សៀមរាបៈ ការប្រារព្ធពិធីរំឭកគុណអង្គររយៈពេល ៣ ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ នឹងមានពិធីរាប់បាតព្រះសង្ឃចំនួន ១៣០ អង្គបន្ទាប់ពីកម្មវិធីបួងសួង និងមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណជាច្រើនទៀត។
លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា តាមការគ្រោងទុកពិធីរំឭកគុណអង្គរ ចំនួន ៣ ថ្ងៃ នេះ ដោយចាប់ផ្តើមនៅព្រឹកថ្ងៃទី ១៤ មានពិធីបួងសួងព្រឹត្តិការណ៍រំឭកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិ ក៏នឹងចូលរួមផងដែរ។
លោកបញ្ជាក់ថា៖ «នៅព្រឹកថ្ងៃដំបូងនោះដែរ បន្ទាប់ពីកម្មវិធីបួងសួងក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន ១៣០ អង្គផងដែរ។ នៅថ្ងៃបន្តបន្ទាប់ក៏មាននូវទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនា ការតាំងពិព័រណ៍ពីសមិទ្ធផលការងាររយ:ពេល ៣០ ឆ្នាំកន្លងមក ស្នាដៃសិល្បៈដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លង ព្រមទាំងការចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម»។
រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាពទាំងអស់ នឹងបើកជាសាធារណៈឱ្យសាធារណជនចូលទស្សនាដោយពុំមានបង់ប្រាក់ឡើយ។ ព្រឹតិ្តការណ៍រំឭកគុណអង្គររៀបចំឡើងក្នុងគោលបំណងដើម្បីរំឭកគុណអង្គរគឺព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងតំបន់អង្គរ៕