គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមានបំផ្លាញចោលនូវរាល់មធ្យោបាយដែលដឹកជញ្ជូនឈើមិនមានលិខិតអនុញ្ញាតពីជំនាញត្រឹមត្រូវតាមច្បាប់ និងបានបញ្ជាឱ្យស្រាវជ្រាវបទល្មើសព្រៃឈើ បន្ទាប់ពីការចុះផ្សាយថា បទល្មើសព្រៃឈើកំពុងកើតឡើងយ៉ាងរង្គាលនៅខេត្តមួយចំនួន។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះថ្ងៃទី២ ខែធ្នូ បានលើកឡើងថា ក្នុងអំឡុងពេលថ្មីៗនេះ បានសង្កេតឃើញនៅលើបណ្ដាញព័ត៌មានសង្គម និងបណ្តាញផ្សព្វផ្សាយមួយចំនួនតូច បានធ្វើការផ្សព្វផ្សាយអំពីបទល្មើសព្រៃឈើ ជាពិសេស ពាក់ព័ន្ធនឹងខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តមួយចំនួនទៀត។
សេចក្តីប្រកាសបន្តថា៖ «ព័ត៌មានខ្លះដែលបានផ្ដល់មកឱ្យយើងខ្ញុំ ជាព័ត៌មានពិតឈានដល់ការបង្ក្រាបជាក់ស្ដែងផងដែរ ប៉ុន្តែព័ត៌មានមួយចំនួនទៀតជាព័ត៌មានមិនពិត។ តាមការស្រាវជ្រាវរបស់ជំនាញកងរាជអាវុធហត្ថបង្ហាញថា សារព័ត៌មានខ្លះបានយករូបភាពចាស់ៗ យកឈ្មោះបុគ្គលនេះ ឈ្មោះបុគ្គលនោះ ឬឈ្មោះក្រុមហ៊ុនមកធ្វើការផ្សព្វផ្សាយដែលនាំឱ្យមានការភាន់ច្រឡំ និងខូចកិត្តិយសបុគ្គល ឬក្រុមហ៊ុនដែលប្រកបរបរអាជីវកម្មមានលិខិតអនុញ្ញាតត្រឹមត្រូវ»។
សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា ទោះបីជាយ៉ាងនេះក្តី ប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក សៅ សុខា បានបញ្ជាឱ្យក្រុមការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសធនធានធម្មជាតិនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវករណីដែលសារព័ត៌មានបានចុះផ្សាយថា "បទល្មើសព្រៃឈើ កំពុងកើតយ៉ាងរង្គាល នៅតំបន់ស្នូលព្រៃឡង់ក្នុងស្រុករវៀង ខេត្តព្រះវិហារ...” ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យដដែលបានលើកឡើងថា កម្លាំងស្រាវជ្រាវព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះដល់ទីតាំងក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា បានធ្វើការស្រាវជ្រាវ ពិនិត្យទីតាំងជាក់ស្ដែង ស្តាប់ការបំភ្លឺពីមេភូមិ ពីនាយផ្នែករដ្ឋបាលព្រៃឈើរវៀង ពីនាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង និងត្រួតពិនិត្យឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅភូមិសាស្តនោះ។ ជាលទ្ធផល ពុំមានសកម្មភាពការកៀរគរកម្មករ គោយន្ត និងឈរចាំទិញឈើពីខាងក្រៅអូសចូលក្រុមហ៊ុន ដូចការចុះផ្សាយនោះឡើយ។ ប៉ុន្តែទោះយ៉ាងណា ក្រុមការងារស្រាវជ្រាវព័ត៌មាន រង់ចាំ ទទួលគ្រប់ពេលនូវរាល់ព័ត៌មានពិត ដើម្បីធ្វើការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មព្រៃឈើនេះ»។
តាមរយៈសេចក្តីប្រកាសព័ត៌មានបានសង្កត់ធ្ងន់ថា៖ «ចាប់ពីថ្ងៃប្រកាសព័ត៌មានតទៅ រាល់មធ្យោបាយដែលដឹកជញ្ជូនឈើមិនមានលិខិតអនុញ្ញាតពីជំនាញត្រឹមត្រូវតាមច្បាប់ ត្រូវធ្វើការបំផ្លាញចោល ដើម្បីបំបាត់ឧក្រិដ្ឋកម្មព្រៃឈើ រក្សាបានព្រៃឈើគង់វង្ស»។
ជាមួយគ្នានេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អរគុណចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់ពលរដ្ឋល្អ អ្នកសារព័ត៌មាន ហើយក៏អំពាវនាវបន្តផ្តល់ព័ត៌មានអំពីបទល្មើសព្រៃឈើនេះ ទៅដល់អាជ្ញាធរដែនដី ជំនាញរដ្ឋបាលព្រៃឈើ ជំនាញបរិស្ថាន ជាពិសេស គណៈបញ្ជាការឯកភាព រដ្ឋបាលគ្រប់ជាន់ថ្នាក់។
កាលពីនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២២ កម្លាំងកងរាជអាវុធហត្ថ បានបង្ក្រាបចាប់រថយន្តម៉ាកសាំយ៉ុង កែច្នៃចំនួន ២គ្រឿង ដឹកឈើអារគ្រឿងប្រហែល ១០ម៉ែត្រត្រីគុណ នៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម វត្ថុតាងបានរក្សាទុកនៅសង្កាត់ រដ្ឋបាលព្រៃឈើស្រុកព្រែកប្រសព្វ។ រថយន្តម៉ាកសាំយ៉ុងកែច្នៃចំនួន ២ គ្រឿងខាងលើ នឹងធ្វើការបំផ្ទុះដោយម្សៅ TNT នៅថ្ងៃទី៥ ខែធ្នូ នាពេលខាងមុខនេះ ដើម្បីបំផ្លាញចោលឱ្យរាងចាល៕