ភ្នំពេញៈ គណបក្ស​ប្រជា​ធិ​ប​តេ​យ្យ​មូលដ្ឋាន​ (GDP) គោរព​ការចាកចេញ​របស់លោក​យ៉ង​សាំង​កុមារ និង​លោក ​ឡឹ​ក សុធារ ដែល​ទៅ​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ហៅ​ការ​សម្រេចចិត្ត​ចាកចេញ​នេះ​ថា ជា​សិទ្ធិ​នយោបាយ​បុគ្គល និង​ហេតុ​ផល​ដើម្បី​កែប្រែ​វិស័យ​កសិកម្ម​កម្ពុជា ដែល​ស្របទៅតាម​ឆន្ទៈ​របស់ GDP ផ្ទាល់​។​

​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី ​២៩ វិច្ឆិកា បាន​ត្រាស់​​បង្គាប់​តែងតាំង​មុខតំណែង លោក យ៉ង សាំង​កុមារ ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ ក្រសួងកសិកម្ម ខណៈ​លោក ឡឹ​ក សុធារ ត្រូវបានតែងតាំង​ជា​អនុ​រដ្ឋលេខា​ធិ​ការ​ក្រសួងកសិកម្ម​។​

​លោក​ សាម អ៊ី​ន អគ្គលេខា​ធិ​ការ និង​ជា​អ្នកនាំពាក្យ​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថ្លែងថា ការចាកចេញ​របស់លោក​ យ៉ង សាំង​កុមារ និង​លោក ​ឡឹ​ក សុធារ «​យើង​មាន​អារម្មណ៍​ថា សោកស្តាយ​ដែរ ប៉ុន្តែ​ពួកគាត់​មាន​ហេតុផល​សមរម្យ មាន​ហេតុផល​ផ្ទាល់​រៀងៗ​ខ្លួន ហើយ​យើង​គ្មាន​សិទ្ធិអំណាច​អ្វី​ទៅ​ឃាត់​ឃាំង​ឡើយ​។ បន្ទាប់ពី​បោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ ២០២២ ហ្នឹង គាត់​ក៏បាន​ពិគ្រោះ​យោបល់​ជាមួយ​យើង​អំពី​បញ្ហា​ប្រឈម​​នានា ហើយ​គាត់​ក៏​សម្រេច​ចាក​ចេញទៅ​ចូលរួម​ជាមួយ​គណ​បក្ស​ប្រជាជន ព្រោះ​គាត់​មាន​ហេតុផល​មួយ​ថា គាត់​មាន​ចំ​​ណេះ​ដឹង​កសិកម្ម មាន​ផែនការ ចង់​ជួយ​កសិករ​ច្បាស់លាស់​»​។

​លោក​ សាម អ៊ីន បាន​បញ្ជាក់ថា ក្រោយពី​មាន​ជំនួប​រវាង​លោក ​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ខាង​គណបក្ស​នេះ​បាន​ផ្ញើលិខិត​សុំ​ជួប​និយាយ​ពី​បញ្ហា​កសិកម្ម​រួចមក​លោក​ ឌិ​ត​ ទីណា ក៏បាន​បបួល​លោក យ៉ង​ សាំង​កុមារ ចូលរួម​ការងារ​ជាមួយ​រដ្ឋាភិបាល​ក្នុង​វិស័យ​កសិកម្ម​ដែរ​។

​លោក​បន្តថា៖ «​ក្រោយពី​មានការ​ពិគ្រោះ​យោបល់​ជាមួយគ្នា​មក លោក​ ​យ៉ង សាំង​កុមារ ក៏​សម្រេចចិត្ត​ទៅ​ចូល​រួមជាមួយ​រដ្ឋាភិបាល​ទៅ ព្រោះ​វា​ជា​ឱកាស​មួយ​សម្រាប់​គាត់​អាចមាន​លទ្ធ​​ភាព​ប្រើ​ចំណេះដឹង និង​ទឹកចិត្ត​ទៅ​ជួយ​ផ្នែក​កសិកម្ម​បាន ព្រោះ​រដ្ឋាភិបាល​មាន​ធនធាន សិទ្ធិ​ អំណាច​ក្នុងការ​អនុវត្ត​ការងារ​»​។​

​លោក ​សាម អ៊ីន បញ្ជាក់ថា គ្មាន​ការទិញ​ទឹកចិត្ត​ណាមួយ ពី​សំណាក់​រដ្ឋាភិបាល​មកលើ​មន្ត្រីជាន់ខ្ពស់​របស់​គណ​បក្ស​លោក​ឡើយ ហើយ​ខាង​ ​GDP នឹង​បើក​កិច្ចប្រជុំ​ក្នុង​ការកែប្រែ​រចនាសម្ព័ន្ធ​បក្ស​នាពេលខាងមុខ បន្ទាប់ពី​ស្ថានការណ៍​ស្ងប់ស្ងាត់ ។​

​លោក ​យ៉ង សាំង​កុមារ ដែល​នឹងត្រូវ​ទទួល​តួនាទី​ជា​រដ្ឋលេខា​ធិ​ការ​ក្រសួងកសិកម្ម បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​​ ២៩ ខែវិច្ឆិកាថា លោក​បាន​លាឈប់​ជា​ស្ថាពរ​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋា​ន ១ ​សប្តាហ៍​ទៅហើយ ដើម្បី​អាច​ស្នើ​លិខិត​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​មានប្រសាសន៍ថា៖ «​ខ្ញុំ​បាន​ពិភាក្សាគ្នា​ជាមួយ​លោក​ ឌិ​ត ទីណា ទាក់ទង​បញ្ហា​កសិកម្ម ស្រូវ​អង្ករ និង​គំនិត​ដោះស្រាយ ហើយ​លោក​បាន​ឯកភាព​លើ​គោលការណ៍ ១២ ចំណុច​ដែល​ខ្ញុំ​បាន​ផ្សព្វផ្សាយ ហើយ​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​គាំទ្រ​ក្នុងការ​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​នេះ​ផងដែរ​»​។

​លោក​ យ៉ង សាំង​កុមារ ​សង្កត់ធ្ងន់ថា នៅពេល​លោក​កាន់​តួនាទី​ក្នុង​វិស័យ​កសិកម្ម លោក​នឹង​គិតគូរ​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​មុនគេ ដែល​ត្រូវ​មាន​កត្តា​ចូលរួម ជា​ចាំបាច់ ៣​ យ៉ាង រួមមាន កិច្ច​គាំទ្រ​ពីរ​ដ្ឋា​ភិ​បាល និង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​, កិច្ចសហការ​ពី​មន្ត្រី​ពាក់ព័ន្ធ និង​ទី​៣ គឺ​កត្តា​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​ដំណើរការ​ចក្ខុ​វិស័យ​ទាំងនោះ​។​

​ទន្ទឹមនឹង​នេះដែរ លោក​ សុខ​ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាបាន​ប្រាប់​ដែរ​ថា នេះ​ជា​ដំណើរ​ការល្អ​មួយ​ស្របតាម​មាគ៌ា​របស់​គណ​បក្ស​ប្រជាជន ហើយ​ការចូលរួម​នេះ​គឺជា​ចំណែក​ដើម្បី​ជួយ​វិស័យ​កសិកម្ម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។​

ជុំវិញ​មតិសាធារណៈ​លើកឡើងថា មាន​ការទិញ​ទឹកចិត្ត​និង​អូស​ទាញ​ពី​សំណាក់​គណបក្សកាន់អំណាច​ទៅលើ​បណ្តា​គណបក្ស​ប្រឆាំង នៅមុន​ការបោះឆ្នោត​មកដល់​នោះ លោក​ សុខ ឥសាន បាន​ថ្លែងថា​៖ «​ការលើកឡើង​នេះ​គឺជា​ការ​មើលងាយ​សិទ្ធិ​ នយោបាយ​របស់លោក​យ៉ង​ សាំង​កុមារ​និង​សហការី​គាត់​»​។​

​ជុំវិញ​បញ្ហា​នេះដែរ លោក ​ឯម​ សុវណ្ណារ៉ា ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយលើក​ឡើង​ថា ទិដ្ឋភាព​នៃ​ការ​ចុះចូល​គណបក្សកាន់អំណាច​ពី​សំណាក់​លោក​ យ៉ង សាំង​កុមារ និង​សហ​ការី ជា​ទិដ្ឋភាព​ដាច់ដោយឡែក​ពី​យុទ្ធសាស្ត្រ​កៀរគរ​សមាជិក​ពី​សំណាក់​បក្ស​កាន់អំណាច​ដែល​ធ្លាប់ប្រើ​នៅមុន​ការបោះឆ្នោត​នា​អំឡុង​ពេលមុន ដែល​លោក​សម្លឹង​ឃើញ​ពី​ចក្ខុវិស័យ​ពិត​ប្រាកដ​របស់លោក​យ៉ង សាំង​ ​កុមារ ក្នុងការ​ចូលរួម​លើកស្ទួយ​វិស័យ​កសិកម្ម​កម្ពុជា​។​

​លោក​ ឯម សុវណ្ណារ៉ា យល់ថា​៖ «​ទស្សនៈ​ខ្ញុំ បញ្ហា​តម្លៃ​ស្រូវ ខ្ញុំ​គិតថា ប្រហែលជា​ពិបាក ទោះបី​លោក​បណ្ឌិត​ [​យ៉ង សាំង​កុមារ​] មាន​សមត្ថភាព​និង​យន្ត​​ការ​ច្បាស់លាស់​យ៉ាងណាក្តី ព្រោះ​គណបក្ស​ប្រជាជន​ដឹង​រឿង​ហ្នឹង​យូរហើយ ប៉ុន្តែ​មិនទាន់មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ដោះស្រាយ​ទេ គ្រាន់​តែមាន​វិធីសាស្ត្រ​មួយគ្រាៗ​ទេ​។ នៅក្នុង​យន្តការ​លក់ ទិញស្រូវ​អង្ករ​នេះ មានការ​បិទ​ខ្ទប់​មិនឱ្យ​ឈ្មួញ​ពី​ខាងក្រៅ​ចូល​ប្រកួតប្រជែង​ទេ អ៊ីចឹង​! ធ្វើឱ្យ​ស្រូវ​ធ្លាក់​ថ្លៃ​»​។

​លោក​បន្ថែមថា គោលការណ៍​ដែល​លោក​ យ៉ង សាំង​កុមារ ចង់​សម្រេចបាន​នោះ​អាច​នឹង​ពិបាក​ក្នុងការ​សម្រេចបាន​ខ្លាំងណាស់ លុះត្រា​មាន​កិច្ច​អន្តរាគមន៍​បើកភ្លើង​ខៀវ​ពី​សំណាក់​រដ្ឋាភិបាល​។​

​ជុំវិញ​បញ្ហា​នេះដែរ លោក​ យង់​ ពៅ អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា យល់ថា ការចូលរួម​ជីវភាព​នយោបាយ​របស់​លោក​ យ៉ង សាំង​កុមារ គឺជា​ការចូលរួម​លើកស្ទួយ​វិស័យ​កសិកម្ម​កម្ពុជា​ជាមួយ​រដ្ឋាភិបាល ដែល​លោក​យ៉ង សាំង​កុមារ ធ្លាប់ជា​ថ្នាក់ដឹកនាំ​អង្គការ​កសិកម្ម​ ១ ​រូប​ដែរ គឺ​អង្គការ​សេ​ដាក​។​

​លោក​ថា​៖ «​លោក​យ៉ង សាំង​ ​កុមារ អាចជា​ចំណែក​ក្នុង​ដំណើរ​ការ​កសិកម្ម ដែល​វា​មាន​វិស័យ​នានា​ទៀត​។ អ្វីដែល​សំខាន់បំផុត​នោះ គឺ​ទស្សនវិស័យ​របស់​រដ្ឋ​មន្ត្រី​កសិកម្ម​ប្រសិនបើ​គាត់​មាន​ចក្ខុវិស័យ​ល្អ ច្បាស់លាស់ ចេះ​ប្រើ​ធនធានមនុស្ស ដែល​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ នោះ​វិស័យ​កសិកម្ម​កម្ពុជា​អាច​នឹងមាន​ដំណើរការ​កំណែទម្រង់​ល្អ​»​។​

​សូម​រំឭកថា លោក​ យ៉ង សាំង​ ​កុមារ បាន​ផ្ញើលិខិត​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​កាលពី​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជា​​មួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រួម​ចំណែក​ស្តារ​វិស័យ​កសិកម្ម និង​លើកកម្ពស់​ជីវភាព​កសិក​រ​ក្នុងប្រទេស​កម្ពុជា​៕