កណ្តាលៈ ដើម្បី​ដោះស្រាយ​បញ្ហា​អាហារូបត្ថម្ភ​គ្រប់​ទម្រង់​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ក្រុម​ប្រឹក្សា​ស្តារ អភិវឌ្ឍន៍​វិស័យ​ក​សិ​កម្ម និង​ជនបទ​ ​(​ក​.​ក​.​ជ​) បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ បានរៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សន្តិ​សុខ​ស្បៀង និង​អាហារូបត្ថម្ភ លើក​ទី​២ ឆ្នាំ​ ២០១៩-២០២៣ សំដៅ​សម្រេច​ឱ្យបាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចី​រ​​ភាព​ឆ្នាំ​ ២០៣០​។​

​រាជរដ្ឋាភិបាល​កម្ពុជា ក៏មាន​ការប្ដេជ្ញាចិត្ត​ខ្ពស់ ដោយ​ឈរលើ​កត្តា​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដែល​បង្កើតបាន​នូវ​បរិយាកាស​មួយ​ដ៏​រឹងមាំ​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ក្នុងនោះ វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ក៏មាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​។

​នេះ​ជាការ​លើកឡើង​របស់លោក សុខ ស៊ីឡូ អគ្គលេខា​ធិ​​ការ​នៃ​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​ក្នុង​ពិធី​បើក​សិក្ខាសាលា​តម្រង់ទិស​ដល់​ក្រុមការងារ​ដឹកនាំ​សម្រប​សម្រួល​វិស័យ​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ ខេត្តកណ្ដាល កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២​។

​លោក​បានឱ្យដឹងថា ក្នុង​បរិបទ​ដែល​ពិភពលោក​បាននិងកំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​ ១៩ ការប្រែប្រួល​អាកាសធាតុ ជួប​បញ្ហា​សន្តិសុខ​ស្បៀង និង​ថា​ម​​ពល​កម្ពុជា​មិន​ត្រឹមតែ​អាច​បញ្ចៀស​បាន​នូវ​វិបត្តិ​ស្បៀងអាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា​ថែមទាំង​បាន​ពង្រឹង​ប្រព័ន្ធ​ស្បៀង តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ផលិត និង​ផ្គត់ផ្គង់​ផលិត​ផល​កសិកម្ម និង​ម្ហូបអាហារ​ប្រកបដោយ​គុណភាព និង​សុវត្ថិ​ភាព​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។

​លោក​មានប្រសាសន៍ថា​៖ «​រយៈពេល​ ២​ ទសវត្សរ៍​កន្លងមក​នេះ កម្ពុជា​បានសម្រេច​នូវ​សមិទ្ធផល​ដ៏​ច្រើន ក្នុង​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​»​។

​ទោះជា​យ៉ាងណា បើ​យោង​​តាម​ស្ថិតិ​ជាតិ​ចុងក្រោយ​របស់​ក្រសួង ផែនការ​ក្នុង​ឆ្នាំ ២០២១-២០២២ ស្តីពី​ការអង្កេត​ប្រជា​សាស្ត្រ និង​សុខភាព​កម្ពុជា បាន​បង្ហាញថា ក្នុងចំណោម​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ចំនួន ២២% មាន​ភាព​ក្រិស​ក្រិន​ចំនួន ១៦% មាន​ទម្ងន់​មិន​គ្រប់ ចំនួន ៩,៨% មាន​ភាព​ស្ថ​ម​ស្គាំង ។​

​លោក​សុខ ស៊ីឡូ បញ្ជាក់ថា​៖ «​ដើម្បី​ដោះស្រាយ​បញ្ហា​អាហា​​រូប​ត្ថ​ម្ភ​គ្រប់​ទម្រង់​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប ក​.​ក​.​ជ សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន រៀបចំ​យុទ្ធសាស្ត្រ​​ជាតិ​លើក​ទី​២​ សំដៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​​ដោយ​ចីរភាព​ឆ្នាំ ​២០៣០ ពិសេស​គោលដៅ​ទី​២ គឺ​បញ្ចប់​ភាព​ស្រេក​​ឃ្លាន សម្រេច​ឱ្យបាន​សន្តិសុខ​ស្បៀង ធ្វើឱ្យ​ប្រសើរឡើង​ស្ថាន​ភាព អាហារូបត្ថម្ភ និង​លើកកម្ពស់​កសិកម្ម​ប្រកបដោយ​ចីរភាព​»​។​

​យុទ្ធសាស្ត្រ​ជាតិ​នេះ​មាន​គោល​​បំណង​សំដៅ​កាត់បន្ថយ​អត្រា​ក្រិស​ក្រិន ទម្ងន់​មិន​គ្រប់ ស្គម​ស្គាំង​របស់​កុមារ​អាយុ​ក្រោម​ ៥ ​ឆ្នាំ និង​កាត់បន្ថយ​ការកើនឡើង​នៃ​អត្រា​លើស​ទម្ងន់ និង​ធាត់​ជ្រុល​របស់​កុមារ​អាយុ​ក្រោម​ ៥​ ឆ្នាំ និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​។

​ក្នុងឱកាស​នោះដែរ​លោក តាំង ម៉េង​លាន អភិបាលរង​ខេត្ត​កណ្តាល​បានលើកឡើង​ដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សារ​ម្ហូប​អាហារ​ក្នុង​ខេត្តកណ្តាល មានការ​រីកចម្រើន​កាន់តែខ្លាំង និង​សម្បូរបែប​។ លោក​ថា ការរីកចម្រើន​នេះ​គឺមាន​ចាប់តាំងពី​អ្នក​លក់​ម្ហូបអាហារ​តាម​ចិញ្ចើមថ្នល់ តាម​ផ្ទះ តាម​ផ្សារ​បែប​ប្រពៃណី នៅ​ផ្សារ​ទំនើបៗ កន្លែង​កម្សាន្ត​នានា​រហូតដល់​ភោជនីយដ្ឋាន ទំនើប​ធំៗ​ហើយ​ម្ហូបអាហារ​ទាំងនោះ ត្រូវបាន​ដឹកជញ្ជូន​ពី​កន្លែង​ ១​ ទៅ​កន្លែង​ ១ ដោយ​មិនបាន​វេច​ខ្ចប់​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​។

​លោក តាំង ម៉េង​លាន បញ្ជាក់ថា​៖ «​លើសពីនេះ កន្លែង​លក់​ចំណីអាហារ​តូចតាច​នៅតាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និង​ស្ថាប័ន​ដទៃទៀត គឺជា​ផ្នែក​មួយ​ដែល​ត្រូវការ ឱ្យ​យើង​យកចិត្តទុកដាក់ និង​ការ​កែលម្អ​ជាបន្ទាន់​ចំពោះ​ការ​ច​រា​​ចរណ៍​ស្បៀងអាហារ និង​សុវត្ថិ​​ភាព​ស្បៀងអាហារ​សម្រាប់​ខេត្ត​ដែលមាន​ចំនួន​ដង់ស៊ីតេ​ប្រជា​ជន​ខ្ពស់​»​។

​អភិបាលរង​ខេត្ត​រូប​នេះ​បន្តថា បញ្ហា​នេះ តម្រូវឱ្យ​រដ្ឋបាលខេត្ត​សហការ​ជាមួយ​គ្រប់ភាគី​ទាំងអស់ ដើម្បី​កែលម្អ​គ្រប់​ខ្សែចង្វាក់​ផលិតកម្ម​ស្បៀង​អាហារ និង​សុវត្ថិភាព​ស្បៀង​អា​ហារ ទៅដល់​អ្នកប្រើប្រាស់​ព្រោះ សុវត្ថិភាព​ស្បៀងអាហារ គឺជា​បញ្ហាសំខាន់​សម្រាប់​សុខភាព​មនុស្ស​។

​លោក តាំង ម៉េង​លាន បានស្នើ​ដល់​អ្នកពាក់ព័ន្ធ ត្រូវ​បង្កើន​យុទ្ធនាការ​ផ្សព្វផ្សាយ​ដល់ក​ម្មករ បុគ្គលិក និយោជិត ដែល​កំពុងធ្វើការ​ទៅតាម​រោងចក្រ សហ​គ្រាស និង​ក្រុមហ៊ុន​នានា និង​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យ​ផ្លាស់ប្តូរ​ឥរិយាបថ​មក​ទទួលទាន​អាហារ​ដែលមាន​សុវត្ថិភាព និង​របប​អា​ហារ​ដែលមាន​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ និង​ចម្រុះ​មុខ​។​

​អាហារ​ទាំងនោះ​រួមមាន បន្លែ ផ្លែឈើ​ស្រស់ ត្រី សាច់ និង​ស៊ុត ឱ្យបាន​ច្រើន គ្រប់មុខ និង​ទៀង​ទាត់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​អាហារ​ដែល​ធ្វើឱ្យ​រាងកាយ​លូតលាស់ បានល្អ មាន​សុខ​ភាពល្អ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​។

​ជាមួយគ្នា​នោះដែរ លោក​ក៏​បញ្ជាក់ដែរថា រដ្ឋបាលខេត្ត​ក​ណ្តា​ល នឹង​រៀបចំ​បង្កើត​ក្រុម​ការងារ​ដឹកនាំ​សម្របសម្រួល​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ខេត្តឱ្យបាន​ឆាប់ ដើម្បី​ចូលរួម​ចែករំលែក​បទពិសោធន៍ ចូលរួម​ពិភាក្សា និង​ផ្តល់នូវ​អនុសាសន៍ សម្រាប់​រៀបចំ​នូវ​ជម្រើស​គោល​នយោបាយ លើ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក តាំង ម៉េង​លាន ថា​៖ «​យើង​ផ្តោត​សំខាន់​លើ​របប​អាហារ​សុខភាព និង​សុវត្ថិភាព​ចំណីអាហារ​នៅតាម​ទីផ្សារ រោង​ចក្រ សហគ្រាស សាលារៀន និង​ការគ្រប់គ្រង​បរិស្ថាន ការ​​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​នៅ​តំបន់​អភិវឌ្ឍន៍​ថ្មីៗ តាម​បុរី​នានា សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​អាហារូបត្ថម្ភ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ពិសេស ស្ត្រី និង​កុមារ​»៕