កំពង់ឆ្នាំងៈ ក្រុងBussy-Saint-Georges នៃប្រទេសបារាំង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងវិនិយោគ នៃក្រុង និងខេត្តទាំង ២ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា រវាងលោក Yann Dubosc អភិបាលក្រុង Bussy-Saint-Georges និងលោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្លែងថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណង កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើការវិនិយោគ និងអភិវឌ្ឍ ខណៈខេត្តកំពង់ឆ្នាំង មានសក្តានុពលលើវិស័យកសិកម្ម ទេសចរណ៍ និងឧស្សាហកម្ម និងជាខេត្តមានការរីកចម្រើនយ៉ាងខ្លាំងផងដែរ។
លោកបញ្ជាក់ថា៖«កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងទាក់ទាញអ្នកវិនិយោគរបស់បារាំង បានជាច្រើនផងដែរ»។
បើតាមលោកស៊ុន សុវណ្ណារិទ្ធិ ឆ្នាំ២០២១ សេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងមានប្រហែល៩១៨លានដុល្លារអាមេរិក ស្មើនឹង៣,៤% នៃសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចខេត្ត មានកំណើន ៣,៦% នៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ ចំណូលសម្រាប់ម្នាក់ចំនួន១ ៥៦៤ដុល្លារ នៅឆ្នាំ២០២១ និង១ ៤៩៨ដុល្លារ នៅឆ្នាំ២០២០។ វិស័យកសិកម្ម មាន ៥៦.៧% វិស័យឧស្សាហកម្មមាន ២៥.៧% វិស័យសេវាកម្ម មាន១៧.៦% នៃសេដ្ឋកិច្ចខេត្ត។
លោក Yann Dubosc អភិបាលក្រុង Bussy-Saint-Georges ថ្លែងថា ក្នុងដំណើរបេសកកម្មរបស់ប្រតិភូនៃទីក្រុង Bussy-Saint-Georges ដើម្បីរួមគ្នាបង្កើតចំណងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ រវាងក្រុង Bussy-Saint-Georges នៃប្រទេសបារាំង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នៃព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថា កិច្ចព្រមព្រៀងខាងលើនេះមានគោលបំណងអនុវត្តគ្របដណ្តប់លើរាល់សកម្មភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងវិនិយោគក្នុងតំបន់ទាំង២(ក្រុង Bussy-Saint-Georges និងខេត្តកំពង់ឆ្នាំង) ដោយគោរពនូវផលប្រយោជន៍នៃគូភាគី និងគោរពតាមច្បាប់ និងបទប្បញ្ញត្តិនានាជាធរមាន នៃប្រទេសទាំង២។
លោកបញ្ជាក់ថា លោកពិតជាមានក្តីរំភើប និងសប្បាយរីករាយបំផុត ដែលបានមកដល់ខេត្តកំពង់ឆ្នាំងមុនគេ នៅពេលមកដល់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជា ពិតជាបានអភិវឌ្ឍឆាប់រហ័ស។
លោកឱ្យដឹងថា ក្រុង Bussy-Saint-Georges មានសក្តានុពលខ្លាំងលើគ្រប់វិស័យ ហើយវិស័យដែលឈានមុខគេនៅទីក្រុង Bussy-Saint-Georges គឺ វិស័យអប់រំ ដែលមានតាំងពីមត្តេយ្យសិក្សាឡើងទៅ រហូតដល់សាកលវិទ្យាល័យ។ ក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការ លោកចង់បណ្តាក់ទុនវិនិយោគលើវិស័យអប់រំ នៅខេត្តកំពង់ឆ្នាំងផងដែរ៕