ភ្នំពេញៈ ប្រមុខការពារជាតិ លោក ទៀ បាញ់ លើកឡើងថា កិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅតែបង្កើនទំនាក់ទំនងបានយ៉ាងល្អប្រសើរ ដោយការយោគយល់គ្នាទៅវិញទៅមក ខណៈកម្ពុជា ក៏ស្នើឱ្យកូរ៉េបង្កើនចំនួនអាហារូបករណ៍បន្ថែមទៀត។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងដូចនេះ ក្នុងជំនួបជាមួយលោក លី ជុងស៊ុប រដ្ឋមន្ត្រីក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី ៩ នៅខេត្តសៀមរាប នាសប្តាហ៍មុន។
ក្នុងជំនួបនោះ លោក លី ជុងស៊ុប បានថ្លែងអំណរគុណដល់លោក ទៀ បាញ់ ដែលបានរៀបចំទទួលគណៈប្រតិភូក្រសួងការពារជាតិកូរ៉េ និងបានកោតសរសើរចំពោះជោគជ័យ និងសមិទ្ធផលសម្រេចបាន ដែលដឹកនាំដោយលោករដ្ឋមន្ត្រីទៀ បាញ់ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។ រដ្ឋមន្ត្រីក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េ ក៏បង្ហាញក្តីសង្ឃឹមផងដែរថា កម្ពុជានឹងបន្តតួនាទីសំខាន់ៗបន្ថែមទៀតក្នុងការអភិវឌ្ឍសហគមន៍អាស៊ាន។
លោក លី ជុងស៊ុប ថ្លែងថា៖ «កិច្ចសហប្រតិបត្តិការ រវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា នឹងក្លាយទៅជាសសរស្ដម្ភ១ ដ៏សំខាន់ ដើម្បីជំរុញបង្កើនសមត្ថភាពនៃកិច្ចសហប្រតិការបត្តិរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនៅពេលខាងមុខ»។
ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក សាធារណរដ្ឋកូរ៉េ បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការក្នុងក្រុមការងារជំនាញ ដូចជាក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាព វិស័យសន្តិសុខសមុទ្រ វិស័យសន្តិសុខព័ត៌មានវិទ្យា ក្នុងនោះបានចូលរួមកិច្ចសហប្រតិបត្តិការក្នុងតំបន់ថែមទៀត។ លោកលី ជុងស៊ុប បានបន្ថែម។
ដើម្បីជំរុញឱ្យកិច្ចសហការនេះកាន់តែឈានទៅមុខបន្ថែមទៀត លោក លី ជុងស៊ុប ក៏បានស្នើកម្ពុជាឱ្យជួយសម្របសម្រួលធ្វើយ៉ាងណា អាចមានកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋកូរ៉េ ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅពេលខាងមុខផងដែរ។
ជាមួយគ្នានោះ លោកប្រមុខការពារជាតិកម្ពុជា ថ្លែងដែរថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ២ កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានរីកចម្រើនបន្ថែមទៀត ក្រោយពីជំងឺរាតត្បាតកូវីដ ១៩ បានថយចុះ។ កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំង ២ នៅតែបង្កើនទំនាក់ទំនងបានយ៉ាងល្អប្រសើរ ជាមួយនឹងការយោគយល់គ្នាទៅវិញទៅមក។
លោក ទៀ បាញ់ បញ្ជាក់ថា៖ «ថ្វីដ្បិតតែក្រសួងការពារជាតិកម្ពុជា និងសាធារណរដ្ឋកូរ៉េ មិនបានទៅបំពេញទស្សនកិច្ចដោយផ្ទាល់យ៉ាងណាក៏ដោយ ក៏យើងនៅតែបន្តទំនាក់ទំនង និងជួបសន្ទនាគ្នា តាមបញ្តាញសង្គមផ្សេងៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត»។
នាឱកាសនោះ លោក ទៀ បាញ់ បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិកូរ៉េ ដែលបានផ្ដល់អាហារូបករណ៍ ជួយបណ្ដុះបណ្ដាលមន្ត្រីកងយោធពលខេមរភូមិន្ទ ជាបន្តបន្ទាប់ មានរយៈពេលវែង និងរយៈពេលខ្លី ដែលមកដល់ពេលនេះ មាននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន ៥៧ នាក់ បានទៅសិក្សានៅប្រទេសកូរ៉េ។
តាមរយៈជំនួបនោះ លោកប្រមុខការពារជាតិកម្ពុជា បានស្នើដល់ប្រមុខការពារជាតិកូរ៉េ ឱ្យជួយជំរុញបង្កើនចំនួនអាហារូបករណ៍ដល់កម្ពុជាបន្ថែមទៀត នាឆ្នាំបន្តបន្ទាប់។ ដោយឡែក នៅឆ្នាំ ២០២៣ ខាងមុខ ភាគីកម្ពុជា នឹងអញ្ជើញនាយទាហានសាធារណរដ្ឋកូរ៉េចំនួន២រូប មកសិក្សាភាសាខ្មែរនៅកម្ពុជាផងដែរ។
បន្ទាប់ពីជំនួបពិភាក្សាការងាររួចនាពេលនោះ លោក ទៀ បាញ់ និងលោក លី ជុងស៊ុប បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងការផ្ទេរប្រគល់សម្ភារ គ្រឿងចក្រ ក្រោមគម្រោងត្រីភាគីអង្គការសហប្រជាជាតិ៕