ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញលិខិតណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវាសុខាភិបាលឯកជនក្នុងមូលដ្ឋានរបស់ខ្លួន ខណៈក្រសួងសម្រេចដាក់ទណ្ឌកម្មពេទ្យឆ្មបម្នាក់ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដោយផ្អាកការប្រកបវិជ្ជាជីវៈឆ្មបរយៈពេល ២ ឆ្នាំ បន្ទាប់ពីបានធ្វើការរម្លូតកូនស្ត្រីម្នាក់ខុសបច្ចេកទេស ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ស្ត្រីជាម្តាយ។
តាមរយៈលិខិតចុះថ្ងៃទី ១ ខែធ្នូ លោក ម៉ម ប៊ុនហេង លើកឡើងថា ក្រសួងសុខាភិបាលបានធ្វើការណែនាំក្រើនរំឭកជាបន្តបន្ទាប់ដល់មូលដ្ឋានសុខាភិបាលឯកជន ស្តីពីការគ្រប់គ្រងការប្រកបវិជ្ជាជីវៈក្នុងវិស័យសុខា-ភិបាល។
លោកថា ៖ «ក្រសួងសង្កេតឃើញថា មូលដ្ឋានសុខាភិបាលមួយចំនួនពុំទាន់បានគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្តល់សេវាសុខាភិបាលជូនដល់អ្នកជំងឺនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន»។
លោកបានធ្វើការណែនាំដល់មន្ទីរសុខាភិបាលឱ្យចុះត្រួតពិនិត្យ តាមដាន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះអ្នកផ្តល់សេវាសុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងឡាយណាដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។
ជាមួយគ្នានេះក្រសួងសុខាភិបាល បានរកឃើញថា ករណីស្រី្តរម្លូតកូនខុសបច្ចេកទេស ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ស្ត្រីជាម្តាយគឺបណ្តាលមកពីឆ្មបនៃមន្ទីរសម្រាកព្យាបាលដើមអង្គ្រងមិនបានទទួលការបណ្តុះបណ្ដាលបន្ថែមពីការរម្លូតកូន ហើយឆ្មបរូបនោះត្រូវបានក្រសួងដាក់ទណ្ឌកម្មដោយផ្អាកការប្រកបវិជ្ជាជីវៈឆ្មបជាបណ្តោះអាសន្នរយៈពេល ២ ឆ្នាំ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ៣០ ខែវិច្ឆិកា បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានតាមការចុះផ្សាយក្នុងបណ្ដាញព័ត៌មានសង្គម ស្ដីពីមានហេតុការណ៍រម្លូតគភ៌ក្នុងផ្ទៃស្ត្រីដែលមានឈ្មោះ សឿន ស្រីអូន អាយុ ២២ ឆ្នាំនៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី ២៩ វិច្ឆិកា ភ្លាមៗនោះ ក្រសួងបានចាត់បញ្ជូនក្រុមការងារបច្ចេកទេសរបស់ក្រសួងសហការជាមួយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្រាវជ្រាវករណីកើតហេតុបណ្តាលមកពីការរម្លូតគភ៌ក្នុងផ្ទៃស្ត្រីរូបនេះ។
ក្រសួងបានបន្តថា៖ «ក្រសួងមានការសោកស្តាយជាពន់ពេក នូវហេតុការណ៍រម្លូតកូនក្នុងផ្ទៃអាយុ ១៨ សប្តាហ៍ របស់ស្ត្រីជាម្តាយ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដោយមន្ទីរនេះមានការធ្វេសប្រហែសបានអនុញ្ញាតឱ្យឆ្មបដែលមិនទាន់ទទួលបានការបណ្តុះបណ្ដាលបន្ថែមស្ដីពីការរម្លូតគភ៌នៅឡើយ អនុវត្តខុសបច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការណែនាំបច្ចេកទេស ពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកនិងបទដ្ឋានគតិយុត្តនានារបស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប»។
តាមរយៈការពិនិត្យ និងស្រាវជ្រាវ ក្រសួងក៏បានសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដើម្បីបន្តនីតិវិធីស្រាវជ្រាវនូវហេតុការណ៍ដែលបានកើតឡើងគួរឱ្យសោកស្តាយជាទីបំផុតនេះ។
ជាមួយគ្នានេះ ក្រសួងតម្រូវឱ្យមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន លើបាតុភាពដែលបានកើតមានឡើងមកពីការធ្វេសប្រហែសរបស់ខ្លួន។
ចំពោះករណីឆ្មបដែលបានអនុវត្តការរម្លូតគភ៌ក្នុងផ្ទៃអាយុ ១៨ សប្តាហ៍នោះក្រសួងបានចាត់ឱ្យគណៈវិជ្ជាជីវៈឆ្មប ចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាន់ផងដែរ ដោយអនុលោមតាមច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាលដែលមានជាធរមាន។
ក្រសួងបន្តថា៖ «គណៈវិជ្ជាជីវៈឆ្មបដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន បានស្រាវជ្រាវ និងពិនិត្យលក្ខណៈបច្ចេកទេសឆ្មបយ៉ាងល្អិតល្អន់ហើយបានសម្រេចដាក់ទណ្ឌកម្មខាងវិន័យទៅលើឆ្មបឈ្មោះអ៊ុង ធារិន ដោយផ្អាកការប្រកបវិជ្ជាជីវៈឆ្មបជាបណ្តោះអាសន្ន រយៈពេល ២ ឆ្នាំ»។
អគ្គលេខាធិការរងទី ១ នៃកាកបាទក្រហមកម្ពុជាលោកស្រី ម៉ែន នារីសោភ័គ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាចំនួន ៥ លានរៀលជូនដល់គ្រួសារស្ត្រីរងគ្រោះ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសជួបជាមួយគ្រួសាររងគ្រោះ លោកស្រីបានថ្លែងថា ៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីមួយនេះ សម្តេចមានអារម្មណ៍ក្តុកក្តួល សោកស្តាយ និងក្តីអាណិតអាសូរយ៉ាងក្រៃលែង ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗ ដើម្បីជួយសម្រាលការលំបាកក្នុងពេលព្យាបាល ហើយនឹងចេញថ្លៃព្យាបាលទាំងស្រុង»។
លោកស្រី ក៏បានអំពាវនាវដល់ក្រសួងសុខាភិបាលឱ្យពិនិត្យមើលពីគុណភាពសុខាភិបាលតាមបណ្តាគ្លីនិកនិងពង្រឹងពីសមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌របស់គ្រូពេទ្យដើម្បីផ្តល់ក្តីសង្ឃឹមភាពជឿទុកចិត្ត និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលទៅរកសេវាសុខាភិបាល។
ស្វាមីរបស់ស្ត្រីរងគ្រោះលោក ផេង វឿន អាយុ ២៨ ឆ្នាំបានប្រាប់ពីហេតុការណ៍ដែលបានកើតឡើងថា លោកបាននាំប្រពន្ធទៅឆ្លុះអេកូមើលនៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដើម្បីចង់ដឹងថា ជាកូនប្រុសឬស្រីប៉ុន្តែក្រោយឆ្លុះអេកូរួចហើយ គ្រូពេទ្យប្រាប់ថា កូននោះខូចបាត់ទៅហើយ ដោយសារបេះដូងអត់លោត ហើយគ្រូពេទ្យប្រាប់ឱ្យលោកទៅឆ្លុះអេកូនៅមន្ទីរពេទ្យផ្សេងទៀត ដើម្បីផ្ទៀងផ្ទាត់ហើយលទ្ធផលគឺដូចគ្នា។
ក្រោយមកលោកបាននាំប្រពន្ធមករម្លូតកូន នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដោយសារគ្រូពេទ្យប្រាប់ថាមន្ទីរពេទ្យមានឧបករណ៍គ្រប់គ្រាន់ និងមានក្រុមការងារជំនាញលើការងាររម្លូតនេះ។ «យើងពិភាក្សាជាមួយគ្រូពេទ្យ គាត់ថា ធ្វើឱ្យមួយស្អាត យកកូនលើកទី ១ មិនអីទេ ហើយឱ្យយើងសម្រាកនៅមន្ទីរពេទ្យ ១ យប់ លុះព្រលឹមឡើង យើងចេញទៅផ្ទះវិញធម្មតា។ លុះកន្លងរយៈពេល ១១ ថ្ងៃ ដល់ថ្ងៃណាត់យើងត្រឡប់ទៅមន្ទីរពេទ្យម្តងទៀត ក៏ជួបរឿងរ៉ាវដែលនឹកស្មានមិនដល់ហើយខាងមន្ទីរពេទ្យឆ្លុះអេកូមើលធម្មតា ឃើញកាកសំណល់បន្តិចបន្តួចហើយយកម្តងទៀត»។
លោក ផេង វឿន បន្តថា ៖ «ខ្ញុំឆ្ងល់ថា កាកសំណល់សល់បន្តិចសោះ ហេតុអ្វីពេលយកចេញមកសល់ច្រើនម្ល៉េះហើយទាញសំណល់ច្រើនទៅៗ ក៏មានធ្លាក់សរសៃ ១ ដ៏វែង ខ្ញុំនិងប្រពន្ធក៏សួរថា ស្អីគេវែងម្ល៉េះអ្នកគ្រូ ហើយគ្រូពេទ្យប្រាប់ថា ទងសុកហើយប្រពន្ធខ្ញុំឈឺប្រកាច់លើគ្រែពេទ្យនោះ»។
ប្រពន្ធលោកឈឺចុកខ្លាំងពេក ទ្រាំមិនបានគាត់សុំឱ្យគ្រូពេទ្យចាក់ថ្នាំសន្លប់ ដល់ពេលចុកពេក គ្រូពេទ្យប្រើលោកឱ្យទិញទឹកកកយកមកស្អំ ពេលឡើងមកវិញឃើញឈាមប្រឡាក់ច្រើនហើយមានគ្រូពេទ្យម្នាក់ទៀតឡើងដល់បន្ទប់គាត់ថា អ្នកជំងឺធ្ងន់ធ្ងរទុកអត់បានទេ ទាល់តែបញ្ជូនចេញ។
បច្ចុប្បន្ននេះ ស្ត្រីរងគ្រោះកំពុងត្រូវបានជួយសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យកាល់ម៉ែត និងដោយមានការយកចិត្តទុកដាក់ជួយគាំទ្រដល់ការព្យាបាលទាំងស្រុងពីលោកស្រីប៊ុន រ៉ានី ហ៊ុន សែន៕