ភ្នំពេញៈ ក្រសួងសុខាភិបាល កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា បានប្រកាសជាសាធារណៈដល់ប្រជាពលរដ្ឋត្រូវបញ្ឈប់ការទិញ និងប្រើផលិតផលបំប៉នសុខភាព ផលិតផលគ្រឿងសម្អាង និងឱសថ ចំនួន៤ ប្រភេទ ដែលមិនអាចធានាបាននូវគុណភាព ហើយអាចធ្វើឱ្យប៉ះពាល់សុខភាពព្រោះគ្មានលេខប្រវេទន៍ និងលេខបញ្ជិកាបញ្ជាក់ពីសុវត្ថិភាពដល់អ្នកប្រើប្រាស់។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រសួងបានហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព L.G.K ឱសថឈ្មោះ MIRACLES ឱសថឈ្មោះ KAMIN CHUN និងគ្រឿងសម្អាងឈ្មោះ I Care &Tcare Pharma ដែលផលិតផល និងឱសថទាំងនេះគ្មានលេខបញ្ជិកា និងលេខប្រវេទន៍ពីក្រសួងឡើយ។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលបំប៉នសុខភាពក្នុងប្រទេសកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ «ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកាដែលមាន បិទលើសម្បកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមាន២ផ្នែក គឺមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងមានលេខបញ្ជិកា ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល»។
ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវជឿលើការផ្សព្វផ្សាយផលិតផល បំប៉នសុខភាពគ្មានលេខបញ្ជិកាទាំងនេះជាបន្តទៀតឡើយ និងមិនត្រូវប្រើប្រាស់ផលិតផលទាំងនេះទេ ដោយសារផលិតផលទាំងនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើឱ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាលក៏តម្រូវឱ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយ លក់ផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ជិកា និងលេខប្រវេទន៍ទាំងនេះជាបន្ទាន់។
សេចក្តីជូនព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា ៖ «ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលដែលគ្មានលេខបញ្ជិកាខាង លើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន»។
លោកហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង ធ្លាប់បានលើកឡើងថា គ្រប់ឱសថទាំងអស់មុននឹងការចរាចរនៅក្នុងប្រទេសកម្ពុជា គឺត្រូវការចុះបញ្ជិកាឱ្យបាន១០០% គឺមុននឹងដាក់លក់នៅលើទីផ្សារ។
លោកបានថ្លែងថា ៖ «សូមកុំមានការគិតថា ឱសថនៅក្នុងប្រទេសកម្ពុជាយើងអន់ ឬប្រទេសណាផ្សេងល្អនោះទេ គឺសុទ្ធតែឱសថមានគុណភាពដូចគ្នាទាំងអស់មុននឹងធ្វើការដាក់លក់នៅលើទីផ្សារ។ សុំកុំឱ្យមានការយល់ឃើញថា ទាល់តែឱសថនៅបរទេសទើបល្អនោះទេ»។
លោក ហេង ប៊ុនគៀត បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តែងតែយកចិត្តទុកដាក់ និងខិតខំលើបញ្ហានេះ ហើយមួយវិញទៀតមិនមែនក្រសួងទុកចោលនោះទេនៅពេលដែលឱសថទាំងអស់បានដាក់លក់នៅលើទីផ្សារហើយនោះ។
លោកថា ៖ «យើងនៅតែបន្តធ្វើការពិនិត្យ និងយកឱសថដែលដាក់លក់ ទៅពិនិត្យដើម្បីផ្ទៀងផ្ទាត់ថា តើផលិតផលឱសថនោះនៅតែរក្សាគុណភាព១០០%ដូចដើមឬទេ? យើងតែងតែធ្វើជារៀងរាល់ឆ្នាំ ហើយសុំកុំភ័យព្រួយពីគុណភាពរបស់ឱសថ»៕