
លោក Daniel Craig តារាសម្តែង James Bond 007 ដែលអំពាវនាវសហគមន៍អន្តរជាតិគាំទ្របន្ថែមដល់សកម្មភាពមីននៅកម្ពុជា។ រូបថត CMAA
ភ្នំពេញៈ តារាសម្ដែងអង់គ្លេសដ៏ល្បីល្បាញលំដាប់ពិភពលោក លោក Daniel Craig តួសម្ដែង James Bond 007 ដែលជាអ្នកតស៊ូមតិសកលរបស់អង្គការសហប្រជាជាតិ សម្រាប់លុបបំបាត់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានអំពាវនាវដល់សហគមន៍អន្តរជាតិ ផ្តល់ការគាំទ្របន្ថែមទៀតដល់សកម្មភាពមីននៅកម្ពុជា។
លោក Daniel Craig បានអំពាវនាវដូច្នេះ តាមរយៈសារជាវីដេអូ ដែលចេញផ្សាយដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) និងអាជ្ញាធរមីន កាលពីពេលថ្មីៗនេះ នាឱកាសខួប ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា។
លោកថ្លែងថា ទោះបីជាស្នូរគ្រាប់កាំភ្លើងបានស្ងប់ស្ងាត់នៅប្រទេសកម្ពុជាក៏ដោយ ក៏ឥទ្ធិពលនៃសង្គ្រាមនៅតែមាន។ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទដែលកប់ក្នុងដីអាចនឹងផ្ទុះសម្លាប់ប្រជាជនបានយ៉ាងងាយគ្រប់ពេល។ គ្រាប់មីនលាក់កំបាំងទាំងនោះគឺជាអ្នកបំផ្លាញអាយុជីវិតមនុស្សដោយមិនរើសមុខ ដែលធ្វើឱ្យសហគមន៍មានការឈឺចាប់។
លោក Craig បន្តថា ពលរដ្ឋកម្ពុជា ជាង ១ លាននាក់ នៅតែរស់នៅក្នុងទីកន្លែង ដែលពួកគេងាយនឹងប្រឈមហានិភ័យ។ មុខរបរនៅតាមតំបន់ជនបទមានភាពតូចចង្អៀត ខណៈដីមិនមានសុវត្ថិភាពសម្រាប់ប្រើប្រាស់។ គ្រួសារដែលមានមនុស្សចំនួន ៦៥ ០០០ នាក់ នៅតែមានអ្នករងគ្រោះដោយសារគ្រោះថ្នាក់នៃគ្រាប់មីន។ កន្លែងដែលបានបោសសម្អាតមីន អ្នកភូមិនាំគ្នាដាំដំណាំ សាងសង់ផ្ទះ កសាងរោងចក្រ សាលារៀន គ្លីនិកថែទាំសុខភាព និងបើកដំណើរការផ្សារ។
លោកថ្លែងថា៖ «ចាប់តាំងពីមានសកម្មភាពបោសសម្អាតមីនដែលផ្តួចផ្តើមឡើង នៅឆ្នាំ ១៩៩២ គឺ ៣០ ឆ្នាំមុន មនុស្សជាង ១ លាននាក់បានទទួលផលប្រយោជន៍ ក្រោមការដឹកនាំរបស់អាជ្ញាធរសកម្មភាពមីន និងជំនួយជនរងគ្រោះ(CMAA)។ នៅក្នុងការងាររបស់ខ្ញុំជាមួយអង្គការសហប្រជាជាតិ ខ្ញុំពិតជាមានសំណាង និងសេចក្តីសោមនស្សរីករាយដែលបានឃើញពីសមិទ្ធផល និងជីវិតមាន [ការផ្លាស់ប្តូរ] ក្រោយសកម្មភាពបោសសម្អាតមីន»។
លោក Craig បន្តថា៖ «ដោយមានការជួយជ្រោមជ្រែងពីម្ចាស់ជំនួយបន្ថែមទៀត កម្ពុជាអាចគ្មានមីននៅទីបំផុត។ ទីវាលដែលធ្លាប់តែជាកន្លែងឃាតករគំរាមកំហែងដល់គ្រប់អាយុជីវិត អាចក្លាយទៅជាទីវាលនៃក្តីសង្ឃឹម»។
លោកថ្លែងថា៖ «ប្រទេសកម្ពុជា បានបង្ហាញថា យើងអាចយកឈ្នះលើកេរដំណែលនៃឃាតករមហាប្រល័យនេះ ហើយវាក៏ជាផ្លូវដ៏លំបាក១ផងដែរ ក្នុងការដើរ។ តែយើងទាំងអស់គ្នាត្រូវតែដើរទៅជាមួយគ្នា ដើម្បីមើលឃើញពីការបញ្ចប់នូវភាពសាហាវនៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងអស់នេះ ហើយធានាថា យើងមិនទុកនរណាម្នាក់ចោលឡើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឆ្នាំ ២០២២ រយៈពេលកន្លងទៅនេះ បានបញ្ជាក់ពីផែនការរបស់រាជរដ្ឋាភិបាលក្នុងការធានាថា កម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥។ អាជ្ញាធរមីន ថ្មីៗនេះ បានរៀបចំការតាំងពិព័រណ៍ ដើម្បីប្រារព្ធខួប ៣០ ឆ្នាំ នៃប្រតិបត្តិការដោះមីន។
សេចក្តីប្រកាសព័ត៌មានរបស់មូលនិធិព្រីនស៍ (Prince Foundation) នាថ្ងៃទី ៣០ វិច្ឆិកា ឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាបានបោសសម្អាតគ្រាប់មីនកប់ក្នុងដី និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីចំនួន២ ៥៣១គីឡូម៉ែត្រក្រឡា ក្នុងភូមិចំនួន ១ ៧០៣ ហើយបានប្រែក្លាយដីទាំងនេះទៅជាដីលំនៅឋាន និងដីកសិកម្ម ប្រកបដោយសុវត្ថិភាព សម្រាប់ប្រជាជនប្រមាណ ៩ លាននាក់ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។
សេចក្តីប្រកាសព័ត៌មានបន្តថា ចាប់តាំងពីការចាប់ផ្តើមការបោសសម្អាតមីននៅកម្ពុជា នៅឆ្នាំ ១៩៩២ មក ប្រទេសនានាបានគាំទ្រប្រតិបត្តិការនេះ ដែលរួមមាន សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី ចក្រភពអង់គ្លេស ចិន អាល្លឺម៉ង់ ស្វ៊ីស កូរ៉េខាងត្បូង នូវែលសេឡង់ កាណាដា ន័រវេស ហុងគ្រី បារាំង ឥណ្ឌា អៀរឡង់ អេស្ប៉ាញ ស៊ុយអែត បែលហ្ស៊ិក អូទ្រីស UNDP និងUNICEF ។
មូលនិធិព្រីនស៍ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «មូលនិធិព្រីនស៍ មានមោទនភាព ក្នុងការធ្វើការលើការផ្តួចផ្តើមគម្រោង និងការអនុវត្តគម្រោង ដើម្បីគាំទ្រដល់ UNDP និង CMAA»៕