ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា យូនីសេហ្វ និងដៃគូនានា ចូលរួមសិក្ខាសាលាលើកទី១ដើម្បីដោះស្រាយហានិភ័យបរិស្ថានមកលើសុខភាពដែលកំពុងកើនឡើងចំពោះកុមារ ដែលហានិភ័យទាំងនោះមានដូចជាការបំពុលខ្យល់ ការរងឥទ្ធិពលពីកាកសំណល់ និងសម្ភារដែលមានជាតិពុល និងគ្រោះថ្នាក់សុខភាពពីបរិស្ថាន ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៥ ខែធ្នូ របស់អង្គការយូនីសេហ្វប្រចាំកម្ពុជា បានឱ្យដឹងថា ក្រសួងចំនួន១៨ បានចូលរួមជាមួយដៃគូអភិវឌ្ឍន៍នៅក្នុងសិក្ខាសាលាបច្ចេកទេស១ ដែលបានរៀបចំឡើងនៅក្នុងសប្ដាហ៍មុននៅក្នុងខេត្តកំពង់ចាម ក្រោមការគាំទ្រពីយូនីសេហ្វ។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីចែករំលែកចំណេះដឹង និងផ្ដួចផ្ដើមឲ្យមានវិធានការដើម្បីឆ្លើយតបទៅនឹងហានិភ័យបរិស្ថានមកលើសុខភាពដែលកំពុងកើនឡើងចំពោះកុមារ ដែលហានិភ័យទាំងនេះមានដូចជាការបំពុលខ្យល់ ការរងឥទ្ធិពលពីកាកសំណល់ និងសម្ភារដែលមានជាតិពុល និងគ្រោះថ្នាក់សុខភាពពីបរិស្ថាន ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល លោក កុល ហេរ៉ូ បានថ្លែងក្នុងសិក្ខាសាលានោះថា បរិស្ថាន និងអាកាសធាតុគឺជាបញ្ហាដ៏សំខាន់សម្រាប់រដ្ឋាភិបាល ដោយសារបញ្ហាទាំង២នេះកំពុងតែបង្កនូវផលប៉ះពាល់កាន់តែច្រើនឡើងៗដល់ប្រជាជន និងកុមារ។
លោកថ្លែងថា៖ «សិក្ខាសាលានេះគឺជាជំហានមួយឆ្ពោះទៅមុខដ៏សំខាន់ ដោយបានស្នើសុំដល់ដៃគូនានាឲ្យគិតគូរមែនទែនទៅលើស្ថានភាពនេះ និងកំណត់នូវវិស័យដែលត្រូវការស្រាវជ្រាវបន្ថែមទៀត ដែលចាំបាច់សម្រាប់ការតាក់តែងគោលនយោបាយនៅក្នុងវិស័យនេះ»។
លោកកុល ហេរ៉ូ ថ្លែងថា នៅក្នុងសិក្ខាសាលានោះក៏បានពិភាក្សាអំពីគោលនយោបាយដែលមានស្រាប់ផងដែរ ពាក់ព័ន្ធនឹងបរិស្ថាន និងសុខភាពសាធារណៈ ហើយក៏បានអំពាវនាវដល់ភាគីទាំងអស់ឲ្យធ្វើការរួមគ្នា ដើម្បីបង្កើនចំណេះដឹងស្ដីពីហានិភ័យ សុខភាពបង្កឡើងដោយបរិស្ថាន ក្នុងគោលបំណងតម្រង់ផ្លូវសម្រាប់ការចាត់វិធានការនាពេលខាងមុខ។
ក្នុងសិក្ខាសាលានោះដែរ អង្គការយូនីសេហ្វបានធ្វើបទបង្ហាញអំពីសារៈសំខាន់នៃបរិស្ថានដែលប្រកបដោយសុខភាពសម្រាប់កុមារ និងអំពាវនាវឲ្យមានការយកចិត្តទុកដាក់លើការឈានទៅរកប្រព័ន្ធសុខភាព ការអប់រំ ទឹក និងអនាម័យ ដែលធន់នឹងអាកាសធាតុ។
លោកអានៀរបាន ឆាតឺរជី តំណាងស្តីទីនៃអង្គការយូនីសេហ្វប្រចាំកម្ពុជា ក៏បានថ្លែងថា៖ «សិទ្ធិទទួលបានសុខភាពល្អ និងការអភិវឌ្ឍគឺជាសិទ្ធិមួយក្នុងចំណោមសិទ្ធិមូលដ្ឋានបំផុតរបស់កុមារ»។
លោកបានបន្តថា នៅពេលនេះ ទាំងអស់គ្នាមកជួបជុំគ្នាដើម្បីចែករំលែកចំណេះដឹងទៅលើការកើនឡើងនូវការគំរាមកំហែងនានាមកលើសុខភាពដោយសារបញ្ហាអាកាសធាតុ និងបរិស្ថាន ដែលកុមារកំពុងប្រឈម ហើយទាំងអស់គ្នាបានប្ដេជ្ញាចិត្តថានឹងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។
លោក ឆាតឺរជី ថ្លែងថា៖ «យូនីសេហ្វនឹងបន្តធ្វើការ ដើម្បីធានាថា កុមារគឺជាបេះដូងនៃរាល់ការធ្វើសេចក្ដីសម្រេចចិត្ត ពាក់ព័ន្ធនឹងបញ្ហាសុខភាព-បរិស្ថាន»។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ អង្គការយូនីសេហ្វបានបង្ហាញអំពីការព្យាករណ៍របស់ខ្លួនទៅលើកត្តាហានិភ័យបរិស្ថាន ដែលប៉ះពាល់មកលើកុមារ ដោយដកស្រង់ចេញពីរបាយការស្រាវជ្រាវសកលអំពីការពិតនៃសារធាតុពុល (Toxic Truth Report) ចេញផ្សាយដោយយូនីសេហ្វ និងអង្គការ Pure Earth កាលពីឆ្នាំ២០២០។
របាយការណ៍នេះបានដាក់បញ្ចូលនូវលទ្ធផលរកឃើញដែលថា មានកុមារកម្ពុជាលើសពី៥០% អាចមានកម្រិតលោហៈសំណកើនទ្បើងនៅក្នុងឈាមរបស់ពួកគេ ដែលនេះជាកាតាលីករតម្រូវឲ្យមានវិធានការបន្ថែមដែលនាំឲ្យមានការរៀបចំសិក្ខាសាលានាពេលនេះ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ជាតិលោហៈសំណ គឺជាជាតិពុលសកម្មចំពោះសរសៃប្រសាទ ដែលអាចបណ្ដាលឲ្យខួរក្បាលកុមារមានការខូចខាតមិនអាចស្ដារឡើងវិញបាន នាំឲ្យមានបញ្ហារៀនមិនចេះ មានបញ្ហាសុខភាពផ្លូវចិត្ត និងបញ្ហាអាកប្បកិរិយា រួមទាំងកាត់បន្ថយសក្ដានុពលពេញលេញក្នុងការរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត។ បន្ថែមពីលើការបំពុលដោយជាតិលោហៈសំណនេះ កម្ពុជាក៏មានកម្រិតការបំពុលខ្យល់ចេញពីការរស់នៅតាមផ្ទះ ខ្ពស់បំផុតចំណាត់ថ្នាក់ទី៣នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះផងដែរ។
យោងតាមទិន្នន័យបឋមពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា នាពេលថ្មីៗកន្លងមកនេះ បានឱ្យដឹងថា ប្រទេសកម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់នាទសវត្សរ៍ថ្មីៗនេះ នៅក្នុងការកាត់បន្ថយអត្រាមរណភាពកុមារ។ អត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី ១២៤នាក់ ក្នុងចំណោមកំណើតរស់ចំនួន ១០០០នាក់ នៅក្នុងឆ្នាំ២០០០ មកត្រឹម១៦នាក់ ក្នុងចំណោមកំណើតរស់ចំនួន ១ ០០០នាក់ នៅក្នុងឆ្នាំ២០២១។
ការកាត់បន្ថយហានិភ័យបរិស្ថានមកលើសុខភាព គឺជាការចាំបាច់ណាស់នៅក្នុងពេលនេះ ក្នុងគោលបំណងគាំទ្រការលូតលាស់ និងការអភិវឌ្ឍរបស់កុមារកាន់តែប្រសើរ ដើម្បីឲ្យពួកគេអាចសម្រេចបាននូវសក្ដានុពលពេញលេញរបស់ខ្លួន និងបានទទួលផលពីការអភិវឌ្ឍរបស់ប្រទេស៕