ភ្នំពេញៈ ដោយសារតែឪពុកម្តាយជាជនភៀសខ្លួននៅជំរំជាយដែនខ្មែរ-ថៃ ហើយខ្លួនក៏ចាប់កំណើតនៅទីនោះ ប៉ុន្តែក្រោយវិលត្រឡប់មកពីជំរំជនភៀសខ្លួនវិញនៅក្នុងអំឡុងឆ្នាំ ១៩៩៣ មករស់នៅឃុំនិមិត្ត ស្រុកអូរជ្រៅហើយ គ្រួសាររបស់កុមារា ប៊ួ បញ្ញា គ្មានផ្ទះសំបែង គ្មានដីស្រែចម្ការហើយសូម្បីតែលុយ ១ រៀលក្នុងហោប៉ៅក៏គ្មានដែរ។
ដោយសារតែកូនប្រុសស្រីដល់ទៅ ៤ នាក់នៅតូចៗនៅឡើយ ទើបឪពុករបស់ ប៊ួ បញ្ញា បង្ខំចិត្តនាំពួកគេដើរសុំទានដើម្បីបានបាយហូប ខណៈម្តាយទៅធ្វើការនៅប្រទេសថៃ។ តែជាសំណាងល្អមានអង្គការមួយបានទទួលយកកុមារា ប៊ួ បញ្ញា ទៅរស់នៅក្នុងមណ្ឌល ហើយបានបណ្តុះបណ្តាលរហូតក្លាយជាគ្រូភាសាបារាំង និងទទួលបានសញ្ញាបត្រវិស្វករផ្នែកអភិវឌ្ឍន៍ជនបទពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងក្លាយជាអ្នកនិពន្ធសៀវភៅទៀតផង។
ក្នុងទម្រង់មុខរាងពងក្រពើ មានមាឌស្តើង សម្បុរសណ្តែកបាយ សក់ស្លូត និងនៅផ្នែកខាងក្រោយខ្នងមានគំនរសៀវភៅរៀបជាថ្នាក់ៗ ហើយនៅផ្នែកខាងស្តាំដៃមានក្តារខៀនបញ្ឈរមួយដែលមានកៅអីជ័រប្រមាណជា ១០ នៅក្នុងបន្ទប់ដែលមានទទឹងប្រវែង ៣ ម៉ែត្រ និងបណ្តោយ ៥ ម៉ែត្រ នោះហើយគឺជាបន្ទប់សម្រាប់បង្រៀនភាសាបារាំងរបស់លោក ប៊ួ បញ្ញា ដែលស្ថិតនៅក្នុងភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសវ័យ ៣២ ឆ្នាំរូបនេះ បានរំឭកពីប្រវត្តិរបស់ខ្លួនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ឪពុករបស់លោកមានស្រុកកំណើតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រីឯរូបលោកបានចាប់កំណើតនៅជំរំសាយធូជាយដែនខ្មែរ-ថៃ។ នៅឆ្នាំ១៩៩៣ បន្ទាប់ពីមានការរំសាយអ្នកដែលរស់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ឱ្យចូលក្នុងប្រទេសកម្ពុជាវិញ ក្នុងនោះ គ្រួសាររបស់ ប៊ួ បញ្ញា ក៏បានវិលត្រឡប់មករស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យវិញដែរ។
ប៉ុន្តែពេលឪពុកម្តាយរបស់លោកវិលចូលស្រុកវិញ មិនមានផ្ទះសំបែង ដីស្រែចម្ការសម្រាប់បង្កបង្កើនផលឡើយ ខណៈឪពុករបស់លោកក៏មានជំងឺរបេងឆ្អឹងធ្ងន់ធ្ងរ រីឯម្តាយរបស់លោកបានចេញទៅធ្វើការនៅប្រទេសថៃ។
លោក ប៊ួ បញ្ញា រៀបរាប់បន្តថា ការរស់នៅទាំងលំបាកវេទនានៅឯស្រុកកំណើតពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៦។ ដោយសារតែជីវភាពគ្រួសារកាន់តែទីទាល់ក្រខ្លាំង ហើយណាមួយឪពុកខ្លួនមានជំងឺប្រចាំកាយមិនអាចធ្វើការងារធ្ងន់ៗបានផងនោះ ឪពុករបស់លោកបាននាំកូនៗធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីព្យាបាលជំងឺ ពីព្រោះគាត់បានដឹងថា មានកន្លែងមួយដែលព្រះសង្ឃអាចព្យាបាលជំងឺរបេងបាន។
ពេលនោះឪពុករបស់លោកបាននាំកូនៗដើរពីស្រុកព្រះនេត្រព្រះ ទៅខេត្តសៀមរាប ទាំងហាលថ្ងៃហាលភ្លៀងយប់កន្លែងណាដេកកន្លែងនោះនិងសុំទានគេ ដើម្បីយកលុយទិញបាយហូប ហើយពេលខ្លះមិនត្រឹមតែគេមិនឱ្យលុយទេ តែថែមទាំងនិយាយបន្តុះបង្អាប់ឱ្យទៀតផង។ ប៉ុន្តែទោះជាត្រូវគេមើលងាយ មើលថោកយ៉ាងណាក្តី ក៏ឪពុក និងបងប្អូនរបស់លោកមិនមានចិត្តខឹងនឹងគេដែរ ព្រោះធ្វើម៉េចបើគ្រួសាររបស់លោកធ្លាក់ខ្លួនដល់កម្រិតក្រោមសូន្យទៅហើយនោះ។
លោកថ្លែងថា៖ «ដោយសារគ្មានដីគ្មានផ្ទះរស់អាស្រ័យនៅពឹងតែសុំផ្ទះគេជ្រកនោះ ឪពុកខ្ញុំបាននាំកូនៗទាំង ៤ នាក់ដើរសុំទានគេពីស្រុកព្រះនេត្រព្រះរហូតដល់ខេត្តសៀមរាប យប់កន្លែងណានាំកូនៗដេកកន្លែងនោះ។ ជួនកាលដើរកាត់ព្រៃ គ្មានផ្ទះអ្នកស្រុក ដេកទាំងភ្លៀងទទឹកជោកក៏មានដែរ គឺដើរគ្មានគោលដៅច្បាស់លាស់ទេ។ ពួកខ្ញុំដើរសុំទានគេ ថ្ងៃខ្លះបានអង្ករ ថ្ងៃខ្លះបានលុយ ហើយពេលខ្លះ បានត្រឹមតែគេស្តីឱ្យដៀលបន្តុះបង្អាប់ក៏មាន»។
បើតាមលោក បញ្ញា ឪពុករបស់លោកបានប្រើពេលវេលាដើរសុំទានគេអស់រយៈ ១ ឆ្នាំ (១៩៩៧) ហើយលោកបានឮគាត់និយាយថា ប្រសិនបើគាត់នាំកូនៗដើរសុំទានគេតទៅទៀតនោះ នឹងមិនអាចរកអនាគតឱ្យកូនៗរបស់គាត់បានទេ ហើយផ្ទុយទៅវិញបានត្រឹមតែមួយរស់ៗ និងរងការប្រមាថមើលងាយពីមនុស្សមួយចំនួនថែមទៀតផង។
លុះចាប់តាំងពីឆ្នាំ ២០០១ មក ឪពុករបស់លោក បាននាំរូបលោក រួមទាំងបងប្អូនប្រុសស្រី ៣ នាក់ទៀត ទៅរស់នៅក្នុងមណ្ឌលសុខភាពមួយដែលគេបោះបង់ចោលនៅក្បែរតំបន់ប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកពួក ខេត្តសៀមរាប។ នៅទីនោះ ឪពុករបស់លោកបានធ្វើជាជាងកាត់សក់ ព្រោះគាត់ចេះកាត់សក់ជាយូរមកហើយដើម្បីដោះដូរអង្ករឬលុយចិញ្ចឹមកូន។
ចំណែកឯបងប្រុសទី១ របស់លោកបានស៊ីឈ្នួលឃ្វាលគោក្របីឱ្យអ្នកភូមិដែលក្នុង ១ ខែ គេឱ្យ ៨០ បាតដែរ តែពេលនោះមានអ្នកចិត្តធម៌ម្នាក់បានសុំប្អូនស្រីពៅរបស់លោកទៅធ្វើជាកូនចិញ្ចឹមនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ឆ្នាំ ២០០០ ហើយឪពុករបស់លោកបានអនុញ្ញាត។
លោក បញ្ញា ឱ្យដឹងទៀតថា នៅទីនោះជីវភាពគ្រួសាររបស់លោកចាប់ផ្តើមប្រសើរជាងមុនបណ្តើរៗ តែសម្រាប់បងប្អូនរបស់លោកទាំង៣នាក់មិនទាន់បានចូលសាលារៀននៅឡើយទេ។ លុះនៅឆ្នាំ ២០០២ ជាសំណាងល្អលោកត្រូវបានអង្គការមួយឈ្មោះថា អង្គការកុមារមេគង្គបានជួយឧបត្ថម្ភដល់លោកក្នុង ១ ខែ ៥០០ បាត តែអង្គការនោះមិនបានយកលោកទៅរស់នៅក្នុងមណ្ឌលទេ ដោយឱ្យលោកចូលរៀននៅសាលាបឋមសិក្សាក្នុងភូមិ។ បន្ទាប់មកដោយអង្គការមើលឃើញថា លោករៀនពូកែក៏យកលោកទៅរៀននៅក្នុងមណ្ឌលរបស់អង្គការនៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។
លោកបាននិយាយថា៖ «មូលហេតុដែលអង្គការយកខ្ញុំមករៀននៅក្រុងសិរីសោភ័ណដោយគិតថា បើឱ្យនៅរៀននៅឃុំបន្ទាយឆ្មារទៀត គឺភាគរយច្រើន ខ្ញុំអាចនឹងរត់ទៅធ្វើការនៅប្រទេសថៃ ព្រោះអ្នករស់នៅម្តុំនោះជាច្រើននាំគ្នាទៅធ្វើការនៅប្រទេសថៃ ជាក់ស្តែងមិត្តភក្តិរបស់ខ្ញុំគេរៀនបានល្មមៗទៅថៃអស់ហើយ។ នៅជំនាន់នោះគេមិនសូវជឿជាក់លើការអប់រំអីប៉ុន្មានទេ។ តែឪពុកខ្ញុំដ្បិតតែគាត់ក្រីក្រមែន តែគាត់ស្រឡាញ់ការអប់រំបំផុត គាត់ចង់ឱ្យកូនៗរៀនដល់សាកលវិទ្យាល័យ តែពេលនោះខ្ញុំអត់យល់ថា សាកលវិទ្យាល័យជាស្អីផងទេ»។
លោក បញ្ញា លើកឡើងថា កាលនោះ លោកគិតថា គ្រួសាររកតែលុយទិញបាយហូបក៏គ្មានផងនោះ តើអាចនឹងមានលទ្ធភាពរៀនដល់សាកលវិទ្យាល័យយ៉ាងម៉េចកើតទៅ? សម្រាប់រូបលោកស្នាក់នៅរៀនសូត្រក្នុងមណ្ឌលអង្គការ ៦ ឆ្នាំ ដោយបានខិតខំរៀនសូត្រភាសាអង់គ្លេស ភាសាបារាំង ហើយលោករៀនបានរយៈពេល ៧ ឆ្នាំ ក៏ប្រឡងបាក់ឌុបជាប់។ បើទោះជាលោកប្រឡងជាប់ថ្នាក់ទី១២ ក្តី តែខាងអង្គការតម្រូវឱ្យលោកប្រឡងយកអាហារូបករណ៍ពីអង្គការទៀត ព្រោះថ្លៃការសិក្សានៅសាកលវិទ្យាល័យត្រូវខាងអង្គការជាអ្នករ៉ាប់រងបង់ឱ្យទាំងស្រុង។
នៅពេលនោះលោកក៏ប្រឡងជាប់បានអាហារូបករណ៍របស់អង្គការកុមារមេគង្គ និងបានមករៀនជំនាញវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) អស់រយៈពេល ៥ ឆ្នាំ ដោយយកមុខជំនាញផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ។
លោកបានថ្លែងថា ការរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក៏ត្រូវរៀនភាសាបារាំងដែរ តែលោកមិនសូវជាខំប្រឹងប៉ុន្មានទេ ព្រោះលោកធ្លាប់បានរៀនភាសាបារាំងតាំងពីនៅក្នុងមណ្ឌលរបស់អង្គការមកម្ល៉េះ ហេតុដូច្នេះ លោកមានមូលដ្ឋានគ្រឹះភាសាបារាំងស្រាប់ហើយ។ បន្ទាប់ពីរៀនចប់នៅឆ្នាំ ២០១៧ លោកក៏បានដាក់ពាក្យធ្វើជាគ្រូជាប់កិច្ចសន្យាបង្រៀនភាសាបារាំងនៅមណ្ឌលទីក្រុងភ្នំពេញបានជិត ១ ឆ្នាំ លោកក៏បានដាក់ពាក្យលាឈប់ពីគ្រូហើយត្រឡប់ទៅជួយបង្រៀនក្មេងៗនៅមណ្ឌលអង្គការបាន ១ ឆ្នាំទើបមកទីភ្នំពេញវិញ។
ពេលនោះនៅឆ្នាំ ២០១៩ លោកក៏បានបើកបង្រៀនភាសាបារាំងជាលក្ខណៈឯកជនម្តង។ បច្ចុប្បន្នលោកបើកបង្រៀនសិស្សនៅផ្ទះខ្លួនឯងផង និងតាមអនឡាញផង តែលោកមានការទទួលស្គាល់តាមអនឡាញច្រើនជាងបង្រៀនផ្ទាល់ក្នុងថ្នាក់ ដែលមានអ្នកស្គាល់ជាង ៥ ម៉ឺននាក់ឯណោះ។
លោក ប៊ួ បញ្ញា បានប្រាប់ទៀតថា៖ «ដោយសារតែស្ថានភាពប្រទេសបានជួបនូវវិបត្តិជំងឺកូវីដ ១៩ ខ្ញុំក៏មានឱកាសបង្រៀនភាសាបារាំងនៅតាមអនឡាញ។ ឱកាសនេះជួយជីវភាពខ្ញុំបានប្រសើរដែរ ហើយយើងរីករាយនូវអ្វីដែលយើងបានបញ្ចេញ ទោះបីបានកម្រិតណាមួយក៏ដោយ»។
លោកឱ្យដឹងបន្ថែមថា ក្រៅពីបង្រៀនភាសាបារាំង លោកក៏បានសរសេរសៀវភៅវេយ្យាករណ៍ជាភាសាបារាំងសម្រាប់ជាជំនួយដល់អ្នកសិក្សាភាសាបារាំងផងដែរ ដោយលោកបានប្រើពេលអស់ជិត ២ ឆ្នាំ ក្នុងការតាក់តែងសៀវភៅនេះឡើង។
ដំបូងឡើយលោកបោះពុម្ពចំនួន ១ ពាន់ក្បាល និងលក់តាមអនឡាញរយៈពេល ៤ ខែមកនេះជិតអស់ហើយ។ ក្រៅពីសៀវភៅវេយ្យាករណ៍ជាភាសាបារាំងលោកក៏បាននិពន្ធសៀវភៅចំនួន
២ ក្បាលទៀតដែរ គឺសៀវភៅ «វិធីសាស្ត្រសម្រេចគោលដៅ» និង ១ ក្បាលទៀតមានចំណងជើងថា «ខួបកំណើតស្នេហ៍» តែសៀវភៅ ១ ក្បាលនេះ មិនមែនបង្រៀនណែនាំឱ្យយុវជនភ្លើតភ្លើនរឿងស្នេហាទេ។
ទន្ទឹមនឹងនោះ លោកក៏ធ្លាប់ត្រូវបានអង្គការកុមារមេគង្គយកទៅប្រទេសបារាំង បាន ១ ខែដែរ ដោយបាននាំយកគំនូរគូល័រទឹកជិត ១០០ ផ្ទាំង ទៅបង្ហាញស្នាដៃនៅទីក្រុងប៉ារីសដែលគំនូរទាំងនោះ គឺលោកជាអ្នកគូរផ្ទាល់ ហើយលក់ដាច់អស់តែម្តង។
លោកបានបញ្ជាក់ថា៖ «កាលនោះ ខ្ញុំសប្បាយចិត្តណាស់ដោយមិននឹកស្មានថា ខ្ញុំមានស្នាដៃគូររូប ហើយទទួលបានការសរសើរពីសំណាក់ជនជាតិបារាំងយ៉ាងដូច្នោះទេ។ ពេលនោះមានតែជនជាតិបារាំងទិញផ្ទាំងគំនូរខ្ញុំ ហើយលុយដែលលក់បាន ខ្ញុំជូនទៅអង្គការ និងទុកសម្រាប់ខ្លួនឯងតែត្រឹមប្រហែល ២០ ភាគរយទេ»។
បើតាមលោក ប៊ួ បញ្ញា នៅឆ្នាំ ២០២៥ ខាងមុខនេះ លោកនឹងវិលត្រឡប់ទៅស្រុកកំណើតរបស់ឪពុកលោកវិញ ដើម្បីបើកបង្រៀនភាសាបារាំងដល់ក្មេងៗដែលរស់នៅក្នុងតំបន់ជនបទ ព្រោះថា ក្មេងៗឬយុវជនជំនាន់ក្រោយមិនសូវចេះភាសាបារាំងទេ។ ក្រៅពីភាសាបារាំងលោកក៏អាចប្រើប្រាស់ភាសាអង់គ្លេសជាផ្លូវការបានដែរ៕