សៀមរាបៈ ការអភិវឌ្ឍនៅទីតាំងរុនតាឯកត្រូវបានចាក់ដីរួចរាល់ជាច្រើនតំបន់ និងកំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែមទៀតជាបន្តបន្ទាប់ដែលអាចនឹងរួចរាល់ក្នុងពេលឆាប់ៗនេះ ខណៈប្រជាពលរដ្ឋមួយចំនួនបានទៅរៀបចំធ្វើផ្ទះសំបែងនៅកន្លែងដីដែលបានឆាប់ឆ្នោតជាបណ្ដើរផងដែរ។ នេះបើតាមលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ ខែវិច្ឆិកា។
លោកថ្លែងថា៖ «នៅរុនតាឯកឥឡូវនេះខាងកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន បានចាក់ដីជាច្រើនតំបន់រួចហើយ និងកំពុងកសាងផ្លូវជាបន្តបន្ទាប់ដែលអាចនឹងរួចក្នុងពេលឆាប់នេះហើយ។ មានប្រជាពលរដ្ឋខ្លះទៅមុនដោយសារពួកគាត់ចង់ឃើញដី ចង់ផ្លាស់ប្តូរពីតំបន់អង្គរទៅដល់ទីនោះឱ្យបានមុនគេ គាត់ស្វះស្វែងទៅដោយខ្លួនកាត់»។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងតាមរយៈហ្វេសប៊ុកថា មានប្រជាពលរដ្ឋដែលបានចាប់ឆ្នោតរួចចំនួន ៩ ៥៧៤ គ្រួសារ ស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកស្ថិតនៅភូមិតានីឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងក្នុងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ នេះបើគិតត្រឹមថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក ហាយ យុង តំណាងក្រុមការងារតម្រង់ទិសប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ ខែវិច្ឆិកាថា ការចាប់ឆ្នោតទៅទៅនៅតំបន់ពាក់ស្នែង និងរុនតាឯកមានការធូរស្បើយហើយ ដោយសារប្រជាពលរដ្ឋស្ទើរតែទាំងអស់បានយល់ព្រមចាកចេញទៅនៅទីកន្លែងដែលរាជរដ្ឋាភិបាលរៀបចំជូនគឺនៅតំបន់រុនតាឯក និងពាក់ស្នែង។
លោកបានបញ្ជាក់ថា ការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋមានប្រមាណ ៨៥ ភាគរយហើយ នៅសល់ ១៥ ភាគរយទៀត ពាក់ព័ន្ធក្នុងផែនទីក្រហមនៃការកំណត់ភូមិសាស្ត្រនៃរចនាសម្ព័ន្ធប្រាសាទរបស់អាជ្ញាធរអប្សរា។ លោកបន្តថា ក្រុមការងារនៅតែបន្តជំរុញដើម្បីដោះស្រាយជូនប្រជាពលរដ្ឋដែលនៅតំបន់អាទិភាពពាក់ព័ន្ធនឹងរចនាសម្ព័ន្ធប្រាសាទ ហើយមិនទាន់បានយល់ព្រមចាកចេញ។
លោកថ្លែងថា៖ «ក្រុមការងារនៅតែបន្តក្នុងការចាប់ឆ្នោតជូនបងប្អូនប្រជាពលរដ្ឋ ប៉ុន្តែវាមានភាពធូរស្បើយត្រង់ថាបងប្អូនគឺនៅសេសសល់តែមួយចំនួនទេ ដែលខ្លះគាត់នៅឆ្ងាយ ខ្លះគាត់មិនបាននៅឬទៅរកស៊ីឆ្ងាយទៅ មិនទាន់បានចូលមកចាប់ឆ្នោត ចំពោះបងប្អូនណាស្ម័គ្រចិត្តក្រុមការងារនៅតែបន្តធ្វើជូន តែបងប្អូនណាមិនទាន់ស្ម័គ្រចិត្តគឺនៅដដែលសិន»។
អ្នកស្រី សូ ពៅ ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើចេញពីតំបន់អង្គរបានឱ្យដឹងនៅថ្ងៃទី ២៨ ខែវិច្ឆិកាថា អ្នកស្រីបានធ្វើការរុះរើចេញពីតំបន់អង្គរនៅដើមខែវិច្ឆិកាមកតាំងលំនៅក្នុងតំបន់រុនតាឯកតាមប្លង់ក្បាលដីដែលបានចាប់ឆ្នោត។នេះជាការចាប់ផ្តើមដំបូង ហើយការរៀបចំប្រព័ន្ធបណ្តាញទឹកស្អាតមិនទាន់រួចរាល់ អ្នកស្រីបានបុកអណ្តូងខ្នាតតូច ដើម្បីយកទឹកមកប្រើប្រាស់បណ្តោះអាសន្ន។
អ្នកស្រីថ្លែងថា៖ «ពេលធ្វើផ្ទះរួចហើយបានខ្ញុំមកនៅ ឥឡូវកំពុងធ្វើផ្ទះ និងរបង។ខ្ញុំមានអារម្មណ៍ស្រស់ស្រាយជាងនៅតំបន់អង្គរ ដោយសារនៅតំបន់អង្គរយើងសាងសង់អីក៏អត់បាន តែនៅទីនេះឱ្យធ្វើបានសេរីខ្ញុំសប្បាយចិត្ត ហើយក្រុមការងារបានជួយសម្រួលបានល្អ ដូចថាដីយើងមិនសូវស្មើអ៊ីចឹងយើងស្នើសុំទៅគាត់ចាក់បំពេញឱ្យ»។
លោក វិន រេន ជំទប់ទី១ ឃុំពាក់ស្នែង បានឱ្យដឹងនៅថ្ងៃទី ២៨ ខែវិច្ឆិកាថា ដីនៅតំបន់ពាក់ស្នែងកំពុងត្រូវបានឈូសឆាយ និងមិនទាន់បានរៀបចំជាឡូត៍នៅឡើយទេ ការឈូសឆាយនោះទៀតសោតគឺបានអនុវត្តជារៀងរាល់ថ្ងៃ ប៉ុន្តែមិនទាន់មានរបាយការណ៍បញ្ជាក់ថាបានប៉ុន្មានហិកតាហើយនោះទេ។ប្រជាពលរដ្ឋដែលបានចាប់ឆ្នោតពីតំបន់អង្គរស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរានោះ មានចំនួន ៣ ៣៤៣ គ្រួសារហើយ គិតចាប់ពីថ្ងៃទី ១០ ខែតុលា រហូតមកដល់ថ្ងៃទី ២៨ ខែវិច្ឆិកា៕