កោះកុងៈ រដ្ឋបាល​ខេត្តកោះកុង​បានជូន​ដំណឹង​ដល់​ប្រជានេសាទ​ទាំងអស់ ​ឱ្យ​បិទ​នេសាទ​ត្រីកាម៉ុង​ក្នុង​ដែនជម្រក​សុវត្ថិភាព​ត្រីកាម៉ុង ​នៅ​ពាមក្រសោប ​ចាប់ពី​ថ្ងៃទី១ ​ខែធ្នូ ​ដល់​ថ្ងៃទី៣១ ​ខែមីនា ​ឆ្នាំ២០២៣។ ​នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្តកោះកុង។

សេចក្តី​ជូនដំណឹង ​នៅ​ថ្ងៃទី៥ ​ខែធ្នូ ​បានឱ្យដឹងថា ​ការធ្វើ​នេសាទ​ត្រីកាម៉ុង ​ក្នុង​ដែនជម្រក​សុវត្ថិភាព​ត្រីកាម៉ុង ​នៅ​ពាមក្រសោប ​ដែល​មាន​ផ្ទៃក្រឡា​ទំហំ​១ ២៨៣ហិកតា ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​ពាមក្រសោប ​ស្រុក​មណ្ឌលសីមា​ និង​ឃុំ​កោះកាពិ ​ស្រុក​កោះកុង ​ត្រូវបាន​ហាមឃាត់​ការនេសាទ​ចាប់ពី​ថ្ងៃទី១ ​ខែធ្នូ ​ឆ្នាំ២០២២ ​ដល់​ថ្ងៃទី៣១​ ខែមីនា ​ឆ្នាំ២០២៣។​

រដ្ឋបាល​ខេត្តកោះកុង ​ប្រាប់​ប្រជាពលរដ្ឋ ​ដែល​ប្រកប​របរ​នេសាទ​ត្រីកាម៉ុង ​ក្នុង​តំបន់​គ្រប់គ្រង​ដែនជម្រក​សុវត្ថិភាព​ត្រីកាម៉ុង​ពាមក្រសោប​ទាំងអស់ ​មេត្តា​បញ្ឈប់​សកម្មភាព​ធ្វើ​ការនេសាទ​ត្រីកាម៉ុង​ជាកំហិត។ ប្រជានេសាទ​ទាំង​អស់ ​នឹង​បន្ត​ធ្វើនេសាទ​ជាធម្មតា​ឡើងវិញ ​នៅ​ពេល​ផុត​រយៈពេល ​នៃ​ការបិទ​ការនេសាទ​នេះ។​

រដ្ឋបាល​ខេត្ត​បញ្ជាក់​ដោយក្តី​សង្ឃឹមថា​៖«បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ប្រកប​របរ​នេសាទ​ទាំងអស់ ​នឹង​ចូល​រួម​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​នេះ ​ដើម្បី​រួមចំណែក​គ្រប់គ្រង​ផល​ស្តុក​ត្រីកាម៉ុង ​ឱ្យមាន​និរន្តរភាព ​ស្របតាម​គោល​នយោ​បាយ​វិស័យ​ជលផល​ជាតិ ​និង​ធានា​បាន​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ដែនជម្រក​សុវត្ថិភាព​ត្រីកាម៉ុង​ឱ្យ​ល្អ​ប្រសើរ»។

រដ្ឋបាល​ខេត្ត​ក៏បាន​ព្រមានថា ​ ក្នុង​ករណី​ប្រជានេសាទ ​មិន​អនុវត្ត​តាម​សេចក្ដី​ជូនដំណឹង​ខាងលើ​នេះ​ទេ ​នឹងត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់​ជាធរមាន។​

អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្តកោះកុង ​លោក ​សុខ សុទ្ធី ​បានប្រាប់​ថា ​ក្នុង​អំឡុងពេល​ដែល​រដ្ឋបាល​ខេត្ត​ប្រកាស​ហាម​ឃាត់​នេះ ​គឺជា​រដូវ​ត្រីកាម៉ុង​បន្ត​ពូជ ​និង​ពង​កូន។

លោក​បញ្ជាក់ថា​៖«ដូច្នេះ​ដើម្បី​រួមចំណែក​ថែរក្សា ​និង​ការពារ​ធនធាន​ជលផល​សមុទ្រ​ឱ្យបាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត​ អ្នកនេសាទ​ទាំងអស់ ​ត្រូវ​ផ្អាក​ជាបណ្ដោះ​អាសន្ន​នូវ​ការនេសាទ​ត្រី​ប្រភេទ​នេះ»។​

លោក​សុខ សុទ្ធី ​បង្ហាញ​ក្តីសង្ឃឹម​ថា ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​ត្រីកាម៉ុង​ទាំងអស់​នឹង​ចូលរួម​អនុវត្ត​តាម​សេចក្ដី​ជូនដំណឹង​នេះ ​ដើម្បី​រួមចំណែក​ថែរក្សា ​និង​ការពារ​ធនធាន​ជលផល​សមុទ្រ​ឱ្យបាន​គង់វង្ស​ទៅ​អនាគត។​

របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី៦ ​ខែមករា​ ឆ្នាំ២០២២​ បានឱ្យដឹង​ថា ​សម្រាប់​ឆ្នាំ២០២១ ​ផល​នេសាទ​សមុទ្រ​មាន ​១២៥ ០០០តោន ​ស្មើនឹង​៩៦,១៥% ​នៃ​ផែនការ​ដែល​មាន​ចំនួន​១៣០ ០០០តោន។ ផល​នេសាទ​សមុទ្រ​កម្ពុជា​នៅ​ឆ្នាំ២០២១ ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០២០​ មាន​ការកើន​ឡើង​២ ៣០០តោន៕

វីដេអូ៖