ភ្នំពេញៈ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកសកម្មភាពរាជរដ្ឋាភិបាល ចែកស្រូវពូជជូនកសិករ ដែលរងគ្រោះដោយទឹកជំនន់ ដើម្បីជួយស្តារផលិតកម្មស្រូវឡើងវិញថា ជាចំណែកដ៏សំខាន់មួយសំដៅបន្តធានាដល់សន្តិសុខស្បៀង។
តាមរយៈកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ កាលពីថ្ងៃទី ៣០ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកឡើងថា កម្ពុជាបានអភិវឌ្ឍខ្លួនចេញពីប្រទេសដែលខ្វះស្បៀងមកជាប្រទេសកសិកម្មកាន់តែទំនើប មានសន្តិសុខស្បៀងកាន់តែរឹងមាំ និងឈានដល់ការនាំចេញស្បៀងមួយចំនួនធំទៀតផង។
លោកបានថ្លែងថា៖ «ថ្មីៗនេះការប្រែប្រួលអាកាសធាតុ និងទឹកជំនន់បានបង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខស្បៀងគ្រួសារ ដូច្នេះហើយ រាជរដ្ឋាភិបាលបានចែកគ្រាប់ពូជ ជូនប្រជាជនដែលរងផលប៉ះពាល់ ដើម្បីជួយស្តារ ផលិតកម្មស្រូវឡើងវិញ សំដៅបន្តធានាសន្តិសុខស្បៀងគ្រួសារ និងអាហារូបត្ថម្ភគ្រួសារឱ្យបានពេញលេញ»។
លើសពីនេះ លោករដ្ឋមន្ត្រីកសិកម្មបានបញ្ជាក់ថា ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលបានធ្វើឱ្យកម្រិតជីវភាពកាន់តែប្រសើរឡើង ប្រជាជនកម្ពុជាមានការយល់ដឹង និងយកចិត្តទុកដាក់កាន់តែច្រើនជាងមុន លើកត្តាសុខភាពនិងអនាម័យ ដោយបានផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅ និងការទទួលទានបានយ៉ាងច្រើន និងឈានដល់ការទទួលទានអាហារដែលផ្តល់អាហារូបត្ថម្ភខ្ពស់ ដូចជាទឹកដោះគោជាដើម ដែលជាចំណុចមួយគួរឱ្យកត់សម្គាល់។
នៅក្នុងឱកាសនោះដែរ លោកលើកឡើងថា ដើម្បីដាក់ចេញនូវវិធានការអនុវត្តឱ្យមានប្រសិទ្ធភាពលោកក៏ស្នើឱ្យពិនិត្យពិភាក្សា និងវាយតម្លៃឱ្យបានច្បាស់ និងគ្រប់ជ្រុងជ្រោយលើស្ថានភាពជាក់ស្តែងដែលជាកត្តាកំណត់ជោគជ័យនៃការងារ តាមរយៈការអប់រំការជួយកែប្រែទម្លាប់ និងការបន្តការផ្សព្វផ្សាយឱ្យប្រជាជនមានការយល់ដឹងកាន់តែទូលំទូលាយពីទម្លាប់រស់នៅនិងការទទួលទានដោយអនាម័យ គឺជាចំណែកមួយដ៏សំខាន់ឈានទៅជំរុញវិស័យសន្តិសុខស្បៀងគ្រួសារនិងអាហារូបត្ថម្ភគ្រួសារនៃប្រជាជនដែលងាយរងគ្រោះ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនិងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភក៏បានថ្លែងនៅក្នុងពិធីនោះដែរថា រាជរដ្ឋាភិបាល បានកំណត់គោលនយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមដែលទាមទារឱ្យមានការចូលរួមពីវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់កម្ពុជាឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់ នាឆ្នាំ ២០៥០។
លោកបានបង្ហាញការគាំទ្រចំពោះយុទ្ធសាស្ត្រចែកគ្រាប់ពូជដល់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះ ធម្មជាតិរបស់រដ្ឋាភិបាលនាពេលកន្លងមកថា ជាយុទ្ធសាស្ត្រមិនត្រឹមតែផ្តល់លទ្ធភាពស្តារផលិតកម្មឡើងវិញប៉ុណ្ណោះទេប៉ុន្តែក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍមូលធនមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមថែមទៀត។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ បានឱ្យដឹងថា គ្រោះទឹកជំនន់ឆ្នាំនេះ ប៉ះពាល់ខេត្តជាច្រើន នៅតាមបណ្តោយដងទន្លេមេគង្គនិងខេត្តនៅជុំវិញបឹងទន្លេសាប។ ក្នុងនោះខេត្តដែលរងផលប៉ះពាល់ធ្ងន់ជាងគេគឺមានខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ និងខេត្តពោធិ៍សាត់។
ទឹកជំនន់ឆ្នាំនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងនាពេលចុះជួបប្រជាពលរដ្ឋ តាមបណ្តាខេត្តរងផលប៉ះពាល់ថា នៅភូមិសាស្ត្រមួយចំនួន កសិករបានធ្វើស្រូវដើមរដូវដែលជាស្រូវវស្សាហើយស្រូវវស្សាទាំងនោះក៏ត្រូវបានលិចលង់ខូចខាតដោយទឹកជំនន់ជាជំនន់មេគង្គក្ដី និងជំនន់ទឹកភ្លៀងក្ដី។ ប៉ុន្តែនៅឆ្នាំនេះជំនន់ទឹកភ្លៀងបានវាយលុកស្ទើរគ្រប់ទីកន្លែងទាំងអស់ហើយឥឡូវនេះ ការចែកពូជស្រូវរបស់រាជរដ្ឋាភិបាលមិនជាយឺតនោះទេ។
លោកបានបន្តថា ហេតុនេះ ដើម្បីជួយដោះស្រាយដល់ការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះរាជរដ្ឋាភិបាលក៏បង្កើតបេសកកម្មចែកពូជស្រូវដល់ប្រជាជនរងផលប៉ះពាល់ដើម្បីជួយស្តារផលិតកម្មឡើងវិញ ដើម្បីរួមចំណែកធានាដល់សន្តិសុខស្បៀងគ្រួសារនិងបង្កើនជីវភាពគ្រួសារកសិករផងដែរ។ កាលពីចុងខែតុលាកន្លងទៅលោកហ៊ុន សែន បានបិទបញ្ចប់បេសកកម្មចុះចែកពូជស្រូវចំនួនជិត ៤ ០០០ តោនដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់ចំនួនជិត ៤ ម៉ឺនគ្រួសារនៅក្នុងខេត្តចំនួន ៦ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលបេសកកម្មនេះមានរយៈពេលប្រមាណ ១ សប្តាហ៍។
ខេត្តទាំងនោះ រួមមានខេត្តបន្ទាយមានជ័យ មានជាង ៥០០០ គ្រួសារ បាត់ដំបងជាង ១ ម៉ឺនគ្រួសារ ពោធិ៍សាត់ ជាង ៥ ពាន់គ្រួសារ កំពង់ឆ្នាំង ជាង ៣ ០០០ គ្រួសារ កំពង់ធំ ជិត ៧ ០០០ គ្រួសារ និងព្រៃវែង ជាង ៦ ០០០ គ្រួសារ។ កន្លងមកតាមរយៈការចែកស្រូវពូជនេះត្រូវបានប្រជាកសិកររងគ្រោះ ស្ថាប័នពាក់ព័ន្ធ និងសហព័ន្ធស្រូវអង្ករកម្ពុជាបានសម្តែងនូវការគាំទ្រសកម្មភាពរាជរដ្ឋាភិបាលផងដែរ៕