ភ្នំពេញៈ វិស័យតែងនិពន្ធជាវិស័យមួយដែលគ្រប់ប្រទេសជាសកលមាន និងជាវិស័យបង្កើតឱ្យមានវប្បធម៌តជំនាន់ពីដំណាក់កាលមួយទៅដំណាក់កាលមួយនៃប្រវត្តិសាស្ត្រ។ ក្នុងនេះដែរ ប្រទេសកម្ពុជាជាប្រទេសមួយដែលប្រជាជនយកចិត្តទុកដាក់លើការតែងនិពន្ធនេះតាំងពីសម័យនគរភ្នំមកម្ល៉េះ។ ប្រជាជនខ្មែរសម័យដើមចាប់អារម្មណ៍ និងមានមនោសញ្ចេតនាយ៉ាងខ្លាំងក្នុងការតែងនិពន្ធ ពិសេសការតែងនិពន្ធកំណាព្យ។
ថ្វីបើប្រជាជនខ្មែរសម័យដើមចូលចិត្ត និងពេញនិយមការតែងនិពន្ធកំណាព្យក៏ពិតមែន ប៉ុន្តែសម័យបច្ចុប្បន្នការតែងនិពន្ធកំណាព្យហាក់មានការធ្លាក់ចុះជាខ្លាំង។ ដោយមើលឃើញពីការថយចុះនៃការតែងនិពន្ធកំណាព្យខ្មែរពីសំណាក់ពលរដ្ឋក៏ដូចជាកវីអ្នកនិពន្ធបច្ចុប្បន្ន នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ នាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលាស្តីពី៖ «ការពង្រឹងស្នាដៃតងនិពន្ធកំណាព្យខ្មែរ» ក្នុងគោលបំណងអភិរក្ស អភិវឌ្ឍអក្សរសាស្ត្រជាតិ និងជំរុញការបង្កើតស្នាដៃតែងកំណាព្យខ្មែរឱ្យផុសផុលឡើងវិញ។
ថ្លែងក្នុងកម្មវិធីសិក្ខានេះ លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអានបានឱ្យដឹង៖ «ការរៀបចំសិក្ខាសាលានេះឡើងដោយសារយើងសង្កេតឃើញថា កំណាព្យខ្មែរសព្វថ្ងៃមានវិការភាព និងបញ្ហាប្រឈមសំខាន់បី៖ ១- វិការភាពក្នុងរូបសាស្ត្រ៖ ការតែងនិពន្ធកំណាព្យមិនគោរពតាមក្បួនខ្នាតនៃបទកំណាព្យ។ ២- វិការភាពក្នុងសូរសាស្ត្រ៖ ក្នុងការសូត្រ និងស្មូតមិនគោរពតាមពាក្យ ឬព្យាង្គនៃបទនីមួយៗ។ ៣- វិការភាពក្នុងនិយណ្ហសាស្ត្រ៖ ការប្រើន័យសេចក្តីក្នុងកំណាព្យមិនស្របតាមកាលអាកាស»។
លោកបានថ្លែងបន្តថា៖ «តាមរយៈការដាក់ប្រឡងប្រជែងស្នាដៃតែងនិពន្ធកំណាព្យខ្មែរនៅតាមក្រសួង ស្ថាប័ន និងវិស័យឯកជននានា យើងសង្កេតឃើញថាស្នាដៃតែងនិពន្ធកំណាព្យមានការកើនជាងមុន ប៉ុន្ដែការប្រើជើងកាព្យកំណាព្យខ្មែរក្នុងការតែងនិពន្ធនាពេលបច្ចុប្បន្នកំពុងប្រាសចាកក្បួនច្បាប់របស់បុព្វបុរសខ្មែរ។ ការមើលរំលង ឬកង្វះការយកចិត្តទុកដាក់របស់ស្មេរ ឬត្មែងកំណាព្យខ្មែរអាចបង្កជាបញ្ហាប្រឈមឈានដល់ការបាត់បង់ក្បួនខ្នាតកំណាព្យខ្មែរបន្តិចម្ដងៗ។ នេះជាបញ្ហាមួយដែលអ្នកជំនាញមានការបារម្ភ និងផ្តោតការយកចិត្តទុកដាក់”។
ថ្លែងក្នុងសន្ទរកថាសិក្ខាសាលាស្តីពី៖ «ការពង្រឹងស្នាដៃតែងនិពន្ធកំណាព្យខ្មែរ» នេះដដែល លោក កុក រស់ មានប្រសាសន៍ប្រាប់ពីគោលបំណងនៃការបង្កើតឱ្យមានសិក្ខាសាលានេះ គឺធ្វើឡើងដើម្បី៖ ១- ត្រួសត្រាយស្រាយចម្ងល់ និងបង្ហាត់បង្ហាញផ្លូវដល់យុវជនដែលជាអ្នកចង់បង្កើតស្នាដៃ និងអភិវឌ្ឍស្នាដៃតែងនិពន្ធកំណាព្យខ្មែរ។ ២- ការចែករំលែកចំណេះដឹង និងបទពិសោធនៃការតែងនិពន្ធរបស់រៀមច្បងកវីនិពន្ធដែលធ្លាប់បានបង្កើតស្នាដៃកំណាព្យល្អៗ និងទទួលបានជយលាភីក្នុងវិស័យតែងនិពន្ធកំណាព្យខ្មែរនាពេលកន្លងមក។ និង៣- ជំរុញ និងលើកទឹកចិត្តដល់យុវអ្នកនិពន្ធ និងកវីនិពន្ធដែលមានគំនិតប្រតិដ្ឋញ្ញាណ ចូលរួមបង្កើតស្នាដៃនិពន្ធថ្មីៗឱ្យបានច្រើន និងមានភាពសម្បូរបែប ដើម្បីលើកស្ទួយអក្សរសាស្ត្រជាតិ។
ចំណែកលោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការពង្រឹងស្នាដៃតែងនិពន្ធកំណាព្យខ្មែរ» មានប្រសាសន៍បង្ហាញពីតម្លៃនៃអ្នកនិពន្ធថា៖ «អ្នកនិពន្ធគឺជាអ្នកដែលធ្វើឱ្យពិភពលោកមានសន្តិភាព និងសង្គ្រាមដោយអាវុធស្លាបប៉ាកកាមិនមានបង្ហូរឈាម ប៉ុន្ដែបង្ហូរតាមរយៈទឹកខ្មៅនៃចុងប៉ាកកា។ អ្នកនិពន្ធ គឺជាជាវិស្វករនៃព្រលឹង និងជាអ្នកបង្វិលចក្រវាល»។
លោកស្រីបន្តថា៖ «អ្នកនិពន្ធ គឺជាស្ថាបត្យករសង្គមដែលយកបញ្ញាញាណ និងចុងប៉ាកការបស់ខ្លួនមកធ្វើជាដើមទុនដោយមិនគ្រាន់តែប្ដូរយកកម្រៃ និងកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែអ្នកនិពន្ធបានបន្សល់ទុកនូវគំនិតប្រាជ្ញាបង្កប់ក្នុងស្នាដៃរបស់ខ្លួន ដែលជាវិភាគទានមួយដ៏ធំធេង និងជាទ្រព្យសម្បត្តិមហាសាលចំពោះមនុស្សជាតិ។ ដូច្នេះអ្នកនិពន្ធត្រូវមានចំណេះដឹងពហុជំនាញមានក្រមសីលធម៌ក្នុងការបង្កើតស្នាដៃប្រលោមលោក កំណាព្យ ចម្រៀង ខ្សែភាពយន្ត»។ល។
សិក្ខាសាលាថ្ងៃនេះ ជាឱកាសដ៏ពិសិដ្ឋមួយសម្រាប់អ្នកនិពន្ធដែលមានបទពិសោធ និងអ្នកនិពន្ធជំនាន់ថ្មីជជែកពិភាក្សា ផ្លាស់ប្ដូរបទពិសោធ ចែករំលែកចំណេះដឹងទៅវិញទៅមកស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនដល់អ្នកនិពន្ធ។ តើអ្វីខ្លះជាផលលំបាកដែលបន្ទុចបង្អាក់ដល់វិស័យតែងនិពន្ធ? តើយើងមានវិធានការបែបណា ដើម្បីជួយជំរុញឱ្យស្នាដៃតែងនិពន្ធមានការអភិវឌ្ឍរីកចម្រើនដូចអរិយប្រទេស?
សូមបញ្ជាក់ថាសិក្ខាសាលាស្តីពី «ការពង្រឹងស្នាដៃតងនិពន្ធកំណាព្យខ្មែរ» នេះមានអ្នកចូលរួមប្រមាណជិត ២០០ នាក់ ដែលអញ្ជើញមកពីបណ្ដាខេត្ត រាជធានី និងស្ថាប័ននានា។ សិក្ខាសាលានេះក៏មានវាគ្មិនជាច្រើនរូបចូលរួមធ្វើបទបង្ហាញលើប្រធានបទដូចជា៖ ១- វឌ្ឍនភាព និងបញ្ហាប្រឈមនៃកំណាព្យខ្មែរ ២- សិល្បៈនៃការបង្កើតរូបារម្មណ៍ក្នុងកំណាព្យខ្មែរ ៣- វិធីសាស្ត្រនៃការតែងនិពន្ធកំណាព្យខ្មែរ ៤- វិធីសាស្ត្រនៃការតែងនិពន្ធកំណាព្យរឿង ៥- វិសេសភាពនៃកំណាព្យទំនើបនិយម ៦-វិធីសាស្ត្រនៃការតែងនិពន្ធកំណាព្យ និងចម្រៀងខ្មែរ និង ៧- ការចែករំលែកចំណេះដឹង និងបទពិសោធម្ចាស់ពានឥន្ទ្រទេវី៕