ភ្នំពេញៈ នៅតំបន់ការពារធម្មជាតិរបស់កម្ពុជាបច្ចុប្បន្ន មានស្វាព្រាមប្រភេទកម្រជិតផុតពូជ មានច្រើនជាង ៣ ០០០ ក្បាល ដែលចំនួនច្រើននេះហើយ ដោយសារតែកត្តាអំណោយផល ហើយកម្ពុជាត្រូវបានគេដឹងថា នៅមានវត្តមានស្វាព្រាមជាច្រើនបង្គួរទៀត នៅតំបន់ការពារធម្មជាតិ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមការសិក្សា ស្វាព្រាមមានចំនួនច្រើនជាង ៣ ០០០ក្បាល នាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោក មាននិន្នាការថយចុះប្រមាណ ៥០%។
លោកបានបញ្ជាក់ថា៖«វត្ដមានស្វាព្រាមនេះភាគច្រើនមាននៅភាគខាងកើតនៃប្រទេសកម្ពុជា ដូចជា ដែនជម្រកសត្វព្រៃកែវសីមា លំផាត់ និងស្រែពក។ ពួកវាចូលចិត្ដរស់នៅតាមតំបន់ទន្លេ និងព្រែក ដូចជាទន្លេសេកុង និងស្រែពកជាដើម»។
មុខងារ១ក្នុងចំណោមមុខងារផ្សេងៗរបស់ស្វាព្រាមនេះ គឺវាជាសត្វស៊ីផ្លែឈើ ស្លឹកឈើ។ ដូច្នេះវា គឺជាភ្នាក់ងារ១ ក្នុងការនាំគ្រាប់ពូជរុក្ខជាតិ ពី ១កន្លែង ទៅ ១កន្លែង ពីតំបន់១ ទៅ តំបន់១ ដើម្បីអាចឱ្យរុក្ខជាតិ ព្រៃឈើអាចបន្តដុះលូតលាស់បាន។ នេះបើតាមលោកនេត្រ ភក្ត្រា បញ្ជាក់។
ស្វាព្រាម(Trachypithecusgermaini) ឈ្មោះអង់គ្លេស៖ Silvered Langur មានសម្បុរខ្មៅប្រផេះពាសពេញលើដងខ្លួន ហើយផ្ទៃមុខមានពណ៌ខ្មៅគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។ ផ្នែកច្រមុះ និងមាត់មានពណ៌ស-ប្រផេះ។
លោកនេត្រ ភក្ត្រា ឱ្យដឹងថា ស្វាព្រាម មានដុះកញ្ចុំពុកមាត់វែងព័ទ្ធជុំវិញផ្ទៃមុខស្ទើរតែលុបបាត់ត្រចៀក។ កូនស្វាតូចមានពណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃ និងប្រអប់ជើងពណ៌ខ្មៅ និងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់ទេ។
សត្វប្រភេទនេះ ត្រូវបានគេប្រទះឃើញវត្តមាននៅព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងតំបន់ឆ្នេរព្រៃកោងកាង តំបន់ព្រៃលិចទឹក។ ចំណីអាហាររបស់វា មានដូចជា ត្រួយឈើ មើម ផ្លែឈើខ្ចី(ផ្លែកកោះ ត្រសេក) ផ្កា និងសត្វល្អិតផងដែរ។ ស្វាព្រាម ចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។
ដោយឡែក នៅប្រទេសកម្ពុជា ក៏មានប្រភេទស្វាក្តាម ផងដែរ ដែលនៅស្ទើរតែទូទាំងតំបន់នៃប្រទេសនេះ។ នេះបើយោងតាមក្រសួងបរិស្ថាន។
ស្វាក្តាម (Macaca fascicularis ) ឈ្មោះអង់គ្លេស ៖ Common Long-tailed Macaque។ ស្វាក្តាមអាចផ្លាស់ប្តូរពណ៌ពីដំណាក់កាលសំខាន់ៗ ពីពណ៌ប្រផេះលាយត្នោត និងពណ៌ក្រហមភ្លឺ។ ចំពោះការផ្លាស់ប្តូរពណ៌នេះមានការប្រែប្រួលទៅតាមអាយុ ភេទ និងទីតាំងរស់នៅរបស់វា។ ស្វាក្តាមមានកន្ទុយវែងជាងគេក្នុងចំណោមប្រភេទស្វានានានៅទ្វីបអាស៊ី។
ក្រសួងបានលើកឡើងថា ស្វាក្តាមរស់នៅក្នុងតំបន់ព្រៃស្ទើរគ្រប់ប្រភេទ ក្នុងនោះ រួមមាន ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃឫស្សី តំបន់វាលភក់ ព្រៃលិចទឹក ព្រៃកោងកាង ឆ្នេរខ្សាច់ និងតាមឆ្នេរកោះ ជាដើម។ ចំណីរបស់វា រួមមាន ក្តាម បង្កង ខ្យង ខ្ចៅ គ្រំ លៀស ងាវ សត្វល្អិត ផ្លែឈើ និងត្រួយឈើជាដើម។ ប្រភេទនេះមានស្ទើរតែទូទាំងតំបន់នៃប្រទេសកម្ពុជា៕