ភ្នំពេញៈ កម្ពុជានិងស្លូវ៉ាគី បានបង្ហាញពីជំហរការទូតស្របគ្នាច្រើននិងមានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងទ្វេភាគី បន្ទាប់ពីមានជំនួបប្រជុំពិគ្រោះយោបល់លើកទី២រួច ខណៈអ្នកជំនាញយល់ថា ភាគីទាំង២ត្រូវការសំឡេងគាំទ្រគ្នាលើឆាកអន្តរជាតិក្នុងនាមជាប្រទេសតូច នៅចំពោះមុខការប្រណាំងប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាច។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការរបទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងកម្ពុជានិងស្លូវ៉ាគី នៅរដ្ឋធានីប្រាទីស្លាវ៉ាបានបង្ហាញពីជំហរគាំទ្រនិងស្របគ្នាលើបញ្ហាទំនាក់ទំនងការទូត ជាពិសេសបានបង្ហាញពីសុទិដ្ឋិនិយមនៃការទូតប្រទេសរៀងៗខ្លួនមុនជំនួបពិគ្រោះយោបល់ទ្វេភាគីលើកទី៣ នៅរាជធានីភ្នំពេញ នាពេលខាងមុខ។
សេចក្តីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់ថា ភាគីកម្ពុជានិងស្លូវ៉ាគី បានពិភាក្សាគ្នាលើស្ថានភាពបច្ចុប្បន្ននៃការរាតត្បាតជំងឺកូវីដ១៩ សង្គ្រាមនៃផ្នែកខ្លះក្នុងតំបន់អឺរ៉ុប ស្ថានការណ៍នយោបាយ សេដ្ឋកិច្ច និងសង្គមនៃប្រទេសរៀងខ្លួន។
ក្នុងនោះ លោកស្រីអ៊ីនហ្គ្រីត ប្រូកខូវ៉ា រដ្ឋលេខាធិការក្រសួងការបរទេសស្លូវ៉ាគី បានបង្ហាញចំណាប់អារម្មណ៍លើចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការចាក់វ៉ាក់សាំង និងវិធានប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលកូវីដ១៩ កន្លងទៅ និងលោកស្រីបានបង្ហាញក្តីបារម្ភរបស់ស្លូវ៉ាគីចំពោះវិបត្តិវិស័យសន្តិសុខនៅតំបន់អឺរ៉ុបប្រាប់ដល់ភាគីកម្ពុជាផង។
ពីភាគីកម្ពុជាវិញ លោកចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេសកម្ពុជា បានប្រាប់ឱ្យដឹងផងដែរពីកិច្ចការដែលកម្ពុជាបានបំពេញក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»ដែលកម្ពុជាសម្រេចបានជាពិសេស កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញកន្លងទៅ ប្រាប់ទៅដល់ភាគីស្លូវ៉ាគី។
ជាមួយគ្នានេះ លោកស្រី អ៊ីនហ្គ្រីត ប្រូកខូវ៉ា បានលើកឡើងពីវិបត្តិដែលស្លូវ៉ាគីកំពុងប្រឈមតាមរយៈវិបត្តិសង្គ្រាមនៅអ៊ុយក្រែនថា៖ «បច្ចុប្បន្ន ស្លូវ៉ាគីកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័ន និងរំហូរជនភៀសខ្លួនជាបន្តបន្ទាប់»។
ទន្ទឹមនឹងនោះ លោកស្រី បានថ្លែងអំណរគុណដល់ជំហររឹងមាំរបស់កម្ពុជានៅអង្គការសហប្រជាជាតិផងដែរ។
ជុំវិញទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ភាគីទាំង២បានយល់ស្របគ្នាថា ទស្សន:ឥណ្ឌូប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប គួរតែបំពេញបន្ថែមឱ្យទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ ចំពោះការប្រណាំងប្រជែងភូមិសាស្ត្រនយោបាយអន្តរជាតិវិញ ភាគីទាំង២បានយល់ស្របគ្នាថា ការប្រកួតប្រជែងអំណាចបានបញ្ចេញឥទ្ធិពលអវិជ្ជមានមកលើប្រទេសតូចៗដូចជា កម្ពុជា និងស្លូវ៉ាគី។
ក្នុងន័យនេះ ភាគីទាំង២ជឿជាក់ថា វាចាំបាច់ណាស់ក្នុងការគោរពច្បាប់អន្តរជាតិ និងពហុភាគីនិយម ក្រោមឆត្ររបស់ស្ថាប័នអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ អាស៊ាន និងសហភាពអឺរ៉ុប។
ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំង២បានប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយសក្តានុពល តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច រួមទាំងសភាពាណិជ្ជកម្មនៃប្រទេសទាំង២ និងបន្តពង្រីកការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកសេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដាននយោបាយតំបន់ យល់ថា នៅក្នុងបរិបទមួយដែលពិភពលោកកំពុងពើបប្រទះនូវការកើនឡើងការប្រណាំងប្រជែងភូមិសាស្ត្រនយោបាយរវាងប្លុកប្រជាធិបតេយ្យ និងមិនប្រជាធិបតេយ្យនេះ ការធ្វើពិពិធកម្មការទូតរវាងប្រទេសតូចៗ ដូចជាកម្ពុជា និងស្លូវ៉ាគីនេះ គឺជាភាពចាំបាច់មួយមិនអាចខ្វះបានក្នុងការបង្ហាញការគាំទ្រដល់គ្នាលើឆាកអន្តរជាតិ។
លោកថា ជាពិសេសគាំទ្រលើគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេស និងការប្រើកម្លាំងយោធាឈ្លានពានប្រទេសដទៃ ដោយហេតុទាំងស្លូវ៉ាគី និងកម្ពុជា សុទ្ធតែជាប្រទេសដែលធ្លាប់ទទួលរងមេរៀនពីសង្គ្រាមក្នុងអតីតកាល ដោយសារការលូកដៃរបស់ប្រទេសខាងក្រៅ។
លោកសេង វណ្ណលី បានគូសបញ្ជាក់ពីការសម្លឹងឃើញផលប្រយោជន៍ពីការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងស្លូវ៉ាគី ដូច្នេះថា៖ «ក្រៅពីកិច្ចពង្រឹងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគហើយ ខ្ញុំយល់ថា ប្រទេសទាំង២បានមើលឃើញពីសារៈសំខាន់នៃការរួមគ្នាដើម្បីជួយគ្នាទៅវិញទៅមកនៅលើឆាកនយោបាយអន្តរជាតិ ព្រោះជាទូទៅប្រទេសតូចៗនឹងរងគ្រោះនៅខណៈការប្រណាំងប្រជែងភូមិសាស្ត្រនយោបាយកាន់តែផុយស្រួយ»។
សាស្ត្រាចារ្យទំនាក់ទំងអន្តរជាតិរូបនេះ សង្កត់ធ្ងន់ថា ស្លូវ៉ាគីដែលជាសមាជិកថ្មីរបស់សហភាពអឺរ៉ុប កំពុងសម្លឹងមើលការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅតំបន់តាមរយៈយន្តការរបស់សហភាពអឺរ៉ុប ដែលខ្លួនកំពុងសម្លឹងមើលទីផ្សារអាស៊ាន ដែលនាំឱ្យមានការធ្វើពិពិធកម្មលើការដោះដូរពាណិជ្ជកម្ម ការវិនិយោគជាមួយកម្ពុជាជាដើមនេះ ជាការចាំបាច់ ខណៈកម្ពុជាត្រូវការសំឡេងរបស់ស្លូវ៉ាគី ដើម្បីគាំទ្រខ្លួននៅក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុបដូចគ្នា។
សូមបញ្ជាក់ដែរថា នៅដើមខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសកម្ពុជាបានបញ្ជូនគណៈប្រតិភូដែលដឹកនាំដោយលោកចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស ទៅធ្វើជំនូបពិភាក្សាទ្វេភាគីជាលើកទី២ ជាមួយក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវ៉ាគីនៅរដ្ឋធានីប្រាទីស្លាវ៉ា ប្រទេសស្លូវ៉ាគី និងបានបានឯកភាពគ្នាថា កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ នឹងធ្វើឡើងនៅរាជធានីភ្នំពេញនាពេលខាងមុខ៕