ភ្នំពេញៈ ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ បានធ្វើការប្ដេជ្ញាចិត្តជាថ្មីទៀត ដើម្បីការពារទន្លេមេគង្គ ដែលជាកិច្ចខិតខំប្រឹងប្រែង និងជាការតស៊ូរបស់ប្រទេសសមាជិក ដើម្បីធ្វើការឆ្ពោះទៅកាន់អាងទន្លេមេគង្គប្រកបដោយនិរន្តរភាព និងមានសុខភាពល្អ។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ ចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ បានលើកឡើងថា ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) នឹងធ្វើសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីការការពារទន្លេដែលហូរកាត់ប្រទេសអាស៊ានចំនួន ៤ នេះ។
កាលពីសប្ដាហ៍មុនស្ថាប័នគ្រប់គ្រងនៃគណៈកម្មការទន្លេមេគង្គ បានអនុម័តគំនិតផ្តួចផ្តើមសំខាន់ៗចំនួន ២ ក្នុងគោលបំណងសម្របសម្រួល និងកែលម្អកិច្ចខិតខំប្រឹងប្រែងទូលំទូលាយក្នុងតំបន់ ដើម្បីត្រួតពិនិត្យ និងការពារសុខភាពផ្លូវទឹកដ៏សំខាន់បំផុតនៅអាស៊ីអាគ្នេយ៍។ ការផ្ដួចផ្ដើមទាំងនោះត្រូវបានរៀបចំឡើងនៅក្នុងកិច្ចប្រជុំលើកទី ២៩ របស់ក្រុមប្រឹក្សា MRC តំណាងប្រទេសសមាជិក MRC (កម្ពុជា ឡាវ ថៃ និងវៀតណាម) ដែលអនុម័តលើបណ្តាញត្រួតពិនិត្យទន្លេស្នូលដែលបានរចនាឡើងវិញ ដោយមុខងារសំខាន់គឺគាំទ្រដល់រដ្ឋាភិបាលទាំង ៤។
តំណាងប្រទេសទាំងនេះបានប្រមូលទិន្នន័យវិទ្យាសាស្ត្រ និងតាមដានបញ្ហាសំខាន់ៗដូចជា៖ ជលសាស្ត្រ គុណភាពទឹក ការបញ្ចេញទឹក ដីល្បាប់ ជលផល និងសុខភាពអេកូឡូស៊ី។
សេចក្ដីប្រកាសព័ត៌មានរបស់ MRC បានស្រង់ប្រសាសន៍ប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ ២០២២ គឺលោក Tran Hong Ha រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់វៀតណាមដែលបានលើកឡើងពីសារៈសំខាន់របស់ផែនការគ្រប់គ្រងធនធានទឹក (MWP)។
លោក Tran Hong Ha ថា៖ «វានឹងចាប់ផ្តើមដំណាក់កាលសំខាន់ទី ២ នៃផែនការយុទ្ធសាស្ត្រ។ ជាងនេះទៅទៀត វាជាធាតុផ្សំសំខាន់នៃកិច្ចខិតខំប្រឹងប្រែង និងការតស៊ូរបស់ប្រទេសសមាជិក ដើម្បីធ្វើការឆ្ពោះទៅកាន់អាងទន្លេមេគង្គប្រកបដោយនិរន្តរភាព និងមានសុខភាពល្អ»។
នៅក្នុងផែនការគ្រប់គ្រងធនធានទឹក (MWP) សម្រាប់ឆ្នាំ ២០២២ មានកិច្ចការចំនួន ១៥៨ ចំណុចត្រូវបានដាក់ចេញដែលក្នុងនោះ មានតែ ១២៣ ចំណុចប៉ុណ្ណោះត្រូវបានបញ្ចប់នៅខែតុលាកន្លងមកនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ MRC ដែលស្រង់សម្តីរបស់នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC គឺលោក Anoulak Kittikhoun។ លោក AnoulakKittikhoun ប្រាប់ក្រុមប្រឹក្សា MRC ថា៖ «យើងដឹងពីបញ្ហាប្រឈមធំៗ ដែលមេគង្គកំពុងប្រឈម និងពេលវេលាតិចតួចដែលយើងមាន»។
MRC បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធចម្រុះ រួមទាំងពីសង្គមស៊ីវិល និងបានលើកទឹកចិត្តឱ្យអង្គការនេះ រៀបចំឱ្យមានការចូលរួមជាផ្លូវការជាមួយអ្នកពាក់ព័ន្ធទាំងនេះ។ ក្រុមនេះក៏បានលើកទឹកចិត្តដល់ការចែករំលែកព័ត៌មាន និងទិន្នន័យបន្ថែមទៀត ជាពិសេសលើទំនប់វារីអគ្គិសនី ហើយការផ្តោតជារួមរបស់ MRC គឺលើបញ្ហាឆ្លងដែន ដែលពាក់ព័ន្ធនឹងភាគីពាក់ព័ន្ធជាច្រើន និងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់មេគង្គរាប់សិបលាននាក់ ដូចជាការអភិវឌ្ឍធនធានទឹក និងការសម្របសម្រួលរបស់ប្រតិបត្តិការទំនប់ជាដើម។
MRC គឺជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាងទន្លេមេគង្គក្រោម។ ដោយផ្អែកលើកិច្ចព្រមព្រៀងមេគង្គក្នុងចំណោមប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម MRC មានតួនាទីជាវេទិកាតំបន់សម្រាប់ការទូតទឹក និងជាមជ្ឈមណ្ឌលចំណេះដឹង ដើម្បីគ្រប់គ្រងធនធានទឹក និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់។
នៅឆ្នាំ ២០២៣ ខាងមុខប្រទេសកម្ពុជា នឹងកាន់តំណែងជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គបន្ទាប់ពីវៀតណាម។ លោក លឹម គានហោ ដែលជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនឹងទទួលតំណែងជាប្រធាន MRC៕