ភ្នំពេញៈ ប្រធានកាកបាទក្រហមកម្ពុជាលោកស្រីប៊ុន រ៉ានី ហ៊ុន សែន បានបង្ហាញពីមោទកភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានារួមទាំងមេរោគអេដស៍បានល្អផងដែរដោយលោកស្រីក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ចូលរួមដើម្បីសម្រេចបានការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥។
លោកស្រីប៊ុន រ៉ានី បានលើកឡើងដូចនេះតាមរយៈសារលិខិតក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ ធ្នូ ឆ្នាំ២០២២ក្រោមប្រធានបទ«ធ្វើឱ្យមានសមភាព»ដើម្បីទាក់ទាញការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យបន្តការប្រុងប្រយ័ត្នកាន់តែខ្លាំង ជាពិសេសយុវជនយុវនារី ក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍។
លោកស្រីបានឱ្យដឹងថា ៖ «ខ្ញុំមានមោទកភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍បានល្អប្រសើរជាពិសេសសកម្មភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ដែលបានផ្តល់ថ្នាំ និងបណ្ណសមធម៌ជាមួយនឹងថវិកាទ្រទ្រង់ជីវភាពដល់អ្នកផ្ទុកមេរោគអេដស៍, ធ្វើឱ្យអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ រាប់ម៉ឺននាក់មានសុខភាពល្អ, មានក្តីសង្ឃឹម, អាចរស់នៅក្នុងភាពថ្លៃថ្នូរ, ស្មើមុខស្មើមាត់, ពុំមានការរើសអើង ក្នុងសង្គមជាតិ»។
លោកស្រី ប៊ុន រ៉ានី ដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជាផងដែរនោះ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននៅលើពិភពលោកមានអ្នកឆ្លងថ្មីជាង៤ពាន់នាក់ ក្នុង១ថ្ងៃ ចំណែកកម្ពុជា មានអ្នកឆ្លងថ្មីប្រមាណ៣នាក់ ក្នុង១ថ្ងៃ។
លោកស្រីបានអំពាវនាវឱ្យជនរួមជាតិ វិស័យឯកជន អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ ទប់ស្កាត់ជំងឺឆ្លងនានាដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ជាមួយនឹងការធ្វើឱ្យមានសមភាពនៅក្នុងសង្គមជាតិ។
លោកស្រីបានបញ្ជាក់ថា៖ «សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗស្ដីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើង»។
ជាមួយគ្នានោះដែរលោកស្រីក៏ស្នើឱ្យប្រជាពលរដ្ឋដែលបានប្រព្រឹត្តឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សានិងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជនជាដើមដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាល បន្តបានទាន់ពេលវេលា។
លោកស្រីប៊ុន រ៉ានី បានសង្កត់ធ្ងន់ថា៖ «សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ដែលជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការនិងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ហើយអ្នកដែលស្ថិតក្នុងក្រុមប្រឈមខ្ពស់ត្រូវបន្តការយកចិត្តទុកដាក់ក្នុងការបង្ការជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ននិងអនាគត»។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា លោក អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងក្នុងកិច្ចប្រជុំតាមបណ្តាញវីដេអូ(Zoom)ស្តីពីរបាយការណ៍ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២២ ដោយផ្តោតសំខាន់លើ «វិសមភាពដ៏គ្រោះថ្នាក់» ការដាក់ឱ្យដំណើរការក្នុងតំបន់ពីរបាយការណ៍នៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដោយអង្គការ UNAIDS។
លោកបានលើកឡើងថា ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ ទំនងជាមិនទាន់សម្រេចគោលដៅ៩៥ ទី១ ដោយសារតែសម្រេចបានត្រឹមតែ៨៤ភាគរយប៉ុណ្ណោះ ដែលនេះក៏ដោយសារតែក្នុងរយៈពេល២ឆ្នាំចុងក្រោយ កម្ពុជាត្រូវរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
លោកអៀង មូលី មានប្រសាសន៍ថា៖ «កម្រិតនៃកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំកម្មវិធីបង្ការសម្រាប់ប្រជាជនគន្លឹះដែលមានហានិភ័យខ្ពស់គឺនៅមិនទាន់គ្រប់គ្រាន់ដើម្បីកាត់បន្ថយចំនួននៃការឆ្លងថ្មី មកតិចជាឬស្មើ៣៦៥ ករណីក្នុង១ឆ្នាំ ហើយចំណុច១ទៀតនោះគឺការវិនិយោគខាងផ្នែកបង្ការនៅមានកម្រិត»។
នាទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ ធ្នូ ឆ្នាំនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសាទរចំពោះសមិទ្ធផលដែលកម្ពុជាទទួលបានក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍ដែលមានចំណុចសំខាន់ៗជាច្រើនក្នុងនោះកម្ពុជាត្រូវបានទទួលស្គាល់ថា មានអត្រាគ្របដណ្ដប់សេវាព្យាបាលថែទាំអ្នកជំងឺអេដស៍ខ្ពស់ជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិកគឺខ្ពស់ជាងប្រទេសធំៗដូចជា ចិន ឥណ្ឌា ថៃ និងប្រទេសវៀតណាម។
គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន៦៣ ៦១០នាក់ បានកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតប្រាក់ពីមន្ទីរពេទ្យរដ្ឋ ហើយក្នុងនោះអ្នកផ្ទុកមេរោគអេដស៍ចំនួន ៦ ៦១៧នាក់ បានទទួលបណ្ណមូលនិធិសមធម៌ផងដែរ៕