ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០ លានដុល្លារអាមេរិកបន្ថែមទៀត ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ខណៈដែលថវិកាចំនួន ១៨ ៤៧៣ ៥៧០ លានដុល្លារអាមេរិក ដែលចេញពីព្រះរាជអំណោយរបស់ ព្រះករុណាមហាក្សត្រ និងសម្តេចម៉ែ និងសប្បុរសជន សម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់តាមហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃទី ១ ធ្នូថា ដើម្បីធានាថា ឆ្នាំ ២០២៥ កម្ពុជានឹងអស់គ្រាប់មីន លោកបានពិភាក្សាជាមួយលោកអូន ព័ន្ធមុនីរ័ត្ន ឱ្យបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០ លានដុល្លារភ្លាម ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថវិកានេះរួមជាមួយថវិកាពីដៃគូរអភិវឌ្ឍអាចបន្តប្រើប្រាស់បានក្នុងឆ្នាំ ២០២៣។ ក្នុងករណីខ្វះនិងសម្រាប់ឆ្នាំ ២០២៤ និង ២០២៥ អាជ្ញាធរមីនត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីរៀបចំថវិកាប្រចាំឆ្នាំ។
លោកហ៊ុន សែនបញ្ជាក់ថា៖ «ដើម្បីឱ្យឆ្នាំ ២០២៥ កម្ពុជាគ្មានមីន ការផ្តល់ដីដោយសុវត្ថិភាពនិងដោយស្នាមញញឹម ខ្ញុំសូមអំពាវនាវសប្បុរសជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។ សូមឱ្យឆ្នាំ ២០២៥ ក្លាយជាឆ្នាំ គ្មានមនុស្សស្លាប់របួសនិងជាឆ្នាំប្រកបដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយគ្រាប់មីន រយៈពេល ៥៥ ឆ្នាំ (១៩៧០-២០២៥)»៕