បន្ទាយមានជ័យៈ ក្រុមអាជីវករ និង​ក្រុម​អ្នក​អូស​រទេះ ដែល​ឆ្លងដែន​ទៅ​លក់ដូរ និង​អូស​រទេះ​ដឹកទំនិញ​នៅក្នុង​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ១ ថ្ងៃ​វិល​ល្ងាច បាន​ទទូច​សុំឱ្យ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​សម្របសម្រួល​កិច្ច​អន្តរាគមន៍​ជួយ​ដល់​ពួកគេ បានចេញ​ចូល​ប្រកបការងារ​អាជីវកម្ម ដោយ​ប្រើប្រាស់​បណ្ណ​ឆ្លង​ព្រំដែន (Border Pass) ដូច​កាលពីមុន ដែលមាន​តម្លៃ​ ១០​ បាត ក្នុង​ ១ ​ថ្ងៃ ​ឬ​ក្នុង​ ១ ​លើក​។​

តំណាង​ក្រុម​អ្នក​អូស​រទេះ ដែល​ចេញចូល​ក្នុង​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ លោក នួន សារ៉េត អាយុ ​៤៩ ​ឆ្នាំ បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ថា កន្លងមក​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ធ្វើ​បណ្ណ​ឆ្លង​ព្រំដែន​ដល់​ពួកគាត់​ដែលជា​អ្នក​អូស​រទេះ និង​ក្រុមអាជីវករ​ដែល​ចេញ​ចូលទៅ​ប្រក​បរបរ​អា​ជីក​ម្ម នៅក្នុង​ផ្សារ​រុង​ក្លឿ ក្នុង​ ១​ ថ្ងៃ​ ឬ​ក្នុង ​១ ​ដង (​ទៅ​ព្រឹក វិល​ល្ងាច​) ថ្លៃ​ត្រឹមតែ​ ១០​ បាត ឬ​ស្មើ​ ១ ២០០ ​រៀល​ប៉ុណ្ណោះ​។ ប៉ុន្តែបច្ចុប្បន្ន អាជ្ញាធរ​បានធ្វើ​បណ្ណ​ឆ្លង​ព្រំដែន ដែលមាន​រយៈពេល​ ៥​ ថ្ងៃ​ ក្នុង ​១ ​សប្តាហ៍ ក្នុងតម្លៃ​ ៥០ ​បាត ឬ​ស្មើ​ ៦​ ពាន់​រៀល​ មានន័យថា បណ្ណ​ឆ្លង​ព្រំដែន​ថ្មី​នេះ បានអនុញ្ញាត​ឱ្យ​អាជីវករ និង​អ្នក​អូស​រទេះ នៅក្នុង​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ អាច​ស្នាក់​នៅក្នុង​ផ្សារ​នេះ​បាន​ ៥ ​ថ្ងៃ​។​

លោក ​សារ៉េត ថ្លែងថា​៖ «​វា​ល្អ​សម្រាប់​អ្នកមាន​លុយ​ជួល​បន្ទប់​ស្នាក់នៅ ឬ​មាន​តូប​លក់ដូរ​ផ្ទាល់ខ្លួន​នៅក្នុង​ផ្សារ​រុង​ក្លឿ ដែល​អាច​ស្នាក់​នៅក្នុង​ផ្សារ​នេះ​បាន​ ៥​ ថ្ងៃ ​ក្នុង ​១​ សប្ដាហ៍ ប៉ុន្តែ​វា​មិនល្អ​សម្រាប់​ពួកយើង​ដែលជា​ជនក្រីក្រ រកស៊ី​អូស​រទេះ​ដឹកទំនិញ​ឱ្យគេ ដែល​ត្រូវ​ចេញចូល​ក្នុង​ផ្សារ​នេះ​ព្រឹកល្ងាច​ឡើយ​ ព្រោះ​បណ្ណ​ឆ្លង​ព្រំដែន​ ១​ សន្លឹក គឺ​អនុញ្ញាតឱ្យ​យើង​ប្រើប្រាស់ សម្រាប់​ចេញចូល​ឆ្លងកាត់​ព្រំដែន​បានតែ​ម្ដង​ប៉ុណ្ណោះ​»​។​

បើតាម​លោក​ សារ៉េត អ្នក​ប្រក​បរបរ អូស​រទេះដឹក​ទំនិញ​ពី​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ (​កម្ពុជា​-​ថៃ​)​ ប៉ោយប៉ែត​-​ក្លង​ឡឹ​ក គឺ​ពួកគាត់​ត្រូវ​ចេញចូល​ឆ្លងកាត់​ព្រំដែន​ពី ២-៣​ ដង ​ក្នុង​ ១ ​ថ្ងៃ ដែល​ត្រូវ​ចំណាយ​ទៅលើ​ថ្លៃ​បណ្ណ​ឆ្លងកាត់​ព្រំដែន​នេះ​ពី​ ១០០-១៥០​ បាត ក្នុង ​១ ​ថ្ងៃ​ផងដែរ ខណៈ​ថ្លៃ​ដឹកជញ្ជូន​ទំនិញ​ក្នុង​ ១ ​ជើងៗ ពួកគាត់​ទទួលបាន​កម្រៃ​ត្រឹមតែ ១៥០ ​បាត​ប៉ុណ្ណោះ សម្រាប់​ប្រភេទ​ទំនិញ​ជា​គ្រឿងក្រអូប​ដែល មាន​ទម្ងន់​ចន្លោះ​ពី​ ១៥-២០ ​គីឡូក្រាម។​

លោក​បាន​បន្ថែមថា​៖ «​នេះ​ជា​អ្វីដែល​ពួកយើង បានស្នើ​សុំ​ដោយ​ទទូច​ដល់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និងអាជ្ញាធរខេត្ត​បន្ទាយមានជ័យ សម្របសម្រួល​អន្តរាគ​មន៍​ជួយ​ដល់​ពួកយើង ដើម្បី​ប្រើប្រាស់​បណ្ណ​ឆ្លង​ព្រំដែន ដែលមាន​រយៈពេល ​១ ​ថ្ងៃ និង​មានតម្លៃ​ត្រឹម ​១០ ​បាត ដូច​កាលពីមុន​វិញ ព្រោះ​តម្លៃ​បច្ចុប្បន្ននេះ គឺ​ពួកយើង​ពិបាក​រស់​ខ្លាំងណាស់​»​។​

ស្រដៀង​គ្នា​នេះដែរ អ្នកស្រី អ៊ុក រ៉ា​វ៉ាន់ ដែលជា​អ្នក​ប្រកប​របរ​លក់ដូរ​បន្លែ នៅក្នុង​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា គាត់​ចូល​នៅក្នុង​ផ្សារ​ថៃ​នេះ​ដើម្បី​លក់ដូរ​នៅពេល​ព្រឹក និង​ត្រឡប់មកផ្ទះ​របស់គាត់ ដែល​ស្ថិតនៅក្នុងភូមិបាលិលេយ្យ ​សង្កាត់​ភូមិបាលិលេយ្យ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វិញ​នាពេល​ល្ងាច គឺ​គាត់​ត្រូវ​ចំណាយ​ប្រាក់​ ៥០​ បាត ឬ ៦ ០០០ ​រៀល​ ក្នុង​ ១ ​ថ្ងៃ ទៅលើ​បណ្ណ​ឆ្លង​ព្រំដែន ខណៈ​គាត់​ទទួលបាន​ផលចំណេញ​ពី​ការលក់ដូរ​បន្លែ ក្នុង​ ១ ​ថ្ងៃ​ត្រឹមតែ ​២៥០ ​បាត ប៉ុណ្ណោះ​។​

អ្នកស្រី​ថ្លៃ​ង​ថា​៖ «​យើង​សុំឱ្យ​អាជ្ញាធរ​ជួយ​គិតគូ​ពី​ការលំបាក​របស់​យើង ជា​អាជីវករ​ក្រីក្រ ដែល​លក់ដូរ​បន្លែ​កំ​ប៉ិក​កំប៉ុក រក​ផលចំណេញ​បាន​មួយថ្ងៃ​សម្រាប់​ ១​ ថ្ងៃ ដោយ​សម្រួល​ថ្លៃ​បណ្ណ​ឆ្លង​ព្រំដែន​មក​នៅត្រឹម​ ១០ ​បាត ​ក្នុង​ ១ ថ្ងៃ​ដូច​កាលពីមុន​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ​វិញ​»​។

បើតាម​អ្នកស្រី រ៉ា​វ៉ាន់ កាលពីដើម​ខែវិច្ឆិកា​ក​ន្ល​ង​ទៅ ក្រុមអាជីវករ​ប្រមាណ​ជិត​១០០​នាក់ បាន​តវ៉ា​ស្នើ​សុំឱ្យ​អគ្គ​កុងស៊ុល​កម្ពុជា អន្តរាគមន៍​ជួយ​សម្រួល​ឱ្យ​កូនៗ​របស់​ពួកគាត់​ចេញ​-​ចូលទៅ​រៀន​នៅ​ទឹកដី​ថៃ ដោយ​មិនចាំបាច់​វ៉ៃ​ត្រា​បង់លុយ​ឱ្យ​អាជ្ញាធរ​ ១០០ ​បាត ឬ​ស្មើ​ ១២ ០០០ ​រៀល​ម្ដង​រួចមកហើយ ប៉ុន្តែ​មកទល់ពេលនេះ គឺមាន​រយៈពេល​ជិត​ ១​ ខែ​ហើយ ការសម្របសម្រួល​ដំណោះស្រាយ​នៅ​មិនទាន់​បានសម្រេច​នៅឡើយ​ទេ​។​

លោក សេក សុខុម មន្ត្រី​នាំពាក្យ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់ថា ករណីនេះ អាជ្ញាធរខេត្ត បានទទួល​សំណើ​ពី​តំណាង អាជីវករ និងអ្នក​ប្រកបរ​បរអូស​រទេះ​រួចរាល់​ហើយ និង​កំពុង​រៀបចំ​កិច្ចប្រជុំ ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នេះ ជាមួយ​ភាគី​ថៃ​ផងដែរ​។

លោក សុខុម បាន​បញ្ជាក់ថា​៖ «​រដ្ឋបាលខេត្ត​យើង បាន​កោះប្រជុំ​ពិភាក្សា​លើ​បញ្ហា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នោះ​ហើយ ប៉ុន្តែ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​មានការ​យោគយល់​ដល់​អាជ្ញាធរ​ផង ព្រោះ​យើង​ជា​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​ថៃ យើង​ធ្វើ​អ្វី​គឺ​ត្រូវមាន​ការប្រជុំ​ពិភាក្សាគ្នា​ជាមុន មិនអាច​ធ្វើ​អ្វី​ដោយ​ចិត្ត​ឯង​បានទេ​។ រដ្ឋបាលខេត្ត​យើង នឹង​ខិតខំ​សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​វិល​ទៅរក​សភាព​ដើម មុនពេល​មាន​ជំងឺ​កូ​វីដ​វិញ​»។​

លោក​បាន​បន្តថា ចំណាត់​ការថ្មី​នេះ គឺ​កើតឡើង​អំឡុងពេល​ប្រទេស​កម្ពុជា និង​ថៃ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​ ១៩ ហើយ​ការបើក​ច្រកព្រំដែន​ឡើងវិញ​នេះ ក៏បាន​ឯកភាពគ្នា​តាម​ដំណាក់កាល​នីមួយៗ​ដែរ​៕