ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់“អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ – TechoDigital Talent Scholarship”តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានចំនួនចន្លោះពី ៣០០ ទៅ ៥ ០០០ នាក់ លើជំនាញថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងវគ្គបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលសម្រាប់បង្កើនប្រសិទ្ធភាពការងារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍។
សេចក្តីប្រកាសព័ត៌មានក្រសួងប្រៃសណីយ៍ថ្ងៃទី ២៨ ខែវិច្ឆិកា បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជនយុវនារី ក្នុងយុគសម័យឌីជីថល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ – Techo Digital Talent Scholarship”តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ឆ្នាំ ២០២៣។
ប្រភពដដែលបន្តថា កម្មវិធីអាហារូបករណ៍នេះ ប្រព្រឹត្តទៅយ៉ាងល្អប្រសើរតាំងឆ្នាំ ២០២០ មក ដោយទទួលបានសិស្សចំនួន ២៥០ នាក់ ជ្រើសចេញពីសិស្សឆ្នើមទូទាំងប្រទេស។កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ គ្រោងនឹងផ្តល់អាហារូបករណ៍ជាច្រើនកន្លែងបន្ថែមទៀត លើជំនាញឌីជីថល ក្នុងនោះរួមមាន ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតផងដែរ។
ក្រសួងប្រៃសណីយ៍បញ្ជាក់ថា៖ «ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ចំនួន ៣០០ - ៥០០ នាក់ នៅគ្រឹះស្ថានអប់រំក្នុងប្រទេសនិងក្រៅប្រទេស។ វគ្គបណ្តុះបណ្តាលអ្នកជំនាញឌីជីថល រយៈពេល៣ខែ ទៅ ១ ឆ្នាំ ចំនួន ១ ០០០- ២ ០០០ នាក់។-វគ្គបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថល សម្រាប់បង្កើនប្រសិទ្ធភាពការងារ ចំនួន ២ ០០០- ៥ ០០០ នាក់»។
ក្រសួងប្រៃសណីយ៍លើកឡើងថាក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សជំនាញ ជាពិសេសលើជំនាញបច្ចេកវិទ្យាឌីជីថលផងដែរ។
ក្រសួងបញ្ជាក់ថា «ដោយពិនិត្យឃើញពីភាពជោគជ័យនៃកម្មវិធីអាហារូបករណ៍ ព្រមទាំងដើម្បីផ្តល់ឱកាសដល់សិស្សបញ្ចប់ការសិក្សានៅវិទ្យាល័យ មន្ត្រីរាជការ បុគ្គលិកស្ថាប័នរដ្ឋនិងឯកជន និងសាធារណជន ឱ្យទទួលបាននូវចំណេះដឹងនិងការពង្រឹងសមត្ថភាពបន្ថែមទៀត លើជំនាញបច្ចេកវិទ្យាឌីជីថល ទើបកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ គ្រោងផ្តល់ច្រើនកន្លែងបន្ថែមទៀត»។
កញ្ញា ជី សុជាតា ប្រធានកម្មវិធី នៃសហគ្រាសសង្គម Agile (Agile Development Group) និយាយជាមួយ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ ខែវិច្ឆិកាថា កញ្ញាគាំទ្រចំពោះការផ្តល់អាហារូបករណ៍លើជំនាញឌីជីថល។
កញ្ញាថា ចំណេះដឹងផ្នែកឌីជីថលក្នុងពេលបច្ចុប្បន្នមានសក្តានុពលខ្លាំង លើគ្រប់វិស័យ មិនថា ប្រើប្រាស់លើការប្រកបមុខរបរកស៊ីគ្រប់គ្រងស្ថាប័នទាំងរដ្ឋ និងឯកជន និងការធ្វើទំនាក់ទំនងផ្សេងៗនោះទេ ប្រើសិនបើចេះជំនាញឌីជីថល នឹងធ្វើឱ្យការងាររលូនទៅរហ័ស និងចំណេញពេលវេលា ព្រោះមិនចាំបាច់រកទីតាំងប្រមូលផ្តុំដើម្បីជជែកពិភាក្សាក៏បាន។
កញ្ញាថ្លែងថា៖ «នៅពេលយើងចេះយើងអាចបង្កើនសក្តានុពលរបស់យើងដែរ។មួយវិញទៀតការងារបច្ចុប្បន្នគឺត្រូវការជំនាញហ្នឹងជាចាំបាច់ដើម្បីរុញការងារទៅមុខ សូម្បីការប្រជុំឥឡូវភាគច្រើនក៏យើងមិនសូវជួបគ្នាផ្ទាល់មុខដែរ គឺយើងធ្វើអនឡាញ អ៊ិចឹងទាមទារចេះជំនាញហ្នឹងហ្មងទោះបីមិនចេះខ្ពស់ យ៉ាងហោចណាស់ត្រូវចេះដឹងពីរបៀបចូល zoom meeting ឬអ៊ីមែលដែរ»។
កញ្ញាបានលើកឡើងថា បច្ចុប្បន្នចំណេះដឹងឌីជីថលសម្រាប់ជនមានពិការភាពនៅមានកម្រិតខ្លាំង ព្រោះការផ្តល់អាហារូបករណ៍ ឬវគ្គបណ្តុះបណ្តាលផ្នែកឌីជីថលជូនពួកគាត់នៅមិនទាន់មានភាពទូលំទូលាយនៅឡើយ ដែលទាមទារឱ្យមានការចែករំលែកចំណេះដឹង ឬអាហារូបករណ៍បន្ថែម។
បើតាមកញ្ញា ជី សុជាតា កន្លងមកតាមរយៈកម្មវិធីនៃសហគ្រាសសង្គម Agile បានជួយបណ្តុះបណ្តាលជនមានពិការភាពចំនួន ៤៧ នាក់ ឱ្យបានចេះដឹងជំនាញឌីជីថល ៣ កម្រិតគឺ វគ្គកម្រិតមូលដ្ឋាន កម្រិតមធ្យម និងកម្រិតខ្ពស់ ដែលមានប្រយោជន៍ដល់ការធ្វើការងាររបស់ពួកគាត់។
ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានដើរទាន់ការវិវឌ្ឍផ្នែកឌីជីថលនិងបច្ចេកវិទ្យាព័ត៌មានធ្វើឱ្យសិស្សអាចសិក្សាអនឡាញក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ ១៩ ជាសកល។លោកក៏បានបញ្ជាក់ជាថ្មីថា មន្ត្រីរាជការដែលមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺមិនត្រូវបានតែងតាំងឱ្យកាន់មុខតំណែងផ្សេងៗនោះឡើយ៕