្រើប្រាស់ជាផលប្រយោជន៍ ឬក្នុងការអនុវត្តនូវសិទ្ធិនានា ស្របតាមគោលការណ៍ច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ដែលបានកំណត់៕