រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាលោក ហង់ ជួនណារ៉ុន អំពាវនាវដល់គណៈមេប្រយោគ និងបុគ្គលិកអប់រំទាំងអស់ ចូលរួមគោរពបទប្បញ្ញត្តិដែលក្រសួងបានដាក់ចេញ ដើម្បីធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបានជោគជ័យ និងមានតម្លាភាព។
ការអំពាវនាវនេះធ្វើឡើង ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខិតជិតមកដល់ ពោលនឹងប្រព្រឹត្តឡើងរយៈពេល ២ ថ្ងៃនៅថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ។
តាមរយៈវីដេអូមានរយៈពេលជាង ៣ នាទី ដែលបានបង្ហោះផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី ១ ខែធ្នូ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាលោក ហង់ ជួនណារ៉ុន បានធ្វើការអំពាវនាវដល់អស់លោក លោកស្រី ជាបុគ្គលិកអប់រំ ដែលនឹងចូលរួមជាគណៈមេប្រយោគ និងគណៈកម្មការផ្សេង គោរពតាមបទប្បញ្ញត្តិដែលក្រសួងបានដាក់ចេញ ដើម្បីធានាបាននូវការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រកបដោយជោគជ័យ។
លោកបន្តថា ពិសេសអ្នកចូលរួមទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការ បីកុំ បីការពារ និងបទប្បញ្ញត្តិផ្សេងៗដែលក្រសួងសុខាភិបាលបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
ឆ្លៀតឱកាសនេះ លោកថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសដល់ក្រសួងស្ថាប័នចំនួន ៦ គឺក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គិសនីកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលបានចូលរួមនៅក្នុងការធានាបាននូវការការពារសុខសុវត្ថិភាព ក៏ដូចជាការសម្រួលផ្សេងៗដល់បេក្ខជនដែលនឹងចូលរួមនៅក្នុងការប្រឡងនេះ។
លោកថ្លែងថា៖ «ជាពិសេសគឺការផ្តល់ទីកន្លែងស្នាក់នៅ ការជួយសម្រួលដល់ការផ្ញើកង់ ម៉ូតូ ជួយសម្រួលដល់ការផ្តល់នូវម្ហូបអាហារ ចំណី ក៏ដូចជាការចូលរួមចំណែកនៅក្នុងការធានាបាននូវការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រកបដោយជោគជ័យ និងមានភាពរលូន»។
ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាលោក ណាត ប៊ុនរឿន និង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង កាលពីថ្ងៃទី ១ ខែធ្នូ បានសហការគ្នា ក្នុងការរៀបចំ កិច្ចប្រជុំណែនាំបច្ចេកទេសដល់គណៈមេប្រយោគទូទាំងប្រទេស ប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធានគណៈមេប្រយោគមណ្ឌលសំណេរផងដែរ។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីណែនាំពីបច្ចេកទេស ការផ្តល់នូវអនុសាសន៍សំខាន់ៗ ការណែនាំពីតួនាទី ភារកិច្ច ដល់គណៈមេប្រយោគទាំងអស់សម្រាប់ដំណើរការសំណេរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថាការប្រឡងដំណើរការដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានព្រមទាំងអនុវត្តតាមវិធានការណ៍សុខភាពដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ។
ក្រសួងអប់រំ បានបញ្ជាក់ថា នៅព្រលឹមថ្ងៃទី ២ ខែធ្នូនេះ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្ត រៀងៗខ្លួនជាបណ្តើរៗហើយ ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៥ ខែធ្នូ ២០២២។
ក្រសួងបន្តថា៖ «គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដោយមានការចូលរួមត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩»។
ពាក់ព័ន្ធការប្រឡងនេះ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ កុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្សដែលត្រូវចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិខាងមុខ។
សូមជម្រាបថា បេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៤ នាក់ ស្រី ៦៨ ៧៧១ នាក់ ហើយបេក្ខជនត្រូវបានរៀបចំចំនួន ២៥ នាក់ ក្នុងមួយបន្ទប់។ ក្នុងនោះ មណ្ឌលសំណេរមានចំនួនសរុប ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់៕