សៀមរាប: អង្គការជីវិត​នៅ​កម្ពុជាបាន​ផលិត​វីដេអូ​យុទ្ធ​នាការ​រយៈ​ពេល​ ១៦ ​ថ្ងៃ​ ប្រឆាំង​ហិង្សា​លើ​ស្ដ្រី​ និង​កុមារ​ចុង​ក្រោយ​បំផុត ​ក្រោម​ប្រធាន​បទ «​លា​ហើយ​ប្ដី​ធ្វើ​បាប​ចិត្ដ» ឬ «Goodbye My Love» បំណង​លើក​ទឹក​ចិត្ដ​ដល់​សហ​គមន៍​ឱ្យក្រោក​ឈរ​ឡើង​ និង​គាំទ្រ​ដល់​ស្ដ្រី​។

ក្រោយ​ពី​បញ្ចប់​យុទ្ធនា​ការ​ «​ជីវិត​មិន​មែន​ជា​ហ្គេម​» កាល​ពីឆ្នាំ​ ២០២១ ដែល​អង្គការ​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ខេត្ដ​សៀម​រាប​នេះ​ ទទួល​បាន​ពាន​អន្ដ​រជាតិ​ឆ្នើម​ជា​ច្រើន ​ឯយុទ្ធ​នាការ​ឆ្នាំ ២០២២ ​នេះ​ ចាប់​ផ្ដើម​ពី​ថ្ងៃទី ២៥ ខែ​វិច្ឆិកា​ និង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃទី ​១០ ខែ​ធ្នូ​ ឆ្នាំ​ ២០២២ ខាង​មុខ​នេះ​។

«Goodbye My Love» ផ្ដើម​ចេញ​ពី​សំឡេង​ចម្រៀង​ដ៏​អាឡោះ​អាល័យ​​ដែល​សម្រេច​ចិត្ដ​មិន​​វិល​ត្រឡប់​របស់​ស្ដ្រី​ជា​ភរិយា​ក្រោម​តំណក់​ទឹក​ភ្នែក​រាប់​ពាន់​តំណក់​ដោយ​លែង​មាន​ការ​ទ្រាំ​ទ្រ​ចំពោះ​ការ​ធ្វើ​បាប​ពី​សំណាក់​បុរស​ជា​ស្វាមី​។

យោង​តាម​វីដេអូ​យុទ្ធ​នាការ​ ដែល​ទទួល​បាន​ការ​ចូល​ទស្សនា​ជាង៧៣​ម៉ឺន​ដង​ក្នុង​រយៈ​ពេល ​៥ ​ថ្ងៃ​នេះ​ បាន​បង្ហាញ​ថា​ ពីគ្រួសារ ១​ ទៅ ​គ្រួសារ ១ ​ទៀត ពីសហ​គមន៍​ ១​ ទៅ​សហ​គមន៍ ​១​ ទៀត ពលរដ្ឋ​បង្ហាញ​ពី​ការ​ក្រោក​ឈរ និង​គាំទ្រ​ ដោយ​នាំ​គ្នា​ឈរ​ស្រាក់​ដៃ​រារាំង​ការ​ត្រឡប់​មក​ធ្វើ​បាប​ភរិយា​ពី​សំណាក់​ស្វាមី​មិន​ស្រឡាញ់​ និង​ថ្នាក់​ថ្នម​ប្រពន្ធ។

លោក ប៊ីលី ហ្គូធ័រ ជា​នាយក​ប្រតិបត្ដិ​អង្គការ​ជីវិត​នៅ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា វីដេអូ​យុទ្ធនា​ការ​នេះ​ បាន​បង្ហាញ​តថ​ភាព​ជាក់​ស្ដែង​សម្រាប់​ស្ដ្រី​ជា​ច្រើន​នៅ​កម្ពុជា​។

លោក​បាន​ថ្លែង​ថា​៖ «​រាល់​ទម្រង់​នៃ​ការ​រំលោភ​បំពាន ​ជា​ពិសេស​ហិង្សា​លើ​រាង​កាយ​ គឺមិន​អាច​ទទួល​យក​បាន​ទេ​។ ជា​អកុសល​ស្ថិតិ​ និងការ​សិក្សា​បាន​បង្ហាញ​ថា ការ​រំលោភ​បំពាន​ក្នុង​គ្រួសារ​នៅតែ​ត្រូវបាន​ចាត់​ទុក​ជា​ទង្វើ​​ធម្មតា​នៅ​ក្នុង​វប្បធម៌​ខ្មែរ​។ ម្នាក់​ៗ​សុទ្ធតែ​អាច​ធ្វើការ​កែប្រែ​នូវ​ផ្នត់​គំនិត​នេះ​។ នៅ​ពេល​សហ​គមន៍​ក្រោក​ឈរ​ជាមួយ​គ្នា​ពួកគេ​អាច​ផ្លាស់​ប្ដូរ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​ផ្លាស់​ប្ដូរ​ទាំង​វប្បធម៌​ដ៏​ធំ​សម្បើម​មួយ​»។

អង្គការ​នេះបាន​ឱ្យដឹង​ថា វប្បធម៌​ស្ដី​បន្ទោស​ជន​រង​គ្រោះ ​ត្រូវ​បាន​ចាក់​ឫស​គល់​ចូល​ក្នុង​ផ្នត់​គំនិត​របស់​ស្ដ្រី​កម្ពុជា​។ប្រជា​ជន​កម្ពុជា ៦៦​ ភាគរយ​ជឿ​ថា ជន​រង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​គួរតែ​នៅ​ស្ងៀម​ដើម្បី​គ្រួសារ។

សំណេរ​របស់​អង្គការ​នៅ​ក្រោម​វីដេអូ​ បាន​បន្ដ​ថា​៖ «​នៅ​ក្នុង​វីដេអូ​អប់រំ​ខ្លី​របស់​យើង​ យើង​បាន​បង្ហាញ​ពី​ការ​រំលោភ​បំពាន​ដែល​មាន​ទម្រង់​ជា​ច្រើន​ ដូច​ជា​ ការ​រំលោភ​បំពាន​ផ្លូវ​ចិត្ដ​ ការ​រំលោភ​បំពាន​ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​រំលោភ​បំពាន​លើ​ផ្លូវ​កាយ​។​ ទាំង​អស់​នេះ​ គឺ​មិន​អាច​ទទួល​យក​បាន​ទេ​»។

គោល​ដៅ​នៃ​យុទ្ធ​នា​ការ​នេះ ​មិន​ត្រឹម​តែ​មាន​បំណង​បញ្ឈប់​អំពើ​ហិង្សា​លើ​រាង​កាយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​បញ្ឈប់​ទាំង​បញ្ហា​ហិរញ្ញវត្ថុ​ និង​សង្គម​ផង​ដែរ​។

យោង​តាម​អង្គការ​ជីវិត​នៅ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ មនុស្ស​គ្រប់​រូប​មាន​ភារកិច្ច​ការពារ​គ្នា​ទៅវិញ​ទៅ​មក​ ជា​ពិសេស​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ដ្រី​។

ចំណុច​ស្នូល​នៃ​យុទ្ធនា​ការ​ឆ្នាំ​ ២០២២ នេះ ​គឺ​វីដេអូខ្លី​​រយៈ​ពេល​ ៣ ​នាទី​ អម​ដោយ​សំឡេង​ «Goodbye My Love» ដែល​បង្ហាញ​ពី​សហ​គមន៍​កម្ពុជា​ពួត​ដៃ​គ្នា​ជួយ​ដល់​ស្ដ្រី​កំពុង​ប្រឈម​នឹង​អំពើ​រំលោភ​បំពាន​និង​បញ្ចៀស​ពី​ជន​ល្មើស​។

គួរ​បញ្ជាក់​ថា​ ចម្រៀង​ «Goodbye My Love» បទ​និពន្ធ​ថ្មី​ផ្ដោត​លើ​បទ​ភ្លេង​ចាស់​ដ៏​ល្បី​ល្បាញ​នៃ​បទ​ចម្រៀង​ «Goodbye My Love»​។

ជា​សំណេរ​មតិ​លើក​ទឹក​ចិត្ដ​មួយ ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Savada Duong បាន​សរសេរ​តប​នឹង​វីដេអូ​យុទ្ធនា​ការ​ថា​៖ «​ខ្ញុំ​ជឿថា វីដេអូ​នេះ​នឹង​បាន​ទៅ​ដល់​ប្រជា​ជន​ខ្មែរ​ជា​ច្រើន​ដោយ​សារតែ​មាតិកា​នៃ​វីដេអូ​ និង​អត្ថន័យ​ចម្រៀង​នេះ​ពិត​ជា​មាន​ថាម​ពល​ណាស់​។ ត្រូវ​ហ៊ាន​និយាយ​ពាក្យ​ថា លា​ហើយ​! អស្ចារ្យ​ណាស់​ក្រុម​អង្គ​ការ​ជីវិត​នៅ​កម្ពុជា​»។

រួមជា​មួយ​វីដេអូ​អប់រំ យុទ្ធនាការ​នេះ ​នឹង​ធ្វើការ​ចែករំលែក​ទៅតាម​បណ្ដាញ​សង្គម​ដោយ​ផ្ដល់​ទាំង​ព័ត៌មាន ផ្ដល់​ការ​គាំទ្រ និង​ធនធាន​ក៏ដូចជា​ ស្នើ​សុំ​ឱ្យ​ស្ដ្រី​បន្ដ​ចែក​រំលែក​បទ​ពិសោធន៍​រងនូវ​អំពើ​រំលោភ​បំពាន​ និង​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ស្ដ្រី​ ដែល​អាច​រង​គ្រោះ ឬ​នៅបន្ដ​ជួប​នូវ​វិបត្ដិ​នៃ​អំពើ​រំលោភ​បំពាន​នេះ​។

លោក ហ្គូធ័រ ​បាន​បន្ដថា​៖ «​យុទ្ធ​នា​ការ​នេះ​អំពាវនាវ​ឱ្យ​ប្រជា​ជន​កម្ពុជា​ទាំង​អស់​ក្លាយ​ជា​ពលរដ្ឋ​នៃការ​ផ្លាស់​ប្ដូរ​ និង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ដំណោះ​ស្រាយ​ដើម្បី​ជួយ​ទប់​ស្កាត់​អំពើ​ហិង្សា​តាម​រយៈ​ការ​គាំទ្រ​សមាជិក​គ្រួសារ មិត្ដ​ភក្ដិ ឬ​អ្នក​ជិត​ខាង​របស់​ពួកគេ​ ប្រសិន​បើ​ពួកគេ​ជួប​ប្រទះ​នូវ​អំពើ​ហិង្សា​»។

នាយក​ប្រតិ​បត្ដិ​អង្គការ​ជីវិត​នៅ​កម្ពុជារូប​នេះ បាន​លើក​ឡើង​ថា​៖ «​យើង​ពិត​ជា​ចង់​ឱ្យ​យុទ្ធនា​ការ​នេះ​លើក​ឡើង​ពី​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​តាម​របៀប​មួយ​ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​ដឹង​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើបាន​ដើម្បី​ជួយ​គ្នា ខណៈ​ពេល​ដែល​ពួក​គេ​ក៏អាច​ផ្ដល់​ព័ត៌មាន​ និង​ជំនួយ​ចាំ​បាច់​ផ្សេងៗ​សម្រាប់​ស្ដ្រី​។ ដូច្នេះ​ស្ដ្រី​បាន​ដឹង​ពី​ទី​កន្លែង​ដែល​ពួកគេ​អាច​ស្វែង​រក​ការ​គាំទ្រ​។

លោក​បាន​អំពាវ​នាវ​ថា​៖ «​យើង​សុំស្នើ​ដល់​ប្រជាជន​គ្រប់​រូប​ក្នុង​សហ​គមន៍​យើង​ក្រោក​ឈរ​ឡើង ​និង​គាំទ្រ​ដល់​ស្ដ្រី​ ជាជាង​ការ​ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​បញ្ហា​នេះ​»។

រយៈ​ពេល ៤​ ឆ្នាំ​មក​នេះ អង្គការ​ជីវិត​នៅ​កម្ពុជា​បាន​ឈ្នះ​ពាន​រង្វាន់​អន្ដរ​ជាតិ​ជាច្រើន​ចំពោះ​យុទ្ធ​នាការ​អន្ដរកម្ម និង​បរិយា​ប័ន្ន​ ដែល​ជម្នះ​នឹង​ទំនៀម​ទម្លាប់​សង្គម និង​អត្ដចរឹត​ធ្លាប់​តែ​ប្រើ​អំពើ​ហិង្សា​លើ​ស្ដ្រី​នៅ​កម្ពុជា​។

យុទ្ធនា​ការ​របស់​អង្គការ​បាន​បំផុស​ថា ដល់​ពេល​ហើយ ដែល​សហ​គមន៍​ត្រូវ​រួម​គ្នា​ដើម្បី​គាំទ្រ​ស្ដ្រី​ត​ទល់​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។ សហ​គមន៍​ត្រូវ​រួម​គ្នា​ផ្ដល់​កម្លាំង​ចិត្ដ ក្ដី​ស្រឡាញ់​ និង​ការ​គាំទ្រ​ដែល​ស្ដ្រី​ត្រូវការ​ដើម្បី​និយាយ​ពាក្យ​ថា «​លា»​។

ចម្រៀង​បទ​ភ្លេង​ចាស់ ទំនុក​ថ្មីនេះ ច្រៀង​ និង​លេង​ហ្គីតា​ដោយ​កញ្ញា លឹម រតន៍សិរី ដោយ​មា​នការ​សម្ដែង​ពី​ក្រុម​សៀក​កម្ពុជា​ហ្វារ​ ដែល​ធ្វើ​ឱ្យ​វីដេអូ​យុទ្ធ​នា​ការ​ឆ្នាំ​ ២០២២ ​រំលេច​នូវ​ភាព​លេច​ធ្លោ​ និង​ប្រកប​ដោយ​មនោ​សញ្ចេត​នា​។

​កាលពី​ខែ​តុលា​កន្លង​ទៅ​ អង្គការ​ជីវិត​នៅ​កម្ពុជា (TLC)​ បាន​បន្ត​ទទួល​បាន​ពាន​រង្វាន់​អន្តរ​ជាតិ​ចំនួន​ ៤​ បន្ថែម​ទៀត​ ក្នុង ​១ សប្តាហ៍​ សម្រាប់​យុទ្ធនា​ការ​វីដេអូ​ហិង្សា​ក្នុង​ស្រុក «​វីដេអូ​និម្មិត​ជីវិត​មិន​មែន​ជា​ហ្គេម​» ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​រួច​មក​ហើយ ​និង​បាន​យក​ឈ្នះ​អង្គការ​ក៏ដូចជា​ស្ថាប័ន​ធំៗ​មួយ​ចំនួន​ក្នុង​ពិភព​លោក​។

​អ្នកស្រី​ ជា ​បូ​រ៉ានី ជា​ប្រធាន​ផ្នែក​ជីវិត​នៅ​កម្ពុជា​សម្រាប់​ជីវិត​ដោយ​គ្មាន​អំពើ​ហិង្សា​នេះ​បាន​និយាយ​ថា​៖ «​ដើម្បី​ឈ្នះ​ពានរ​ង្វាន់​ក្នុង​បរិបទ​នេះ ​គឺ​ពិសេស​មិនគួរ​ឱ្យ​ជឿ​។ វា​ពង្រឹង​សារៈ​សំខាន់​នៃ​ការងារ​ដែល​យើង​កំពុង​ធ្វើ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

​អ្នកស្រី​បាន​បន្ដថា​៖ «​យើង​បាន​ផ្ដោត​សំខាន់​លើ​ប្រធាន​បទ​នេះ និង​តែងតែ​យក​ចិ​ត្ដ​ទុក​ដាក់​ជា​ចម្បង​ចំពោះ​បញ្ហា​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​។ នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ​ហើយ​យើង​បន្ត​ការងារ​របស់​យើង​នៅ​ក្នុង​វិស័យ​នេះ​ជា​រៀង​រាល់ថ្ងៃ​។ យុទ្ធនា​ការ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​របស់​យើង​ គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការងារ​នេះ​តែ​ប៉ុណ្ណោះ​»​។​

​យោង​តាម​អង្គការ TLC​ បាន​ឱ្យ​ដឹង​ថា ពាន​រង្វាន់​អន្តរ​ជាតិ​ចំនួន ៤​ គឺ​ពានរង្វាន់ MUSE Creative Awards ពាន​រង្វាន់ Dra​gons​ of Asia ចំនួន​ ២​ និង​ពាន​រង្វាន់ Global Good Awards។ ទស្សនា​វីដេអូ​យុទ្ធ​នាការ​សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ ​www.​facebook.​com/​thislif​ecam​bodia​/videos​/431​70687917​407/​៕