ភ្នំពេញៈ ប្រធានសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៦ វិច្ឆិកា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី ២ ក្រោយពីត្រឡប់ពីប្រទេសអូស្ត្រាលីវិញ បន្ទាប់ពីបានធ្វើដំណើរទៅក្រៅប្រទេសអស់រយៈពេល ១២ ថ្ងៃ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ បានសម្រេចចាប់ និងឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ អាយុ៣៤ឆ្នាំ នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលបានល្មើសនឹងបម្រាមនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយបានលួចចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា។ នេះបើយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ។
លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការលីកាដូ បានប្រាប់ថា កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី ២ (ព្រៃស) ដោយមូលហេតុ កញ្ញាបានល្មើសបម្រាមដែលតុលាការដាក់ស្ថិតក្រោមការត្រួតពិនិត្យ ហាមចាកចេញក្រៅពីប្រទេសកម្ពុជា។ លោកថា ក្រោយពេលការដោះលែងនៅខែមករា ឆ្នាំ ២០២២ ទាំងកញ្ញា ឈឹម ស៊ីថរ និងមេធាវីកញ្ញា មិនត្រូវបានជូនដំណឹងពីការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ឬលក្ខខណ្ឌសាកល្បង ដូចជាការរឹតត្បិតលើការធ្វើដំណើរនោះទេ។
លើសពីនេះទៀតនៅថ្ងៃចន្ទ មេធាវីរបស់អង្គការ លីកាដូ និងជាមេធាវីការពារសិទ្ធិឱ្យកញ្ញា ឈឹម ស៊ីថរ គ្រោងនឹងជួបកញ្ញា នៅពន្ធនាគារ ដើម្បីការពារសិទ្ធិឱ្យកញ្ញា ឈឹម ស៊ីថរ តាមនីតិវិធីនៅតុលាការ។ នេះបើតាមការបញ្ជាក់ពីលោក អំ សំអាត។
លោកសំអាតប្រាប់ថា៖ «ករណីចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ឡើងវិញនេះជាករណីគំរាមកំហែង និងបំភិតបំភ័យលើមេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកណាហ្គាវើលដ៍បន្ថែមទៀត ពិសេសជាការគំរាមកំហែងដល់បុគ្គលិក និងអតីតបុគ្គលិកណាហ្គាវើលដ៏ដែលកំពុងបន្តធ្វើកូដកម្មទាមទារដំណោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងកូដករ»។
លោកបន្ថែមថា ករណីនេះគួរតែរកដំណោះស្រាយវិវាទការងារជាជាងយកការចាប់ខ្លួន ការយកប្រព័ន្ធតុលាការមកគាបសង្កត់លើមេដឹកនាំសហជីព និងកូដករ ដែលជាការរឹតត្បិតលម្ហសេរីភាពសហជីព និងរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
ជុំវិញរឿងនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់យ៉ាងខ្លី នាថ្ងៃទី ២៧ ខែវិច្ឆិកា ថា លោកមិនដឹងករណីនេះនៅឡើយទេ។ ចំណែកលោក អុី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញមិនអាចទាក់ទងបានទេ នាថ្ងៃទី ២៧ ខែវិច្ឆិកា។
សូមបញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួនជាមួយថ្នាក់ដឹកនាំសហជីពរបស់ខ្លួនម្តងរួចមកហើយ កាលពីខែមករា ឆ្នាំ ២០២២ ក្រោមបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម អំឡុងពេលក្រុមបុគ្គលិកណាហ្គាវើលដ៍បានធ្វើកូដកម្មទាមទារឱ្យថៅកែក្រុមហ៊ុនចេញមកដោះស្រាយវិវាទការងារ។
កញ្ញា ត្រូវបានជាប់ឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ២ ខែ រួមទាំងថ្នាក់ដឹកនាំសហជីពរបស់ខ្លួនផង ប៉ុន្តែកញ្ញា ស៊ីថរ និងថ្នាក់ដឹកនាំសហជីពរបស់ខ្លួនត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពី ខែមីនា ឆ្នាំ ២០២២ ។
ទាក់ទងនឹងករណីវិវាទការងាររវាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រុមហ៊ុននេះដែរ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៥ មានអតីតបុគ្គលិកចំនួន ៥ រូបបន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយ តាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។
ក្រសួងបានបញ្ជាក់ថា មកដល់ពេលនេះ មានអតីតបុគ្គលិកសរុបចំនួន ២៤៩ រូប ក្នុងចំណោម ៣៧៣ រូប បានយល់ព្រមទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិក ដែលមិនព្រម ទទួលយកសំណងនៅសល់ត្រឹម ១២៤ រូប។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងត្រៀមខ្លួន ដើម្បីជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឱកាសការងារថ្មីសម្រាប់អតីតបុគ្គលិកផងដែរ៕
វីដេអូ៖