សៀមរាបៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា យុវជនរាប់ពាន់នាក់ រាប់ពាន់គ្រួសារ រាប់ពាន់អាជីវកម្មទេសចរណ៍ បានទទួលប្រយោជន៍ដោយផ្ទាល់ពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ដែលទាំងនេះ គឺកើតចេញពីបេះដូង និងទឹកចិត្តសប្បុរសរបស់លោកប៉ូល ឌុយ ប្រ៊ូល និង គ្រួសារ។
លោកថោង ខុនបានថ្លែងបែបនេះ ក្នុងពេលលោកអញ្ជើញចូលរួមពិធីប្រារព្ធខួប ២០ ឆ្នាំនៃការបង្កើតសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល នៅខេត្តសៀមរាប កាលពីថ្ងៃទី ១ ធ្នូ។ នេះបើយោងតាមផេកហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប។
ពិធីប្រារព្ធខួបនេះ ក៏មានវត្តមាន លោក Paul Dubrule ស្ថាបនិករូបករណ៍ នៃសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល លោក ពេជ្រ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ព្រមទាំងសហការី នៃសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូលជាច្រើននាក់។
លោករដ្ឋមន្ត្រីទេសចរណ៍ មានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្ន លោក ប៉ូល ឌុយប្រ៊ូល និងគ្រួសារ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនប្រមាណជាង ៩ លានដុល្លារអាមេរិក និងកៀរគររៃអង្គាសពីសប្បុរសជន បានប្រមាណជាង ៦ លានដុល្លារ សរុបនៃការឧបត្ថម្ភ មានប្រមាណ ១៥ លានដុល្លារ។
លោកថោង ខុនបានកោតសរសើរដល់ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងឈានមុខគេក្នុងតំបន់អាស៊ាន ដែលបានចូលរួមផ្ដល់ការបណ្តុះបណ្តាលតាមស្ដង់ដាអាស៊ាន បានយ៉ាងមានប្រសិទ្ធភាពដល់សិស្សជាង ៦ ពាន់នាក់។
លោកថ្លែងថា ទន្ទឹមនឹងវិធាននានាដាក់ចុះដោយរាជរដ្ឋាភិបាល ដើម្បីចូលរួមដោះស្រាយ ផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធបានអនុវត្តនូវផែនទីចង្អុលផ្លូវ ស្តីពីការស្តារនិងលើកស្ទួយទេសចរណ៍ ក្នុងអំឡុង និងក្រោយ វិបត្តិកូវីដ ១៩ បានយ៉ាងមានប្រសិទ្ធភាព។
ជាក់ស្តែង សម្រាប់រយៈពេល ១០ ខែដើមឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង ១, ៥៧ លាននាក់ កើនឡើង ៨៨១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង ១០,៨៦ លាននាក់ កើនឡើង ក្នុងអត្រា ២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
លោក Paul Dubrule ស្ថាបនិករូបករណ៍ នៃសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល បានលើកពីគោលបំណងនៃកិច្ចប្រជុំ ក្នុងការត្រួតពិនិត្យពីលទ្ធផលនៃការងារអនុវត្តបានក្នុងរយៈពេល ២០ ឆ្នាំមកនេះ ព្រមទាំង ដើម្បីធ្វើការអបអរសាទរខួបលើកទី ២០ នៃការបង្កើតសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ដើម្បីគាំទ្រដល់ការអប់រំ និងការអភិវឌ្ឍយុវជនកម្ពុជា សំខាន់លើការបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញផ្សេងៗ នៅក្នុងវិស័យទេសចរណ៍នៅកម្ពុជា។
ក្នុងនោះដែរ លោក ពេជ្រ សោភ័ណ្ឌរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ដែលបានយកចិត្តទុកដាក់ អនុវត្តការងារកន្លងមក សំខាន់ក្នុងការចូលរួមលើកស្ទួយវិជ្ជាជីវៈទេសចរណ៍ បានល្អប្រសើរ។
លោកពេជ្រ សោភ័ណ្ឌ បានបញ្ជាក់ថា សាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល បានផ្តល់នូវចំណេះដឹង ការងារដល់ជនកម្ពុជា និងបានខិតខំបណ្តុះបណ្តាលក្នុងរយៈពេល ២០ ឆ្នាំមកនេះ ដែលបានជួយដល់យុវជនកម្ពុជាយ៉ាងច្រើនក្នុងការប្រកបរបស់ចិញ្ចឹមក្រុមគ្រួសារ សំខាន់លើការបណ្តុះបណ្តាល វិជ្ជាជីវៈទេសចរណ៍ និង ជំនាញជាច្រើនទៀតក្នុងវិស័យទេសចរណ៍។
លោកបានថ្លែងអំណរគុណ លោក Paul Dubrule និងលោកស្រី ដែលបានបង្កើតនូវសាលាវិជ្ជាជីវៈនេះឡើង ក្នុងការជួយលើវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងសហការីបានខិតខំយកនូវចំណេះដឹងចែករំលែក ធ្វើការបណ្តុះបណ្តាលដល់យុវជនកម្ពុជា សំខាន់បានជួយផ្តល់នូវអាហារូបករណ៍ ដល់សិស្សក្រីក្រ នៅតាមតំបន់ជនបទ តាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា បានមកចូលរៀនវិជ្ជាជីវៈ លើវិស័យសណ្ឋាគារ ទេសចរណ៍ និងជំនាញផ្សេងៗទៀត៕