កែបៈ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានលើកឡើងថា បច្ចុប្បន្នបញ្ហាសំរាម ជាពិសេសប្លាស្ទិកបានក្លាយទៅជាប្រធានបទធំមួយទៀត ក្រៅអំពីបញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង ដែលដំណោះស្រាយនៃបញ្ហានេះអាចសម្រេចទៅបានអាស្រ័យលើការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។
លោក នេត្រ ភក្ត្រា បានលើកឡើងដូចនេះ នាទិវាអនាម័យបរិស្ថានជាតិដែលធ្វើឡើងនាខេត្តកែប កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ដោយមានការចូលរួមពីមន្ត្រី ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធប្រមាណ ២០០ នាក់ ក្នុងនោះក៏មានការដាំដើមកោងកាងចំនួន ៣ ០០០ ដើមផងដែរ។
លោកបានថ្លែងថា៖ «បញ្ហាសំណល់ប្លាស្ទិកគឺជាបញ្ហាសកលដែលប្រទេសនីមួយៗបានរួមគ្នាដោះស្រាយ ហើយដំណោះស្រាយ លើបញ្ហាប្លាស្ទិកនេះ គឺអាចសម្រេចទៅបាន អាស្រ័យលើការចូលរួមពីយើងទាំងអស់គ្នាជាប្រជាពលរដ្ឋ តួយ៉ាងការប្រើប្រាស់ឡើងវិញ ការកែច្នៃ ការបដិសេធ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់»។
យោងតាមក្រសួងបរិស្ថាន នៅប្រទេសកម្ពុជា មានសំរាមជាង ១០ ០០០ តោន ត្រូវបានចោលក្នុង ១ ថ្ងៃៗ ដែលស្មើនឹងជាង ៤ លានតោនក្នុង ១ ឆ្នាំ។ ក្នុងនោះ ប្រភេទសំរាមសរីរាង្គមានចំនួន ៦០ ភាគរយ, ប្លាស្ទិក ២០ ភាគរយ និងសំរាមទូទៅផ្សេងៗទៀត។
តាមរយៈគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា គឺសម្រេចបាននូវសមិទ្ធផលជាវិជ្ជមានជាច្រើន ដូចជា ការគាំទ្រ និងជំរុញអាជីវកម្មកែច្នៃប្លាស្ទិក និងសម្ភារប្រើជំនួសប្លាស្ទិក, ការបញ្ជ្រាបការយល់ដឹងរបស់ប្រជាជន និងវិស័យឯកជនអំពីបញ្ហាប្លាស្ទិក និងដំណោះស្រាយ។
លោកប្រាប់ថា ៖ «ជាពិសេស ការចូលរួមក្នុងដំណើរការរៀបចំជាគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិគន្លឹះផ្សេងៗ ជាក់ស្ដែង វិធានការគោលនយោបាយស្ដីពីការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លីដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុម័តឱ្យអនុវត្តកាលពីពេលថ្មីៗនេះ»។
បើតាមលោក នេត្រ ភក្ត្រា ខេត្តកែបស្ថិតក្នុងចំណោមរាជធានី-ខេត្តចំនួន ៦ ដែលគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្របានធ្វើការអនុវត្តនូវផែនការសកម្មភាពរបស់ខ្លួន។ ក្នុងមូលដ្ឋានខេត្តកែបនេះ គម្រោងបានផ្ដល់ជូននូវធុងទឹកចម្រោះដល់សាលារៀនចំនួន ៥, ធុងទឹកក្ដៅទឹកត្រជាក់, ធុងសំរាម និងផ្ទាំងអប់រំប្លាស្ទិកជាដើម។
ដោយឡែក នាថ្ងៃទី ២៨ វិច្ឆិកា ដដែលនោះលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការងារគ្រប់គ្រងនិងប្រតិបត្តិការទីលានទុកដាក់សំរាម ផងដែរដោយពិភាក្សាលើយន្តការនៃការគ្រប់គ្រង និងការអនុវត្តគម្រោងទីលានទុកដាក់សំរាម និងសំណល់រឹងរបស់រាជធានី-ខេត្តចំនួន ៦ និងទិសដៅសកម្មភាពសំខាន់ៗ។
ក្រសួងសាធារណការ ក៏បានពិភាក្សាពីវគ្គបំពាក់បំប៉នការប្រើប្រាស់គ្រឿងចក្រដល់មន្ត្រីពាក់ព័ន្ធសំដៅគ្រប់គ្រងទីលានទុកដាក់សំរាមឱ្យបានល្អ ការរៀបចំប្រព័ន្ធទិន្នន័យប្រមូល ថ្លៃសេវា និងពិធីប្រគល់ទទួលការគ្រប់គ្រងទីលានទុកដាក់សំរាមផងដែរ។
បើតាមលោករស់ វណ្ណា ក្រសួងបាននិងកំពុងត្រៀមរៀបចំបើកវគ្គបណ្ដុះបណ្ដាលផ្ដល់ចំណេះដឹងអំពីការគ្រប់គ្រងទីលានទុកដាក់សំរាម ដើម្បីផ្ដល់ចំណេះដឹងផ្នែកបច្ចេកទេសដល់ក្រុមការងារក្រសួង ក៏ដូចជាមន្ត្រីថ្នាក់ក្រោមជាតិ ដែលត្រូវបានចាត់តាំងឱ្យមកសិក្សាដើម្បីធានានិរន្តរភាពនៃការគ្រប់គ្រងទីលានទុកដាក់សំរាមស្របតាមបទដ្ឋានបច្ចេកទេសប្រើប្រាស់ឱ្យបានយូរអង្វែង។
លោក រស់ វណ្ណា ក៏បានបញ្ជាក់ដែរថា អង្គប្រជុំបានឯកភាពលើការផ្ទេរសិទ្ធិគ្រប់គ្រងទីលានទុកដាក់សំរាមនិងសំណល់រឹងដល់រាជធានីខេត្តទាំង ៦ និងកំណត់ពេលវេលាជាក់លាក់ ដើម្បីរៀបចំពិធីប្រគល់ទទួលទីលានទុកដាក់សំរាម និងសំណល់រឹង ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន៕