ភ្នំពេញៈ ក្រុមការងារបច្ចេកទេសបានបើកផ្នូរយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជានៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជាខេត្តដុងណាយ ប្រទេសវៀតណាម បានចំនួន ៩ ផ្នូរនៅថ្ងៃទី ២៦ ខែវិចិ្ឆកា ហើយពេលនេះកំពុងបន្តបើកផ្នូរសម្អាតវេចខ្ចប់ និងរៀបចំដាក់ចូលក្នុងប្រអប់មឈូសរហូតដល់ថ្ងៃទី ១ ខែធ្នូ នឹងធ្វើពិធីដង្ហែមកកាន់ព្រំដែនតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ម៉ោង ១០ ព្រឹកថ្ងៃដដែលនោះទើបប្រារព្ធពិធីផ្ទេរប្រគល់។ នេះបើតាម លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២២ នេះ។
លោកបញ្ជាក់ថា៖ «យើងដង្ហែអដ្ឋិធាតុបន្តមកតម្កល់តាមមេរុរៀបចំពិធីទំនៀមទម្លាប់ សាសនា ម៉ោង ៨ និង ៣០ នាទី ព្រឹកថ្ងៃទី ២ ខែធ្នូ ប្រារព្ធពិធីបូជាអដ្ឋិធាតុសម្តេចពិជ័យសេនាអញ្ជើញប្រទានភ្លើង ដោយមានមហាជន កម្លាំងប្រដាប់អាវុធ អាជ្ញាធរចូលរួម។ ធាតុដែលបានបូជារួចរៀបចំផ្ទុកក្នុងកោដ្ឋ តម្កល់បណ្តោះអាសន្ននៅក្នុងបន្ទប់វប្បធម៌ នៃអគារមិត្តភាព»។
លោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា នៅខែមេសា ឆ្នាំ ២០២៣ ក្រោយការសាងសង់មហាចេតិយ [នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះ ថ្ម X-16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ] និងប្រារព្ធពិធីឆ្លង និងដង្ហែ អដ្ឋិធាតុទៅតម្កល់ក្នុងមហាចេតិយជាការរួចរាល់។
លោកបញ្ជាក់ថា មហាចេតិយនោះ នឹងក្លាយជាវិមានស្តូបអនុស្សាវរីយ៍ សម្រាប់ការរំឭកដល់ថ្ងៃប្រកាសបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិគឺថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៧៨ ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ថ្លែងក្នុងពិធីបើកផ្នូរយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជានៅប្រទេសវៀតណាម កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា លោក សៅ សុខា ថ្លែងថា ជាង ៤៤ ឆ្នាំបានកន្លងផុតទៅ យុទ្ធមិត្តចំនួន ៤៩ រូប ដែលបានពលី និងមរណៈពេលផ្តួលរំលំរបបប្រល័យពូជសាសន៍ ត្រូវបានមិត្តវៀតណាមប្រមូលផ្តុំរៀបចំជា បូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ដោយបានការយកចិត្តទុកដាក់ ផ្តល់ដី ផ្តល់បណ្ណ ទទួលស្គាល់ពីក្រសួងវប្បធម៌ ដោយទុកតំបន់នោះជាតំបន់ប្រវត្តិសាស្ត្រ។ អាជ្ញាធរដែនដី ប្រជាជនវៀតណាម ខេត្តដុងណាយ និងកងទ័ពវៀតណាមពិសេសយោធភូមិភាគទី ៧ កងពលធំលេខ ៣០២ បានយកចិត្តទុកដាក់ថែទាំយ៉ាងល្អ។
លោកថា៖ «ទោះបីអដ្ឋិធាតុយុទ្ធជនទាំង ៤៩ រូប បានធ្វើមាតុភូមិនិវត្តន៍ តែដើម្បីថែរក្សាតំបន់ប្រវត្តិសាស្ត្រ និងគុណតម្លៃមិត្តភាពវៀតណាម-កម្ពុជា តាមសំណូមពររបស់ភាគីកម្ពុជា មិត្តវៀតណាម និងបន្តរៀបចំសិលាចារឹក ដោយរក្សាទុកតំបន់នេះជាកេរដំណែលប្រវត្តិសាស្ត្រ ជាភ័ស្ភុតាង នៃសច្ចធម៌ប្រវត្តិសាស្ត្រសម្រាប់អ្នកសិក្សាស្រាវជ្រាវ ទេសចរ និងជាការរំឭកការចងចាំអំពីមិត្តភាព កម្ពុជា-វៀតណាម»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅថ្ងៃទី ២៧ ខែវិច្ឆិកាថា ការធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុយុទ្ធជនដែលបានពលីក្នុងបុព្វហេតុនៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមនេះជាការបង្ហាញពីវប្បធម៌នៃការដឹងគុណ តបគុណ ចំពោះវីរជន យុទ្ធជន កងទ័ពទាំងអស់ដែលបានបូជាជីវិតដើម្បីជាតិ ទឹកដី ប្រជាជន និងដើម្បីឱ្យមានភាពជាគំរូ និងវប្បធម៌នៃការដឹងគុណ ឬ ផ្តល់ការគោរព៕