ភ្នំពេញៈ ក្នុងជំនួបទ្វេភាគីរវាងសភាកម្ពុជា និងសភាប្រើភាសាបារាំង ភាគីកម្ពុជាបានលើកឡើងថា លម្ហប្រជាធិបតេយ្យ និងសិទ្ធិធ្វើនយោបាយ បាននិងកំពុងដំណើរការដោយសេរី គ្មានការរើសអើង និងគ្មានការគំរាមកំហែង មិនដូចការលើកឡើងរិះគន់មួយចំនួនឡើយ ។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលប្រធានព្រឹទ្ធសភាលោក សាយ ឈុំ បានអនុញ្ញាតឱ្យលោកChristophe-AndréFrassaប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង(APF)ចូលជួបសម្តែងការគួរសមនៅថ្ងៃទី១ធ្នូ នៅវិមានព្រឹទ្ធសភាក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូបេសកកម្មសុច្ឆន្ទៈនៃសភាប្រើភាសាបារាំង(APF)បំពេញទស្សនកិច្ចការងារនៅកម្ពុជា។
ជាកិច្ចស្វាគមន៍ លោក សាយ ឈុំបានចាត់ទុកថាដំណើរទស្សនកិច្ចនាពេលនេះនឹងរួមចំណែកក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភានិយាយភាសាបាំង (APF)ជាមួយសភាកម្ពុជា។
លោកបានគូសបញ្ជាក់ថា សភាកម្ពុជាបានដើរតួនាទីដ៏សកម្មក្នុងវេទិកាសភានិយាយភាសាបារាំងនៅក្នុងតំបន់ និងសកលលោកហើយកិច្ចសហប្រតិបត្តិការល្អរវាងសភាកម្ពុជា និងហ្វ្រង់កូហ្វូនីបានប្រព្រឹត្តទៅដោយរលូនលើគ្រប់យន្តការទាំងអស់នៃAPF ព្រមទាំងកិច្ចសហប្រតិបត្តិការបច្ចេកទេស។
លោកបន្តថា៖«សភាកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាផ្តល់សារៈសំខាន់ធ្វើកិច្ចសហប្រតិបត្តិការដោយបើកចំហជាមួយមិត្តភក្តិបរទេស និងដៃគូអន្តរជាតិទាំងអស់ដែលចង់ឈ្វេងយល់អំពីស្ថានភាពនយោបាយលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សនិងការបញ្ចេញមតិនៅកម្ពុជា»។
ជាមួយគ្នានេះដែរលោកបានប្រាប់ទៅលោក Christophe-AndréFrassa ថា ៖«លម្ហប្រជាធិបតេយ្យ សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ សិទ្ធិក្នុងការជួបជុំរបស់ប្រជាពលរដ្ឋ គណបក្សនយោបាយ អង្គការសារព័ត៌មាន អង្គការសង្គមស៊ីវិល បាននិងកំពុងដំណើរការដោយសេរី គ្មានការរើសអើង និងគ្មានការគំរាមកំហែង»។
លោក Christophe-AndréFrassaក៏បានលើកឡើងដែរថា គោលបំណងនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូនាពេលនេះដើម្បីស្វែងយល់អំពីការវិវឌ្ឍជាវិជ្ជមានរបស់កម្ពុជាក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង(APF)។ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសកម្ពុជាជាមួយប្រទេសប្រើភាសាបារាំង។
ក្នុងឱកាសនោះដែរ លោកសាយ ឈុំ បានរំឭកថា ចាប់តាំងពីឆ្នាំ១៩៩៣ ប្រទេសកម្ពុជាអនុវត្តការបោះឆ្នោតយ៉ាងទៀងទាត់តាមពេលវេលាកំណត់ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
លោកលើកឡើងថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ដោយមានគណបក្សនយោបាយចំនួន១៧ចូលរួម ហើយមានគណបក្សចំនួន៩ បានទទួលអាសនៈ នៅថ្នាក់ឃុំ-សង្កាត់។
លោកបញ្ជាក់ថា៖«ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ដែលទាំងអស់គ្នាទទួលយកបាន និងមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមគ្រប់ដំណាក់កាលមុនបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកអំ សំអាត បានថ្លែងថា ការលើកឡើងពីភាពវិជ្ជមានរបស់ភាគីកម្ពុជាពាក់ព័ន្ធលម្ហប្រជាធិបតេយ្យគឺជាសិទ្ធិរបស់បុគ្គល ប៉ុន្តែនៅមិនទាន់ឆ្លុះបញ្ចាំងពីតភាពសង្គមនៅឡើយទេ ខណៈលម្ហសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋនៅរឹតត្បិតនៅឡើយ។
លោកថា៖«អង្គការសង្គមស៊ីវិលក្នុងស្រុក អង្គការអន្តរជាតិ ជាពិសេសថ្មីៗនេះ យើងឃើញថា ខាងអគ្គលេខាធិការអង្គការសហប្រជាជាតិក៏ដូចជា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ក៏បានលើកឡើងសុំឱ្យកម្ពុជា ធ្វើយ៉ាងណាបើកលំហលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឱ្យបានល្អប្រសើរដើម្បីឱ្យការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខនេះ មានបរិយាកាសល្អ ជាពិសេសសំដៅទៅលើលម្ហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ លម្ហសេរីភាពរបស់សង្គមស៊ីវិល និងសហជីព នយោបាយ និងលម្ហសេរីភាពអ្នកសារព័ត៌មានជាដើម»៕