ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណរដ្ឋាភិបាល និងក្រសួងសន្តិសុខសាធារណៈឡាវ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន។
លោក ស ខេង ថ្លែងបែបនេះពេលជួបសម្តែងការគួរសមជាមួយលោក អាត់សផានថង ស៊ីផានដូន អភិបាលរដ្ឋធានី វៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប្រទេសកម្ពុជា និង ឡាវ ជាប្រទេសភូមិផងជាមួយគ្នា និងជាប្រទេសមានទំនៀមទម្លាប់ប្រពៃណីប្រហាក់ប្រហែលគ្នា។ ផ្អែកលើទំនាក់ទំនងសហប្រតិបត្តិការជាមួយគ្នាកន្លងមក លោកសង្ឃឹមជឿជាក់ថា ភាគីទាំង ២ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត។
លោកថ្លែងថា៖ «ក្រសួងមហាផ្ទៃ តែងបានផ្ដល់កិច្ចសហប្រតិបត្តិការជាមួយសមភាគីឡាវ យ៉ាងល្អប្រសើរក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរវាងខេត្តជាប់ព្រំដែន ក៏ដូចជា កិច្ចប្រជុំក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងក្រសួង មហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ»។
លោកបន្តថា ភាគីទាំង ២ តែងបានបន្តផ្សារភ្ជាប់ទំនាក់ទំនងទោះបីជាក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏បានជួបប្រជុំជាមួយគ្នាតាមកាលកំណត់ តាមរយៈប្រព័ន្ធវីដអូដែរ។
លោកថ្លែងថា៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែងអំណរគុណរដ្ឋាភិបាល និងក្រសួងសន្តិសុខសាធារណៈឡាវ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន»។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការតាមយន្តការដែលមានស្រាប់ ធ្វើយ៉ាងណាថែរក្សាបរិយាកាសសន្តិសុខបានល្អប្រសើរ សម្រាប់ប្រទេសទាំង ២ រួមចំណែកដល់ការពង្រីកទំនាក់ទំនង និងការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំង២ ពិសេសរវាងពលដ្ឋរស់នៅតាមព្រំដែន។
លោក អាត់សផានថង ស៊ីផានដូន អភិបាលរដ្ឋធានីវៀងចន្ទន៍ ថ្លែងថា លោកពិតជាមានសេចក្ដីរីករាយក្នុងឱកាសបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេស អរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ រាក់ទាក់ពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ។
លោកបានជម្រាប លោក ស ខេង ថា ក្រុងវៀងចន្ទន៍ និងរាជធានីភ្នំពេញ បានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការជាមួយគ្នា តាំងពីឆ្នាំ ២០០៦មក ហើយចាប់តាំងពីពេលនោះមក ភាគីទាំង ២ បានផ្លាស់ប្ដូរទស្សនកិច្ចជាមួយគ្នាទៅវិញទៅមក ជាពិសេស ក្នុងរយៈពេលកន្លងមក ភាគីទាំង២ មានកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរប្រតិភូចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ទៅលើវិស័យអប់រំ និងការអភិវឌ្ឍ។
លោកបានលើកឡើងថា លោកបានឃើញការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើនរបស់រាជធានីភ្នំពេញ ហើយលោកចាត់ទុកថា នេះជាបទពិសោធន៍មួយសម្រាប់រដ្ឋធានី វៀងចន្ទន៍ ធ្វើការផ្លាស់ប្ដូរជាមួយកម្ពុជា ដើម្បីរួមចំណែកយកបទពិសោធន៍នេះ ទៅបន្តអភិវឌ្ឍន៍រដ្ឋធានីវៀងចន្ទន៍៕