ភ្នំពេញៈ​ ក្រសួង​ប្រៃស​ណីយ៍​និង​ទូរគម​នាគម​ន៍និង​ទីភ្នាក់​ងារ​សហ​ប្រតិបត្តិ​ការ​អន្ត​រជាតិនៃ​ប្រទេស​ជប៉ុន (JICA)​ បានចុះហត្ថ​លេខាលើ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ធន់​នៃ​សាយ​ប័​រ​ (Cyber) ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ភាព​ធន់​​នៃ​សន្តិ​សុខ​សាយ​ប័​រ​នេះ​។​

​នៅ​ថ្ងៃទី ​២៩ ខែវិច្ឆិកា ​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគម​នាគមន៍​បាន​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ស​ហប្រតិ​បត្តិការ​ជំនួយ​បច្ចេកទេ​ស​រវាង​ស្ថាប័ន​ទាំង​ ២​ នេះ​ស្តីពី «​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ធន់​នៃ​សាយ​ប័​រ (Cyber Resilience)» ​នៅ​ទីស្តីកា​រក្រសួង​។​

​លោក​ស្រី កា​មៃ ហា​រឹ​កុ តំ​ណាង​ JICA ​ប្រចាំ​កម្ពុជា​ បាន​ចុះហត្ថលេ​ខា​លើ​គម្រោង​នេះ​ដែលនឹងត្រូវ​អនុវត្ត​ជា​ផ្លូវការ​ចាប់ពី​ឆ្នាំ​ ២០២៣ ​ដែល​មាន​គោល​ដៅ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភា​ព​ក្នុង​ការផ្តល់​សេវា​របស់​ក្រុម​ឆ្លើយតប​ឧប្បត្តិ​ហេតុ​សន្តិ​សុខ​សាយ​ប័​រ និង​លើក​កម្ពស់​សកម្ម​ភាព​ស​ន្តិ​សុខ​សាយ​ប័​រ​របស់​អង្គភាព​ និង​អ្នក​ពាក់​ព័ន្ធ​។​

​គម្រោង​នេះ​ក៏មាន​គោល​ដៅ​ផ្តល់​ធាតុ​ចូល​សម្រាប់​រៀបចំ​ច្បាប់​លិខិត​បទដ្ឋា​ន​គតិ​យុត្ត​ និង​ស្តង់​ដា​ ដើម្បី​ពង្រឹង​សន្តិ​សុខ​សាយ​ប័​រដើម្បី​សម្រេច​បាន​គោល​ដៅ​រួម​ក្នុងការ​លើក​កម្ពស់​ភាព​ធន់​នៃ​សង្គម​ឌីជី​ថល​នៅ​កម្ពុជា​។

JICA​ប្រចាំ​កម្ពុជា​បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កនៅថ្ងៃទី ​២៩​ ខែវិច្ឆិកាថា នៅក្នុង​ជំនួប​មុន​ការ​ចុះហត្ថ​លេខា​នេះ ​ភាគី​ទាំង​ ២ បាន​ផ្លាស់​ប្តូរ​ការ​សន្ទនា​គ្នា​ទៅលើ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​ព្រម​ទាំង​ពិភាក្សា​អំពី​របៀប​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជិត​ស្និទ្ធ​បន្ថែម​ទៀត ជា​ពិសេស​ទៅ​លើ​វិស័យ​បច្ចេក​វិទ្យា​ឌីជីថល ​និង​សន្តិសុ​ខ​សាយ​ប័​រ ។​

JICA ​បញ្ជាក់​ថា​ «​ក្រោម​កិច្ច​សហប្រ​តិប​ត្តិការ​ប​ច្ចេក​ទេស​នេះ ភាគី​ទាំង​ ២ ​រំពឹងថា ភាព​ធន់​នៃ​សន្តិសុខ​សាយ​ប័​រ​នឹង​ត្រូវបាន​ពង្រឹង​បន្ថែម​ទៀតតាម​រយៈ​ការបង្កើន​សមត្ថ​ភាព​ស​ន្តិ​សុខ​សាយ​ប័​រ​នៃ​នាយក​ដ្ឋាន​សន្តិសុខ​បច្ចេក​វិទ្យា​គមនា​គមន៍ និង​ព័ត៌​មាន​»​។

​គម្រោង​នេះរួម​មាន​ សកម្ម​ភាព​ដូចជា ​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការិយា​ល័យ​ឆ្លើយ​តប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ (CSIRT) ការ​លើក​កម្ពស់​ការយ​ល់​ដឹង​អំពី​សន្តិ​សុខ​សាយ​ប័រ​សម្រាប់​ស្ថាប័ន​ពាក់​ព័ន្ធ​ ប្រជា​ពលរដ្ឋ និង​ក្រុមហ៊ុន​ប្រតិប​ត្តិការ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ព័ត៌មាន (CII) និង​ការអ​ភិវឌ្ឍ​គោល​នយោបា​យ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នៅ​ក្នុង​វិស័យ​នេះ​ផង​ដែរ​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់​ថា ​«JICA ​បង្ហាញ​ការកោ​តស​រសើរ​ក្រសួង​ប្រៃស​ណីយ៍និង​ទូរគម​នាគមន៍​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​ផ្សេងៗ និង​កិច្ច​សហ​ប្រតិ​បត្តិកា​រយ៉ា​ង​សកម្ម ក្នុងការ​បង្កើត​គម្រោង​​»៕