ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ស្នើគ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធចូលរួមកាន់តែសកម្មក្នុងដំណើរការសរសេររបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ (UN) ដើម្បីកិត្យានុភាពប្រទេសកម្ពុជា។
ការស្នើនេះធ្វើឡើងក្នុងសិក្ខាសាលានាថ្ងៃទី ២៨ ខែវិច្ឆិកា ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង CHRC និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)។
សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ តាមដាន និងជំរុញការអនុវត្តអនុសាសន៍នៅក្នុងសេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មការសិទ្ធិមនុស្ស UN ដែលជាគណៈកម្មការទទួលបន្ទុកតាមដានការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់រដ្ឋភាគី។
សិក្ខាសាលានេះក៏មានការចូលរួមពីតំណាងប្រចាំប្រទេស និងមន្ត្រីនៃ OHCHR ព្រឹទ្ធសភា រដ្ឋសភា អង្គទូត ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល។
លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន CHRC ថ្លែងក្នុងសិក្ខាសាលានេះថា ការសម្រេចបានលទ្ធផលនានាស្តីពីការអនុវត្តអនុសាសន៍ដែលទទួលបានពីយន្តការសិទិ្ធមនុស្សទាំងឡាយរបស់ UN ពិតជាមានសារៈសំខាន់ណាស់សម្រាប់ដាក់បញ្ចូលទៅក្នុងរបាយការណ៍សិទ្ធិមនុស្សនៅជុំបន្ទាប់ទៀតដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើវិស័យសិទ្ធិមនុស្ស។
លោកបន្តថា ការធ្វើរបាយការណ៍ឱ្យស្របតាមទម្រង់ ការដាក់របាយការណ៍ទាន់ពេលវេលា និងការចូលរួមការពិនិត្យរបាយការណ៍ជាតិជាមួយយន្តការក្រុមប្រឹក្សាសិទ្ធិមនុស្ស និងយន្តការស្ថាប័នតាមសន្ធិសញ្ញាក៏ជាចំណែកមួយដែលសហគមន៍អន្តរជាតិយកធ្វើជាមូលដ្ឋានសម្រាប់វាយតម្លៃពីការយកចិត្តទុកដាក់របស់កម្ពុជាលើវិស័យសិទ្ធិមនុស្សផងដែរ។
លោក កែវ រ៉េមី មានសេចក្តីរំពឹងយ៉ាងមុតមាំថា សិក្ខាសាលាផ្សព្វផ្សាយនេះនឹងបង្កើនការយល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀតលើអនុសាសន៍ទាំងឡាយនៅក្នុងសេចក្តីអង្កេតសន្និដ្ឋាននេះដែលនឹងចូលរួមចំណែកធ្វើឱ្យសម្រេចគោលបំណងសំខាន់របស់កម្ពុជាគឺការអនុវត្តអនុសាសន៍ទាំងនោះឱ្យទទួលបានលទ្ធផលល្អប្រសើរ សម្រាប់បញ្ចូលក្នុងរបាយការណ៍ជុំបន្ទាប់។
លោកថ្លែងថា៖ «ខ្ញុំក៏មានជំនឿជាក់ និងក្តីរំពឹងផងដែរថា គ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមកាន់តែសកម្មនិងប្រកបដោយអត្ថន័យបន្ថែមទៀតក្នុងដំណើរការនៃការសរសេររបាយការណ៍សិទ្ធិមនុស្ស និងការការពាររបាយការណ៍ជាមួយគ្រប់យន្តការសិទិ្ធមនុស្ស ដើម្បីបុព្វហេតុ និងកិត្យានុភាពជាតិរបស់យើង»។
លោក កែវ រ៉េមី កត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ក្រសួង ស្ថាប័នដែលជាប់កាតព្វកិច្ចទទួលបន្ទុកក្នុងការធ្វើរបាយការណ៍ជូនUNកម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអនុវត្តល្អៗលើការដាក់របាយការណ៍និងការចូលរួមក្នុងកិច្ចសន្ទនាបែបស្ថាបនាជាមួយយន្តការសិទ្ធិមនុស្សនានា។
កម្ពុជាបានផ្តល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ក្នុងឆ្នាំ ១៩៩២ និងបានដាក់របាយការណ៍លើកដំបូងក្នុងឆ្នាំ ១៩៩៨ ហើយគណៈកម្មការសិទ្ធិមនុស្ស UN បានពិនិត្យរបាយការណ៍នេះក្នុងឆ្នាំ ១៩៩៩។ របាយការណ៍លើកទី២ ទី៣ និងទី៤ បានបញ្ជូនទៅគណៈកម្មការនេះក្នុងឆ្នាំ ២០១២ ដោយគណៈកម្មការបានពិនិត្យក្នុងឆ្នាំ ២០១៥។
ចំពោះរបាយការណ៍លើទី៥ នេះ បានដាក់ជូនគណៈកម្មការនេះក្នុងឆ្នាំ ២០១៩ ដោយគណៈប្រតិភូកម្ពុជាបានចូលរួមពិនិត្យរបាយការណ៍នេះជាមួយគណៈកម្មការ UN នេះកាលពីខែមីនា ឆ្នាំ ២០២២ តាមទម្រង់ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូហើយគណៈកម្មការនេះបានចេញជាសេចក្តីអង្កេតសន្និដ្ឋានផ្លូវការចំនួន ៤៦ ចំណុច កាលពីខែឧសភា ឆ្នាំ ២០២២ សម្រាប់ឱ្យកម្ពុជាអនុវត្តបន្ត និងឆ្លើយតប៕