
សកម្មភាពក្រុមយុវជនស្ម័គ្រចិត្តជួយកាត់សក់ជូនពលរដ្ឋក្រីក្រ កាលពីថ្ងៃទី ៣០ វិច្ឆិកា។ រូបថត សមាគមមិត្តយើង
ភ្នំពេញៈ យុវជន ១ ក្រុម បង្កើតកម្មវីធីកាត់សក់ជូនពលរដ្ឋក្រីក្របានជាង ១ ០០០ នាក់ ដោយមិនគិតប្រាក់។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុកផ្លូវការរបស់សមាគម «មិត្តយើង» ដែលជាក្រុមយុវជនស្ម័គ្រធ្វើការងារផ្នែកសង្គមកិច្ច។
សមាគមមិត្តយើងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ(សសយក)ផ្តល់សេវាកម្មកាត់សក់ ដែលមានឈ្មោះថា«សក់ និងសម្រស់របស់មិត្តយើង»។
នាយិកាគណៈកម្មការប្រតិបត្តិសមាគមមិត្តយើងកញ្ញា ផាន់ សុនីតា បានឱ្យដឹងថា យុទ្ធនាការណ៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីជួយដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត និងកម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ។
កញ្ញាបន្ថែមថា សមាគមបាននាំក្រុមសាឡន និងហាង កាត់សក់ល្បីៗនៅទីក្រុងភ្នំពេញ ដើម្បីផ្តល់នូវសេវាកម្មកាត់សក់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឱ្យពួកគាត់ទទួលបាននូវសេវាកម្មសក់ស្អាត។
កញ្ញាបញ្ជាក់ថា៖« យើងបានផ្តល់ជូនសេវាកាត់សក់ ដល់បងប្អូនដែលមានជីវភាពខ្វះខាតជាង១ពាន់នាក់។ ជាមួយគ្នានោះយើងមិនត្រឹមតែផ្តល់ការកាត់សក់ដល់ពួកគាត់ប៉ុណ្ណោះទេ តែយើងក៏មានកញ្ចប់ជំនួយមានដូចជាអង្ករ និងសម្ភារមួយចំនួនជូនដល់ពួកគាត់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។ ក្នុងកម្មវិធី៣លើកនេះ យើងបានផ្តល់កញ្ចប់ជំនួយនេះដល់ពួកគាត់អស់ប្រមាណជាង១ពាន់កញ្ចប់ នេះមិនរាប់ចូលសកម្មភាពផ្សេងៗដែលសមាគមយើងបានធ្វើកន្លងមកនោះទេ»។
កញ្ញាបន្ថែមថា កម្មវិធី «សក់ និងសម្រស់របស់មិត្តយើង» ក៏មានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងកាត់សក់ជាង ៥០នាក់ តំណាងក្រុមហ៊ុនដៃគូសហការរបស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ បងប្អូនកម្មករនិយោជិតនៃវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបាននូវសេវាកម្មសក់ស្អាត។
សូមជម្រាបថា បន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការចែកជា «កញ្ចប់ជំនួយមិត្តយើង» ដល់អ្នកមានខ្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ដោយក្នុងម្នាក់ទទួលបានកញ្ចប់ជំនួយមិត្តយើង ១កញ្ចប់ ដើម្បីសម្រួលដល់ជីវភាព៕