ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ ដោយក្នុង១គ្រួសារនឹងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ១០ម៉ឺនរៀល ដើម្បីជួយសម្រួលក្នុងការដោះស្រាយជីវភាព។
សារលិខិតស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណាគ្រួសារងាយរងហានិភ័យ ដែលត្រូវបានកំណត់អត្តសញ្ញាណដោយក្រសួងផែនការ ត្រូវទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ចំនួន ៣លើក។
ការឧបត្ថម្ភនេះបែងចែកទៅតាមកម្រិតតំបន់រួមមាន ការឧបត្ថម្ភនៅរាជធានីភ្នំពេញ ១គ្រួសារទទួលបាន ៩៩ ៩០០ រៀលហើយសមាជិកគ្រួសារនឹងទទួលបានបន្ថែមម្នាក់ៗ ២៨ ០០០រៀលក្រៅពីប្រាក់គោលអាស្រ័យលើសមាជិកគ្រួសារតិចឬច្រើន។ ទីប្រជុំជន ១គ្រួសារទទួលបាន ៨៧ ៣០០រៀលសមាជិកគ្រួសារបន្ថែមម្នាក់ៗ ២៤ ០០០រៀល និងជនបទក្នុង១គ្រួសារទទួលបាន៨១ ៣០០រៀលសមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២០ ០០០រៀល។
កម្មវិធីនេះ ត្រូវអនុវត្តក្នុង១គ្រានៃវិបត្តិដែលការបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភធ្វើឡើងចំនួន ៣លើក ដោយលើកទី១ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លើកទី២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
សារលិខិតបន្តថា ចំពោះគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ នៅក្នុងតំបន់ភូមិសាស្ត្រនៃរាជធានី-ខេត្តមានគោលដៅចំនួន១៦ ដែលត្រូវទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ តាមប្រភេទមុខសញ្ញា។ក្នុង១គ្រួសារទទួលបានថវិកាចំនួន៨ម៉ឺនរៀល ហើយសមាជិកគ្រួសារក្នុងបន្ថែមម្នាក់ ១៦០០០រៀល កុមារអាយុពី០-៥ឆ្នាំ ក្នុងម្នាក់ ១៦០០០រៀល ជនមានពិការភាពក្នុងម្នាក់ ១៦០០០រៀល និងមនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំទៅក្នុង១នាក់ទទួលបាន ១៦០០០រៀល។ កម្មវិធីជំនួយសង្គមដែលផ្តល់ជូនគ្រួសាររងគ្រោះទឹកជំនន់ ត្រូវអនុវត្តការបើកផ្តល់ជូន ១ខែម្តង សម្រាប់រយៈពេល ៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២២ តទៅ។
លោក ហ៊ុន សែន បានណែនាំគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលទទួលបាននូវការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់ឈ្មោះនៅឃុំ សង្កាត់ រួចរាល់ ទៅបើកប្រាក់ឧបត្ថម្ភនៅរៀងរាល់សប្តាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០២២ខែមករា និងកុម្ភៈ ឆ្នាំ២០២៣ នៅតាមបញ្ជរវីងណាមួយ ដែលនៅជិតកន្លែងបងប្អូនរស់នៅ តាមកាលបរិច្ឆេទនីមួយៗ។
សូមជម្រាបជូនថា គ្រួសារដែលទទួលបានការឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ មិនទទួលបានការឧបត្ថម្ភលើកទី១ ពីកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណាបន្ថែមនោះទេ។
ប៉ុន្តែគ្រួសារគោលដៅនេះ នឹងទទួលបានការឧបត្ថម្ភលើកទី២ និងទី៣ ដូចគ្រួសារងាយរងហានិភ័យដទៃទៀត នៅទូទាំងប្រទេស។លោកហ៊ុន សែន លើកឡើងថា មូលហេតុដែលឧបត្ភម្ភដល់គ្រួសាររងគ្រោះដោយទឹកជំនន់បន្ទាប់ពីកម្ពុជាបានជួបប្រទះគ្រោះទឹកជំនន់ធ្ងន់ធ្ងរនាពេលកន្លងទៅដែលប៉ះពាល់ក្នុងតំបន់ភូមិសាស្ត្រមួយចំនួន ក្នុងរាជធានី ខេត្តចំនួន ១៦ រួមមាន រាជធានីភ្នំពេញខេត្តកណ្តាលតាកែវពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំខេត្តក្រចេះកំពង់ឆ្នាំងព្រៃវែងកំពតស្វាយរៀងនិងឧត្តរមានជ័យ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត យល់ថាការដាក់ឱ្យអនុត្តកម្មវិធីនេះគឺជារឿងល្អមួយដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រាជួបការលំបាក ដែលជាគោលនយោបាយគិតគូររបស់រដ្ឋាភិបាលប៉ុន្តែអ្វីដែលសំខាន់ ក្នុងនាមអង្គការសង្គមស៊ីវិលលោកចង់ឃើញ ការផ្តល់ប្រាក់ឧបត្ថម្ភប្រកបដោយតម្លាភាពដោយមិនមានការរើសអើង។
លោក អំ សំអាត បានប្រាប់ថា៖«អ៊ីចឹងពលរដ្ឋរងគ្រោះប្រហាក់ប្រហែលគ្នា ត្រូវតែទទួលបានដូចគ្នា ព្រោះគាត់ជាប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ ទោះបីជាមាននិន្នាការនយោបាយយ៉ាងណាក៏ដោយ»។
លោក ហ៊ុន សែន បញ្ជាក់ថាឆ្លើយតបនឹងស្ថានភាពអូសបន្លាយនៃវិបត្តិកើតចេញពីសម្ពាធអតិផរណា ក៏ដូចជាដើម្បីផ្តល់នូវអន្តរាគមន៍ជំនួយសង្គមដល់គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសរាជរដ្ឋាភិបាលនឹងបន្តអនុវត្តយន្តការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យជាបន្តទៀត។
លោកបន្តថា៖«ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋងាយរងហានិភ័យ ក៏ដូចជាគ្រួសារក្រីក្រដែលកំពុងជួបការលំបាក ពិតប្រាកដដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩គ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងសម្ពាធអតិផរណាខ្ញុំសូមចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការកំណត់អត្តសញ្ញាណ ក៏ដូចជាសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋគោលដៅ ឱ្យទទួលបានប្រាក់ឧបត្ថម្ភទាន់ពេល ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវយុត្តិធម៌ សមធម៌ សុចរិតភាព និងតម្លាភាព តាមការកំណត់របស់រាជរដ្ឋាភិបាល»៕